ការប្រឡងមធ្យមសិក្សាទុតិយភូមិនឹងចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ដែលសិស្សានុសិស្សជាបេក្ខជនប្រឡងទាំងអស់កំពុងយកចិត្តទុកដាក់ត្រៀមខ្លួនយ៉ាងស្វិតស្វាញសម្រាប់ដណ្តើមជោគជ័យលើការប្រឡងដ៏មានសារៈសំខាន់នេះ។
នៅថ្ងៃនេះ កាសែត ឡារ៉ែន ពាណិជ្ជ បានជួបសម្ភាសជាមួយលោកស្រីសាស្ត្រាចារ្យ អុីន វីរលក្ខិណា នាយិកាការិយាល័យ កិច្ចការសិក្សា និងនិស្សិតនៃសាកលវិទ្យល័យបៀលប្រាយដើម្បីចែករំលែកពីគំនិត និងបទពិសោធល្អៗសម្រាប់ត្រៀមខ្លួនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។
1.តើមកដល់ពេលនេះសិស្សានុសិស្សដែលជាបេក្ខជនប្រឡងគួរត្រៀមខ្លួនអ្វីខ្លះមុនពេលប្រឡងមធ្យមសិក្សាទុតិយភូមិខាងមុខនេះ?
នៅសល់តែ ជាង20ថ្ងៃទៀតប៉ុណ្ណោះ ការប្រឡងមធ្យមសិក្សាទុតិយភូមិនឹងចាប់ផ្តើមហើយ ហេតុនេះអ្វីដែលបេក្ខជនអាចធ្វើបាននៅពេលនេះ គឺតាមដានព័ត៌មានអំពីការប្រឡងឱ្យបានច្បាស់លាស់ ទាំងថ្ងៃប្រឡង មណ្ឌលប្រឡង បទបញ្ជាផ្ទៃក្នុងនៃការប្រឡង និងត្រៀមខ្លួនឱ្យបានល្អសម្រាប់ការរក្សាសុខភាពល្អ ដើម្បីបង្ការហានិភ័យសុខភាពដែលអាចកើតមានឡើងក្នុងថ្ងៃសំខាន់នេះ។
ក្រៅពីការតាមដានព័ត៌មាន និងរក្សាសុខភាពបេក្ខជនប្រឡងក៏គួរតែរៀបចំពេលវេលាសម្រាប់រំឭកមេរៀនឱ្យបានល្អផងដែរ ដោយការចែកកាលវិភាគឱ្យបានច្បាស់លាស់ទៅតាមមុខវិជ្ជាអាទិភាពរបស់ខ្លួន (វិទ្យាសាស្ត្រសង្គម និងវិទ្យាសាស្ត្រពិត)។
វិធីសាស្ត្រត្រៀមខ្លួនសម្រាប់បេក្ខជនដែលជ្រើសរើសយកថ្នាក់វិទ្យាសាស្ត្រសង្គម គឺរៀបចំកម្មវិធីរំឭកមេរៀនដោយការទន្ទេញ និងកំណត់ចំណាំមួយចំនួន។ ចំពោះមុខវិជ្ជា ភូមិវិទ្យា ប្រវត្តិវិទ្យា ឬពលរដ្ឋវិទ្យា ជាដើមគួរចំណាយពេល 2ម៉ោងរៀងរាល់ព្រឹកដើម្បីទន្ទេញ។ របៀបនៃការទន្ទេញគួរសាកល្បងចំណាយពេលកន្លះម៉ោងសម្រាប់ 1មុខវិជ្ជា ដោយក្នុងនោះត្រូវចំណាយពេល 20នាទីសម្រាប់អានឱ្យឮៗនូវមេរៀនទាំងអស់នោះ ហើយចំណាយពេល 10នាទីដើម្បីធ្វើការកត់ចំណាំ ឬកត់ត្រានូវឆ្នាំ និងព្រឹត្តិការណ៍ជាដើមដែលជាចំណុចស្នូលនៃមុខវិជ្ជាមេរៀន។ ការធ្វើបែបនេះអាចធ្វើឱ្យសិស្សទទួលបានផលល្អ ព្រោះកាលណាយើងអានឮៗ នោះមានន័យថា គ្រប់ផ្នែកទាំងអស់នៃរាងកាយបានដំណើរការ មាត់អាន ត្រចៀកស្តាប់ ហើយចុងក្រោយយើងកត់ចំណាំ ដែលភ្ជាប់ការចងចាំបានយ៉ាងល្អ។ ប្រសិនបើយើងទម្លាប់ធ្វើវាបានត្រឹមតែកន្លះម៉ោងក្នុង 1មុខវិជ្ជាបាន 1មេរៀន ហេតុនេះរយៈពេល 28ថ្ងៃយើងនឹងអាចរំឭកបានដល់ទៅ 28មេរៀនឯណោះ។
