ភ្នំពេញៈ កុនដែលដឹកនាំការសម្តែង និងដាក់ទុកដំបូងរបស់តារាកំប្លែងល្បីប្រចាំទូរទស្សន៍ស៊ីធីអ៊ិនគឺ នាយ គ្រឿន រឿង «ជួបស៊យ» កំពុងតែចាក់បញ្ចាំងតាមរោងកុនទំនើបៗនានាយ៉ាងគគ្រឹកគគ្រេង និងទទួលបានការគាំទ្រដោយការនិយាយថា ល្អមើល កំប្លែងសើចសប្បាយធូរអារម្មណ៍គឺចាយលុយទិញសំបុត្រទស្សនាមិនខកបំណងនោះ ក៏លេចឮថា មានអ្នកទស្សនាខ្លះឆ្លៀតឱកាសយកកេងចំណេញផ្សាយវីដេអូផ្ទាល់ (Live Video ) ចេញពីរោងកុនទៅក្រៅចែកមិត្តភក្តិខ្លួនបានមើលមិនបាច់អស់ប្រាក់ទិញសំបុត្រ។
ដំណឹង Live Video នេះ ក៏បង្កឲ្យមជ្ឈដ្ឋានមហាជនភាគច្រើនមានការរិះគន់ និងសម្តែងការហួសចិត្តចំពោះភាពមិនសមរម្យខ្វះការពិចារណានេះផងដែរ សូម្បីតារាសម្តែងស្រីអ្នកមេម៉ាយ ចាយរាងមានរូបឆោមលោមល្អក្រមុំមិនដូរ អ្នកនាង សុខ សោម៉ាវត្តី ក៏ទ្រាំលែងបានហើយទម្លាយសារតាមហ្វេសប៊ុកខ្លួនបង្ហាញពីអារម្មណ៍សោកស្តាយផងដែរ។
តារាសម្ដែង និងពិធីការិនី ស្រីស្រស់សម្រស់ផូរផង់ និងនៅខ្ញង់មិនចាញ់ក្រមុំ អ្នកនាង សុខ សោម៉ាវត្តី បានសរសេរសារមួយឃ្លាថា៖ «អរគុណដែលស្រលាញ់កុនខ្មែរដល់ថ្នាក់ចូលមើលហើយលួច Live Video ទៀត …..ចង់សួរថាអត់មានអាណិតអ្នកផលិត អ្នកចាយលុយទេ ឬក៏អី ? គួរនិយាយបែបណាឲ្យសមនឹងចិត្តដែលឃើញរឿងគួរឲ្យស្អប់បែបនេះ ? ជួយ Share ឲ្យអ្នក Live រឿងជួបស៊យឃើញផង ដើម្បីឲ្យគាត់ពិចារណាថាអ្វីដែលគាត់ធ្វើខុស ឬត្រូវ »។
វណ្ណកម្មដឹកនាំសម្ដែងរឿង ជាលើកដំបូងរបស់តារាកំប្លែង នាយ គ្រឿន មានចំណងជើងថា «ជួបស៊យ» នៃផលិតកម្ម LD Picture បានបើកសម្ពោធយ៉ាងអធិកអធម នាល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧នេះ នៅរោងភាពយន្ត Legend ផ្សារស្ទឹងមានជ័យថ្មី ដោយមានវត្តមានតារាសម្ដែងចាស់ថ្មី និងតារាចម្រៀង ព្រមទាំងទស្សនិកជន យ៉ាងច្រើនកុះករចួលរួម។ ចំណែកតារាសម្ដែងល្បីៗមានដូចជា នាយ គ្រឿន, នាយ ពែកមី , លោក ទេព រិនដារ៉ូ, អ្នកនាង ប៉ែន សុផានី , លោក ងួន សុបិន, កញ្ញា សាឡាត់ ស្រីឡាង, កញ្ញា គៀត សុវណ្ណាឡាង, លោក ជា សុវណ្ណារាហ៍ និងតារាសម្ដែងប្រុសស្រីជាច្រើនរូបទៀត៕