ប្រិយមិត្តជាច្រើនពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន អ្នកនិពន្ធ និងជាអ្នកដឹកនាំសម្ដែងដ៏ល្បីម្នាក់ឈ្មោះ សុខ ជំនោរ។ ដោយឡែកនៅព្រឹកថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០១៩នេះ លោកទើបទទួលបានដំណឹងល្អមួយ ដោយភរិយារបស់លោក បានសម្រាលកូនស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់។
ក្នុងនោះ លោកក៏បានភ្ជាប់សារបញ្ជាក់ផងដែរថា “សុខលាភពិមាន ម៉ោង៥:៣០ព្រឹក ៤កើត ខែស្រាពណ៍ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃអាទិត្យ ទី០៤ ខែសីហា ឆ្នាំ២០១៩ (កូនទម្ងន់១.៩គីឡូ) ”។ លោកក៏បានបន្ថែមទៀតថា “សូមគោរពថ្លែងអំណរគុណចំពោះញាតិមិត្ត ក្រុមការងារ មិត្តភក្តិ សាច់ញាតិ និងមិត្តភក្តិរាប់អានក្នុងបណ្តាញសង្គមដែលបានចូលរួមអបអរសាទរ និងជូនពរដល់ភរិយាខ្ញុំ។ ពួកយើងខ្ញុំទទួលបានកូនស្រី ព្រមព្រៀងដាក់នាមថា សុខ លាភពិមាន។ ខណៈនេះ ទាំងម្តាយទាំងកូនមានសុខភាពល្អជាប្រក្រតី។ សូមអរគុណ និងសូមមានសុខភាពល្អ សុភមង្គលគ្រប់ៗគ្រួសារ។ យ៉ាងខ្លីគឺល្អណាស់កូនស្រី ដែលមុខកាត់រកម៉ាក់ មិនកាត់រកប៉ាសូម្បីតែសម្បុរ”។
គួររំឭកថាមង្គលការរបស់កវី សុខ ជំនោរ ជាមួយកូនប្រមុំដ៏ស្រស់សោភា ឈ្មោះ ស្រី សុរង្សី បានធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ អគារ F ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បានប្រព្រឹត្តិទៅយ៉ាងអធិកអធម ដែលធ្វើឱ្យកូនកម្លោះកូនក្រមុំត្រេកអរញញឹមបិតមាត់មិនជិតឡើយ។ យ៉ាងណាមិញ ថ្មីៗនេះផងដែរ លោក សុខ ជំនោរ ក៏មានដំណឹងល្អមួយទៀត ដោយបានផ្លាស់ប្តូរមុខមាត់ថ្មី ឡើងងារជាឯកឧត្តម ដែលមានមុខតំណែងជាទីប្រឹក្សាក្រសួងព័ត៌មាផងដែរ៕