ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងបញ្ជាក់អំពី “ស្ថានភាពវិស័យអចលនទ្រព្យរបស់កម្ពុជា” ពិសេសកំណើននៃការវិនិយោគលើដីទំនេរដែលនៅតែមានផលចំណូលគួរឱ្យកត់សម្គាល់។
លោក ច្រឹក សុខនីម បានឱ្យដឹងថា៖ “សម្រាប់វិស័យដីធ្លី ឬដីទំនេរនៅក្នុងប្រទេសកម្ពុជាយើងមានសក្តានុពលច្រើនណាស់ ហើយក៏អាចរកចំណូលបានប្រាក់ច្រើនដែរពាក់ព័ន្ធនឹងការវិនិយោគពីវិស័យដីធ្លីនេះ ពីព្រោះដីទំនេរយើងទិញទុកក្នុងរយៈពេលពី5 ទៅ10ឆ្នាំគាត់នឹងទទួលបានផលចំណូលពីការវិនិយោគហ្នឹងខ្ពស់ បើធៀបទៅនិងប្រទេសជិតខាងនៃបណ្តាប្រទេសអាស៊ាន”។
លោក សុខនីម បានមានប្រសាសន៍ថា៖“ការវិនិយោគលើដីទំនេរ បើយើងនិយាយអំពីតំបន់អាស៊ានថៃ វៀតណាម គេដើរមុនយើង ដូចជានៅទីក្រុងហូជីមិញ និងទីក្រុងបាងកក តម្លៃដីគេមានតម្លៃថ្លៃជាងយើងគុណ 1ជា2។ តម្លៃមានការកើនឡើង និងសក្តានុពលនៅកើនឡើងខ្លះមែន តែមិនកើនឡើងដូចយើងទេ។ តម្លៃសេដ្ឋកិច្ចយើង វាមានសក្តានុពលអភិវឌ្ឍន៍ខ្ពស់ ដោយសារតែប្រទេសយើងកំពុងអភិវឌ្ឍន៍ ដូច្នេះរកស៊ីនៅតែបានល្អ ដោយឡែកតម្លៃអចលនវត្ថុក៏កើនឡើងដែរ។ បើថៃ និងវៀតណាមមានតម្លៃ 10,000$ យើងនៅត្រឹមតម្លៃ 5,000-6,000$ ឬអាចនៅកន្លែងខ្លះមានតម្លៃ10,000$ ក៏មាន តែគិតជាមធ្យម តម្លៃយើងប្រហែល 5,000$ ឯគេប្រហែលជា12,000-13,000$”។
លោក ច្រឹក សុខនីម បានបញ្ជាក់ថា៖ “សក្តានុពលតម្លៃ កន្លែងពាណិជ្ជកម្ម Commercialល្អៗ សម្រាប់ 5ឆ្នាំ ទៅ 10ឆ្នាំខាងមុខទៀតក៏នៅតែឡើង តែការឡើងលឿន គឺពីឥឡូវទៅ 5ឆ្នាំជាកម្រិត ខ្ញុំត្រូវគិតថាជាមធ្យមពី 10 ទៅ 15%ក្នុង1ឆ្នាំ។ កន្លែងខ្លះអាចលើសពីហ្នឹង តែក៏អាចតិចជាងហ្នឹងដែរ ប៉ុន្តែមូលហេតុអ្វីបានជាដូច្នេះ? គឺដោយសារតែតំបន់ Commercial ធំៗទាំងនោះ ខ្លះគាត់បានអភិវឌ្ឍនាំឱ្យកំណើននៃការអភិវឌ្ឍក៏កាន់តែរីកចម្រើន ធ្វើឱ្យរបស់ហ្នឹងកាន់តែកម្រទៅ។ ដោយឡែកបើគិតថា តម្លៃ5,000ក្នុង 1ម៉ែត្រការ៉េ ថ្លៃ តែបើគាត់សាងសង់ 40 ឬ50ជាន់ (1ជាន់ថ្លៃ1ការ៉េ100) អុីចឹងតម្លៃដីនៅតែធូរថ្លៃ។ អ្វីក៏ដោយ វាជាតម្លៃសេដ្ឋកិច្ច វាអាស្រ័យទៅលើការប្រើប្រាស់របស់អចលនទ្រព្យ គាត់ច្នៃការប្រើប្រាស់បានល្អ តម្លៃសេដ្ឋកិច្ចហ្នឹងក៏វាចាប់ផ្តើមធូរថ្លៃទៅតាមហ្នឹងដែរ។ ជារួមតម្លៃអចលនទ្រព្យនៅកម្ពុជា នៅមានសក្តានុពលខ្ពស់ក្នុងការធ្វើវិនិយោគ ទើបបណ្តាប្រទេសនៅតំបន់អាស៊ី គាត់មើលឃើញ គាត់មកវិនិយោគនៅស្រុកខ្មែរ មានជនជាតិជាច្រើន មានចិន ថៃជប៉ុនគាត់មកវិនិយោគក្នុងប្រទេសយើង”។
