ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលកូរ៉េ (BOK-KPP) បានរៀបចំសិក្ខាសាលាចាប់ផ្តើមអនុវត្តជាផ្លូវការនូវកម្មវិធី “ភាពជាដៃគូផ្តល់ចំណេះដឹង” ឆ្នាំ2017 សម្រាប់ការស្រាវជ្រាវរួមគ្នាលើប្រធានបទស្តីពី “ទំនាក់ទំនងរវាងអត្រាប្តូរប្រាក់ និងអតិផរណានៅក្នុងសេដ្ឋកិច្ចកម្ពុជា”។
ការស្រាវជ្រាវរួមគ្នានេះទទួលបានការគាំទ្រ និងឧបត្ថម្ភដោយកម្មវិធីភាពជាដៃគូផ្តល់ចំណេះដឹងរបស់ធនាគារកណ្តាលកូរ៉េ (BOK-KPP) ដែលនឹងផ្តល់ឱកាសឱ្យមន្ត្រីជំនាញធនាគារជាតិនៃកម្ពុជាបានសហការជាមួយអ្នកស្រាវជ្រាវនៃធនាគារកណ្តាលកូរ៉េ និងវិទ្យាស្ថានស្រាវជ្រាវការគ្រប់គ្រងសកល (GMRI) របស់ប្រទេសកូរ៉េ ដើម្បីសិក្សាស្រាវជ្រាវឱ្យបានស៊ីជម្រៅពីទំនាក់ទំនងរវាងអត្រាប្តូរប្រាក់ និងអតិផរណានៅក្នុងសេដ្ឋកិច្ចកម្ពុជា។
ដើម្បីចាប់ផ្តើមគម្រោងនេះ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលកូរ៉េបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីស្តីពីការស្រាវជ្រាវរួមគ្នានៅឱកាសនោះផងដែរ។ ការស្រាវជ្រាវនេះគ្រោងនឹងបញ្ចប់ និងផ្សព្វផ្សាយលទ្ធផលនៅខែធ្នូ ឆ្នាំ2017 ខាងមុខ។ សិក្ខាសាលានេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពរបស់លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា និងលោក Soon Won Chung ទីប្រឹក្សាជាន់ខ្ពស់នៃវិទ្យាស្ថានស្រាវជ្រាវការគ្រប់គ្រងសកល ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា និងគណៈប្រតិភូធនាគារកណ្តាលកូរ៉េ និងវិទ្យាស្ថានស្រាវជ្រាវការគ្រប់គ្រងសកល។
ការស្រាវជ្រាវនេះនឹងបង្កើនឯកសារស្រាវជ្រាវពាក់ព័ន្ធនឹងម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ដែលនៅមានកម្រិតនៅឡើយ ជាពិសេសទៅលើការប្រែប្រួលអត្រាប្តូរប្រាក់ និងការរក្សាស្ថិរភាពតម្លៃ។
លទ្ធផលនៃការស្រាវជ្រាវនឹងក្លាយជាធាតុចំណូលយ៉ាងសំខាន់សម្រាប់ការរៀបចំគោលនយោបាយសេដ្ឋកិច្ច និងពង្រឹងប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយរូបិយវត្ថុ សំដៅគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព។ លើសពីនេះការស្រាវជ្រាវនេះនឹងរួមចំណែកពង្រឹងសមត្ថភាពរបស់មន្រ្តីធនាគារជាតិនៃកម្ពុជាលើការវិភាគ និងការប្រើប្រាស់ម៉ូដែលសម្រាប់វាយតម្លៃ និងតាមដានស្ថានភាពម៉ាក្រូសេដ្ឋកិច្ចឱ្យកាន់តែប្រសើរឡើង៕