ចម្រៀងបាន មុនីលក្ខ័ ខណៈកាន់តែមានប្រជាប្រិយភាព ពេលនេះមានឱកាសចេញទៅច្រៀងនៅបរទេសសាជាថ្មី ។ នេះជាដំណើរលើកទី២បន្ទាប់ពីប្រទេសកូរ៉េ ។ តារាចម្រៀងសំនៀងក្រអួនស្រស់សោភារូបនេះ ត្រូវបានជ្រើសរើសជាតារាចម្រៀងតំណាងពីកម្ពុជាដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីទ្រង់ទ្រាយធំមួយនៅដើមខែសីហានេះ ។ នាងបានសាកល្បង សមភ្លេងរួមគ្នាអបដោយបទចម្រៀងថ្មីផ្ទាល់ខ្លួនដ៏ទាក់ទាក់ និងការច្រៀងរួមគ្នាជាមួយតារាចម្រៀងថៃបានយ៉ាងល្អរហូតផលិតករនៃកម្មវិធីនេះសរសើរមិនដាច់ពីមាត់ ។
មានបទចម្រៀងប្រមាណ៤បទដែលតារាចម្រៀងបាន មុនីល័ក្ខនឹងច្រៀងក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តីដែលមានតារាចម្រៀងតំណាងមកពីប្រទេសក្នុងតំបន់អាស៊ាន និងចិនចូលរួម ។ ក្នុងនោះបទចម្រៀងខ្មែរថ្មីចំនួន២បទគឺបទ “I am me” និងបទ”ពេញចិត្តនូវអ្វីដែលយើងមាន” ដែលជាបទនិពន្ធថ្មីអមដោយសំឡេងតន្ត្រីលាយបញ្ចូលគ្នារវាងឧបករណ៍តន្ត្រីបុរាណខ្មែរ និងតន្ត្រីសម័យ យ៉ាងពិរោះរណ្តំ ។ តាមការបញ្ជាក់របស់តារាស្រីរូបនេះ បានលើកឡើងថាផលិករនៃព្រះរាជាណាចក្រថៃ មានការពេញចិត្ត និងភ្ញាក់ផ្អើលជាខ្លាំងសម្រាប់បទចម្រៀងថ្មីដ៏មានអត្ថន័យរបស់តារាស្រីរូបនេះ ។
នាងបន្តថា អ្វីដែលកាន់តែពេញចិត្ត និងសរសើរមិនដាច់ពីមាត់គឺក្រោយពី តារាចម្រៀងតំណាងពីកម្ពុជារូបនេះបានហ្វឹកហាត់សមឆាកដំបូងនូវបទចម្រៀងល្បីប្រចាំប្រទេសថៃមួយបទមានចំណងជើងថា”ចាកចេញពីស្រុកឲ្យនាងនៅតែម្នាក់ឯង” ដែលបទចម្រៀងនេះនាងនឹងច្រៀងរួមជាមួយតារាចម្រៀងថៃល្បីឈ្មោះលោក Tachaya Pratumwan ។ ក្រៅពីនេះនាងនឹងច្រៀងរួមជាមួយតារាចម្រៀងមកពីបណ្តាប្រទេសអាស៊ាន និងចិន នូវបទចម្រៀងជាភាសាអង់គ្លេសគឺបទ”Advancing Together As One” ៕