រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ឱ្យដឹងថា ចំនួនបុព្វលាភក្រុមហ៊ុនធានារ៉ាប់រងនៅកម្ពុជា មានការរីកធំធាត់យ៉ាងឆាប់រហ័ស ដោយមានបុព្វលាភធានារ៉ាប់រងដុលសរុប35% ជាមធ្យមក្នុង1ឆ្នាំ ហើយរយៈពេល 5ឆ្នាំចុងក្រោយនេះ កើនឡើងដល់ 196,4លានដុល្លារក្នុងឆ្នាំ2018។
លោកជំទាវ ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបញ្ជាក់ថា បុព្វលាភក្រុមហ៊ុនធានារ៉ាប់រងកម្ពុជា ត្រូវបានព្យាករថា កើនឡើងដល់260លានដុល្លារនៅចុងឆ្នាំនេះ។ លោកជំទាវក៏បានបញ្ជាក់ផងដែរថា ជាមួយកំណើនទីផ្សារក្នុងឆ្នាំ2018នេះ គ្រឹះស្ថានធានារ៉ាប់រងទាំងអស់បានបង្កើតការងារពេញម៉ោង 3ពាន់កន្លែង និងការងារក្រៅម៉ោង 9ពាន់កន្លែង។
ការលើកឡើងបែបនេះ របស់លោកជំទាវរដ្ឋលេខាធិការធ្វើឡើងក្នុងឱកាសដែលលោកជំទាវអញ្ជើញចូលរួមក្នុងកម្មវិធី “ទិវាធានារ៉ាប់រងលើកទី1” រៀបចំឡើងកាលថ្ងៃទី25 ខែកក្កដា ឆ្នាំ2019 ក្រោមការចូលរួមពីឯកឧត្តមអគ្គបណ្ឌិត-សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងភ្ញៀវកិត្តិយសជាច្រើនទៀត។
ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានឱ្យដឹងថា៖ “ខ្ញុំពិតជាមានសេចក្តីរីករាយ ដោយបានឃើញថា វិស័យធានារ៉ាប់រងបាន និងកំពុងបន្តរីកចម្រើនទៅមុខគួរជាទីមោទនៈជាមួយនឹងការបោះជំហានទៅមុខប្រកបដោយភាពរឹងមាំ។ នេះគឺជាសក្ខីកម្មមួយបង្ហាញយ៉ាងច្បាស់នូវទំនាក់ទំនងនៃការបែងចែកផ្លែផ្កានៃការរីកចម្រើនរបស់សេដ្ឋកិច្ចជាតិជាមួយការអភិវឌ្ឍនៃវិស័យធានារ៉ាប់រង”។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានបញ្ជាក់ថា៖“វិស័យធានារ៉ាប់រងកំពុងក្លាយជាសសរស្តម្ភមួយទៀតនៃវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ហើយវិស័យនេះកំពុងជំរុញឱ្យមានការរីកចម្រើនលើវិស័យជាច្រើនផ្សេងទៀត។ ជាក់ស្តែងបុព្វលាភធានារ៉ាប់រងអាចត្រូវបានប្រើប្រាស់ជាមូលនិធិសន្សំក្នុងប្រព័ន្ធធនាគារ ឬអាចជាមូលនិធិវិនិយោគលើទីផ្សារមូលធន និងការវិនិយោគផ្សេងទៀតជាដើម”។
លោកជំទាវ ងួន សុខា បានឱ្យដឹងដែរថា“ជាមួយកំណើននៃការរីកធំធាត់នៃវិស័យធានារ៉ាប់រងនៅកម្ពុជានេះក៏ឃើញថា មានក្រុមហ៊ុនធានារ៉ាប់រងចំនួន31ក្រុមហ៊ុន ដោយក្នុងនោះ 13ក្រុមហ៊ុន ជាក្រុមហ៊ុនធានារ៉ាប់រងទូទៅ 11ក្រុមហ៊ុនជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និង 7ក្រុមហ៊ុនជាក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច។ ក្នុងនោះក៏មានក្រុមហ៊ុនធានារ៉ាប់រងបន្ដចំនួន1 ប្រតិបត្តិករសុខភាពចំនួន3 ក្រុមហ៊ុនវាយតម្លៃហានិភ័យធានារ៉ាប់រងចំនួន3 ក្រុមហ៊ុនជើងសាធានារ៉ាប់រងចំនួន16 និងក្រុមហ៊ុនភ្នាក់ងារធានារ៉ាប់រងចំនួន22”។
លោកជំទាវបន្ថែមថា ក្រុមហ៊ុនទាំងអស់មានគ្រប់ប្រភេទ ទាំងក្រុមហ៊ុនបរទេស100% និងក្រុមហ៊ុនក្នុងស្រុក100% និងក្រុមហ៊ុនចម្រុះ។ ក្រុមហ៊ុនធានារ៉ាប់រងទាំងអស់មានទ្រព្យសកម្ម 427,3លានដុល្លារអាមេរិក និងមូលនិធិភាគហ៊ុនិកចំនួន 243.9លានដុល្លារអាមេរិកក្នុងឆ្នាំ2018។