លោកបានបញ្ជាក់ថា៖ “ដូច្នេះហើយ បានជាបរទេសគាត់មានបទពិសោធពីប្រទេសរបស់គាត់ គាត់ទិញដីទំនេរធំៗទុក ឱ្យតែគាត់ដឹងពីម៉ាស្ទ័ផ្លេនរយៈពេលវែងគាត់ទិញដីជិតៗតំបន់ហ្នឹងទុក។ នេះជាបទពិសោធនៃបណ្តាប្រទេសជឿនលឿន គាត់មានបទពិសោធ រួចហើយការទិញដីទុកការទិញអ្វីៗផ្សេងទៀត វាហុចសក្តានុពលក្នុងការវិនិយោគ ចំណូលសម្រាប់បុគ្គលហ្នឹងខ្ពស់ ក្នុងរយៈពេលវែង។ ដោយឡែកសម្រាប់គោលនយោបាយរបស់រាជរដ្ឋាភិបាល ឬពាណិជ្ជកម្ម យើងក៏បានលើកទឹកចិត្តឱ្យទិញដើម្បីការអភិវឌ្ឍ និងដើម្បីជំរុញឱ្យសេដ្ឋកិច្ច កើនខ្ពស់ជាងហ្នឹងបន្តទៅទៀតផងដែរ”។
លោកស្រី តាំង ហួរ នាយិកាក្រុមហ៊ុនអចលនទ្រព្យ Amatak Property Servic ក៏បានមានប្រសាសន៍ប្រាប់ឱ្យដឹងដែរថា៖ “ពាក់ព័ន្ធទៅនឹងការវិនិយោគលើដីទំនេរ វាអាចនឹងក្លាយទៅជាការរកបានចំណូលដ៏ល្អមួយ នៅពេលលក់អចលនទ្រព្យទាំងនេះ។
លោកស្រីបន្តថា៖ “មិនចំពោះតែអ្នកទិញដើម្បីធ្វើការវិនិយោគបន្តនោះទេ គឺតាមរយៈបទពិសោធខ្ញុំសព្វថ្ងៃទិញដីអាចទទួលផលចំណេញច្រើនជាងទិញផ្ទះ ហើយបើសួរថា វាត្រូវប្រើរយៈពេលប៉ុនណាក្នុងការទទួលប្រាក់ចំណេញនោះ? វាមិនទៀងទេ អាស្រ័យលើដីនោះស្ថិតនៅទីតាំងណា? ចំពោះដីនៅក្នុងក្រុងវិញតម្លៃឡើងលឿនណាស់ ដោយសារតំបន់ខ្លះគេហៅថា តំបន់ពាណិជ្ជកម្ម។ ឧទាហរណ៍បើតម្លៃដី5,000ក្នុង 1ម៉ែត្រការ៉េ ហើយបើគេសាងសង់ច្រើនជាន់ គេកាន់តែបានចំណេញខ្ពស់។ ព្រោះដីថ្លៃយើងសង់ទាបមិនអាចចំណេញបានទេ។ តែប្រសិនបើយើងចង់សង់បែបលំនៅឋានទាបៗ ទាល់តែដីនៅតំបន់ជាយក្រុងដែលកំពុងចាប់ផ្តើមអភិវឌ្ឍន៍។
លោកស្រីបន្តផ្តល់យោបល់ថា៖“បើយើងចង់ទិញដីរកផលចំណេញច្រើន យើងគួរតែទិញដីនៅតំបន់អភិវឌ្ឍន៍នៅជាយក្រុង ដល់មានចំងាយ 20-30គីឡូម៉ែត្រពីក្រុង តែជាតំបន់ ឬជាទីតាំងដែលអាចមានអំណោយផលក្នុងការលក់ដូរ និងមានចរន្តក្នុងការជួញដូរ និងការធ្វើពាណិជ្ជកម្មដូចជាតំបន់ និងផ្លូវក្រវាត់ក្រុងជាដើម”៕