ក្លិប Watford បានប្រកាសពីការចុះហត្ថលេខាជាមួយនឹងខ្សែបម្រើអន្តរជាតិអង់គ្លេសអាយុក្រោម21ឆ្នាំ Will Hughes មកពីក្លិប Derby County ក្នុងតម្លៃខ្លួនបិទជិតមួយ ដែលត្រូវបានគេជឿជាក់ថា មានចំនួនប្រមាណជា8លានផោន (ស្មើនឹង10.2លានដុល្លារអាមេរិក)។
កីឡាករវ័យ 21ឆ្នាំរូបនេះ ដែលបច្ចុប្បន្នកំពុងតែបំពេញកាតព្វកិច្ចសម្រាប់យុទ្ធនាការ European Championship អាយុក្រោម 21ឆ្នាំរបស់អង់គ្លេសនោះ បានចុះហត្ថលេខាលើកុងត្រារយៈពេល 5ឆ្នាំនៅឯកីឡដ្ឋាន Vicarage Road។ ការផ្ទេរទៅកាន់ក្រុមរបស់លោក Marco Silva នឹងបំពេញក្តីសុបិនដ៏យូរអង្វែងមួយសម្រាប់ Hughes ខណៈដែលរូបគេពិតជាចង់លេងក្នុងក្របខ័ណ្ឌ Premier League ចាប់តាំងពីរូបគេបានបង្ហាញខ្លួនជាលើកទី1របស់គេក្នុងក្លិប Derby ក្នុងវ័យ 16ឆ្នាំ។
ក្រោយពីបានបង្ហាញខ្លួន 187លើកសម្រាប់ក្លិប Derby County ខ្សែបម្រើ Hughes ត្រូវបានផ្តល់ឱកាសឲ្យធ្វើការបង្ហាញពីសមត្ថភាពរបស់គេក្នុងក្លិប Watford។ Watford បានបញ្ជាក់ថា ខ្សែបម្រើរូបនេះ នឹងបំពេញការផ្ទេររបស់គេ ក្រោយពីវិលត្រឡប់មកពីប្រទេសប៉ូឡូញវិញ ខណៈដែលក្រុមជម្រើសជាតិអង់គ្លេសអាយុក្រោម 21ឆ្នាំ បានកក់កៅអីរបស់ពួកគេរួចជាស្រេចទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
Hughes គឺជាកីឡាករចំណូលថ្មីដំបូងគេដែលត្រូវបានប្រកាសដោយក្លិប Watford ចាប់តាំងពីលោក Silva បានចូលកាន់តំណែងកាលពីរដូវកាលមុន៕
ប្រភពពី៖ The Guardian