លោកជំទាវ ងួន សុខា បញ្ជាក់ថា សម្រាប់ឆ្នាំ2018 ទីផ្សារធានារ៉ាប់រងកម្ពុជាបានធានាហានិភ័យ (Sum Insured) ចំនួន 218ប៊ីលានដុល្លារអាមេរិកក្នុងបណ្ណសន្យារ៉ាប់រងចំនួន 2.7លានប័ណ្ណ ក្នុងនោះប័ណ្ណសន្យារ៉ាប់រងទូទៅចំនួន 132ពាន់ប័ណ្ណ ប័ណ្ណ-សន្យារ៉ាប់រងអាយុជីវិត 383ពាន់ប័ណ្ណ និង 2.2លានប័ណ្ណសន្យារ៉ាប់រងខ្នាតតូច។
ក្នុងការធានាហានិភ័យទាំងអស់នេះ ក្រុមហ៊ុនធានារ៉ាប់រងបានរៀបចំបង្កើតផលិតផលធានារ៉ាប់រងគ្រប់ប្រភេទ សម្រាប់អតិថិជនមានដូចជា៖ ផលិតផលធានារ៉ាប់រងលើទ្រព្យសម្បត្តិ អគ្គិភ័យ ផលិតផល ;ធានារ៉ាប់រងវិស្វកម្ម ផលិតផលធានារ៉ាប់រង ការដឹកជញ្ជូនទំនិញ ផលិតផលធានារ៉ាប់រងយានយន្តផលិតផលធានារ៉ាប់រងសុខភាព ផលិតផលធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល ផលិតផលធានារ៉ាប់រងអាយុជីវិតមានកាលកំណត់ ផលិតផលធានារ៉ាប់រងអាយុជីវិតមួយជីវិតកាលជាដើម។
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ដែរថា៖“ទន្ទឹមនេះវិស័យធានារ៉ាប់រងបានចូលរួមចំណែកក្នុងការកសាងភាពស៊ាំ ដើម្បីទប់ទល់នឹងវិបត្តិ បណ្តាលមកពីគ្រោះមហន្តរាយ ពិសេសគ្រោះធម្មជាតិដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុនេះ កំពុងក្លាយជាប្រធានបទដ៏សំខាន់ ;សម្រាប់តំបន់ និងពិភពលោក។ ប្រទេសកម្ពុជាជាសមាជិកស្ថាបនិករបស់គម្រោងគ្រប់គ្រង គ្រោះមហន្ដរាយនៅអាស៊ីអាគ្នេយ៍ ដែលគម្រោងនេះត្រូវបានគាំទ្រ ដោយប្រទេសជប៉ុន និងធនាគារពិភពលោក”។
លោក យក់ ចំរើនឬទ្ធិ អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រង ហ្វ័រតេ បានមានប្រសាសន៍ប្រាប់ឡារ៉ែនពាណិជ្ជថា៖“ការរៀបចំកម្មវិធី “ទិវាធានារ៉ាប់រងលើកទី1”នេះ គឺជាការផ្តួចផ្តើមថ្មីមួយដែលបណ្តាប្រទេសមួយចំនួនក៏គេធ្លាប់ធ្វើដែរ ដើម្បីទាក់ទាញទីផ្សារធានារ៉ាប់រង ទាក់ទាញចំណាប់អារម្មណ៍ពីប្រជាពលរដ្ឋឱ្យដឹងថា យើងមានធានារ៉ាប់រង យើងមានការគ្រប់គ្រងច្បាស់លាស់ និងផ្តល់ទំនុកចិត្តទៅដល់ទីផ្សារធានារ៉ាប់រង ពិសេសទៅដល់ពលរដ្ឋដែលចង់ប្រើសេវាធានារ៉ាប់រង”។
លោក អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រង ហ្វ័រតេ បានបញ្ជាក់ឱ្យដឹងថា៖“ក្នុងគោលបំណងដ៏ពិសេសនោះ គឺទី1-ចង់បញ្ជាក់ថា ទីផ្សារធានារ៉ាប់រងត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ថែបំប៉ន។ ទី2-គឺជាអត្ថន័យសម្រាប់ក្រុមហ៊ុនធានារ៉ាប់រងទាំងអស់រួមគ្នា ដើម្បីផ្លាស់ប្តូរយោបល់គ្នាដាក់តាំងបង្ហាញផលិតផលធានារ៉ាប់រងដែលកន្លងមកពុំដែលបានធ្វើរួមគ្នាទេ ដូច្នេះគឺធ្វើឱ្យប្រជាជនយល់កាន់តែច្បាស់ដែលយើងចង់ធ្វើឱ្យវិស័យធានារ៉ាបរងនេះត្រូវបានទទួលចំណាប់អារម្មណ៍កាន់តែខ្លាំង”។
លោក យក់ ចំរើនឬទ្ធិ អគ្គនាយកក្រុមហ៊ុនហ្វ័រតេបានបញ្ជាក់ឱ្យដឹងទៀតថា៖“ខ្ញុំគិតថាក្នុងពេលកន្លងមកនេះ បើយើងថាប្រជាពលរដ្ឋមានការយល់ដឹងពីសេវាធានារ៉ាប់រងនេះឱ្យទូលំទូលាយពេក ក៏មិនមែនដែរ តែការទទួលយកសេវានេះ គឺឃើញថាមានការកើនឡើង ដោយសារតែការប្រតិបត្តិការកន្លងមករបស់វិស័យធានារ៉ាប់រងបានធ្វើឱ្យប្រជាពលរដ្ឋបានយល់ដឹងពីមុខរបរធានារ៉ាប់រង និងទីផ្សាររបស់វា ដែលជាតឹកតាងនោះ គឺយើងទទួលបានកំណើនបុព្វលាភធានារ៉ាប់រងនៅកម្ពុជាមានការរីកធំធាត់រហូតដល់ជិត 200លានដុល្លារ និងបានធ្វើការព្យាករថា នៅដំណាច់ឆ្នាំ និងកើនដល់ 260លានដុល្លារ ដែលយើងឃើញថា ទីផ្សារធានារ៉ាប់រងយើងមានការ-រីកចម្រើនខ្លាំង”៕