លោក សន សុវណ្ណារ៉ា ត្រូវបានគេស្គាល់ថា ជាពិធីករដ៏មានទេពកោសល្យ និងជាអ្នកចាត់ចែងកម្មវិធីកម្សាន្តនានា ដូចជា ការប្រគុំតន្ត្រីឯកជន ពិធីជប់លៀងតាមមង្គលការ តាមក្រុមហ៊ុនដែលមានសមាជិកប្រុសស្រីរង់ចាំធ្វើបដិសណ្ឋាកិច្ចជូនអ្នកមុខអ្នកការមិនឲ្យទាស់ចិត្តឡើយ។ ដោយមានទំនុកចិត្តលោករមែងត្រូវបានគេផ្តល់ការងារឲ្យក្នុងកម្មវិធីលំដាប់ៗធ្វើឲ្យគេស្គាល់លោកពិតជាភ្ញាក់ផ្អើល។
ដោយឡែកកាលពីពេលថ្មីៗ គេបានឃើញវត្តមានពិធីករសម្បូរវោហាសព្ទរូបនេះ និងមិត្តសិល្បៈប៉ុន្មានអ្នកទៀត លេចមុខនៅទឹកដីអង្គរខេត្តសៀមរាប ក្នុងបរិវេនប្រាសាទព្រះខ័ន ប្រាសាទភិមានអាកាស និងលានជលដំរី។ តាមបណ្តាញទំនាក់ទំនងហេ្វសប៊ុកថ្មីៗនេះ ពិធីករ និងជានាយកក្រុមហ៊ុន RA Group រូបនេះរៀបរាប់យ៉ាងដូច្នេះថា “ខ្ញុំ និងសិល្បករ៣នាក់ទៀតមកសៀមរាប ទឹកដីអង្គរអច្ឆរិយនេះ គឺដើម្បីធ្វើការស្រាវជ្រាវ និងស្វែងយល់ពីគ្រឿងរណ្តាប់របស់ស្តេច និងអង្គទ្រង់មុនៗដែលបន្សល់ទុកតាមប្រាង្គប្រាសាទនានា ដែលភាគច្រើនកប់នៅតាមប្រាង្គប្រាសាទផ្សេងៗ ហើយពុំដែលមានគេចាប់អារម្មណ៍។ បន្ទាប់ពីស្រាវជ្រាវរួច ពួកខ្ញុំនឹងយកគ្រឿងរណ្តាប់ដែលកប់តាមចម្លាក់បុរាណទាំងនេះ ទៅផលិតឡើងវិញ ឲ្យកូនខ្មែរជំនាន់ក្រោយ និងសាធារណជនទូទៅ ដឹងថាខ្មែរយើងនៅមានក្បាច់រចនា និងចម្លាក់ជាច្រើនទៀតជាប់ប្រាសាទ ដែលតម្រូវឲ្យកូនខ្មែរជំនាន់ក្រោយដូចពួកយើងទៅសិក្សាស្រាវជ្រាវផ្ទាល់ដល់ប្រាង្គប្រាសាទ” នេះហើយជាហេតុផលចម្បងដែលពូកខ្ញុំមកទីនេះ។
ក្នុងនោះវត្តមានសិល្បករដែលបានចុះទៅធ្វើការស្រាវជ្រាវផ្ទាល់ដល់ទឹកដីអង្គររួមមាន៖ លោក សន សុវណ្ណារ៉ា លោក ខេង វ៉ាន់ថាត់ លោក ឌួង តារាផាឌីន និងលោក អ៊ី សុខជា អ្នកច្នៃម៉ូតសម្លៀកបំពាក់បុរាណ។ ចង់ដឹងថា ពិធីករ សុវណ្ណារ៉ា និងសិល្បករដ៏ទៃទៀតបានធ្វើសកម្មភាពអ្វីខ្លះទៅនោះ សូមទស្សនារូបភាពទាំងអស់គ្នា៖