ចំណែកឯវិធីសាស្ត្រក្នុងការត្រៀមសម្រាប់ថ្នាក់វិទ្យាសាស្ត្រពិតវិញ មានដូចជាមុខវិជ្ជាគណិតវិទ្យានិងមុខវិជ្ជាវិទ្យាសាស្ត្រមួយចំនួនទៀត យើងគួរតែយកការអនុវត្តជាសំខាន់ មានន័យថា យើងគួរអនុវត្តតាមសៀវភៅលំហាត់ដែលក្រសួងបានចេញឱ្យបានច្រើន។ ចំពោះពេលវេលាល្អវិញ អាចជាចន្លោះពីម៉ោង 9 ទៅម៉ោង 11ព្រឹក ឬម៉ោង 1រសៀលជាដើមដើម្បីសាកល្បងអនុវត្តលំហាត់។ អ្វីដែលយើងអាចធ្វើបាន គឺសាកល្បងរយៈពេល 1ម៉ោងជារៀងរាល់ថ្ងៃដើម្បីអនុវត្តលំហាត់ឱ្យចប់មួយមេរៀន ឬសាកល្បងយកវិញ្ញាសាលំបាកៗមកធ្វើតេស្តសមត្ថភាពរបស់ខ្លួនឯង។ ប្រសិនបើយើងអាចអនុវត្តបានល្អ នោះយើងនឹងផ្សាំុខ្លួនបានល្អជាមួយនឹងការប្រឡង ហើយពេលប្រឡងជាក់ស្តែងយើងអាចនឹងធ្វើដោយមិនសូវមានភាពថ្លោះធ្លោយ ព្រោះយើងអនុវត្តបានច្រើន។ ជារួមរយៈពេលជាង 20ថ្ងៃ មិនយឺតពេលពេកទេសម្រាប់ការត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិ ឱ្យតែយើងតាំងចិត្ត និងដឹងខ្លួនថា ធ្វេសប្រហែសហើយខិតខំអាចនឹងធ្វើឱ្យយើងទទួលបានលទ្ធផលវិជ្ជមាន ប្រសើរជាងមិនបានធ្វើអ្វីសោះ។
2. ដំណាក់កាលនៃការរឹតបន្តឹងនេះ សិស្សជាច្រើនអាចនឹងមានការភ័យខ្លាច ឬព្រួយបារម្ភជាដើម។ តើលោកស្រីសាស្ត្រាចារ្យមានវិធីសាស្រ្ត្រអ្វីដើម្បីកាត់បន្ថយភាពភ័យខ្លាចរបស់សិស្ស?
សូមប្អូនៗចងចាំថា ថ្ងៃទី19 ខែសីហា មិនមែនជាថ្ងៃអវសាននៃពិភពលោកនោះទេ ហេតុនេះកុំព្រួយបារម្ភខ្លាំងពេក។ អ្វីដែលគួរធ្វើ គឺដូចបញ្ជាក់ខាងលើថាគួរត្រៀមខ្លួនបំពេញលក្ខខណ្ឌទម្រង់ថា តើយើងបានបញ្ចប់ ឬមានលក្ខខណ្ឌគ្រប់គ្រាន់ហើយឬនៅសម្រាប់ការប្រឡង។ ប្អូនៗត្រូវចាំថា អ្នកជាប់ក៏ដោយ អ្នកធ្លាក់ក៏ដោយ គឺត្រូវបញ្ចប់ដោយកម្រិតត្រឹមតែ 6អក្សរពី A ដល់ F នេះទេ ហើយម្យ៉ាងការជាប់ ឬធ្លាក់ក៏មិនមែនកំណត់វាសនាពេញមួយជីវិតដែរ ហេតុនេះកុំបារម្ភហួសហេតុដែលនាំឱ្យប៉ះពាល់ដល់ការបញ្ចេញសមត្ថភាពរបស់យើង។
ម្យ៉ាងវិញទៀត មិនថាលទ្ធផលបែបណាក៏ដោយសូមត្រៀមចិត្តទទួលយក កុំអស់សង្ឃឹម មិនថាអ្នកជាប់ ឬអ្នកធ្លាក់នោះទេ សុទ្ធតែមានផ្លូវទៅមុខដូចគ្នាសម្រាប់ស្វែងរកភាពជោគជ័យក្នុងជីវិត។ អ្នកជាប់គាត់ក៏ត្រូវបន្តដំណើរសម្រាប់អភិវឌ្ឍន៍អាជីពការងាររបស់គាត់បន្តទៀត មិនមែនបញ្ចប់ត្រឹមចប់ជាប់បាក់ឌុបនេះទេ ហើយអ្នកមិនទាន់ចប់ក៏អាចមានជម្រើសច្រើនដោយការសិក្សាម្តងទៀត រៀនជំនាញវិជ្ជាជីវៈ ឬអាចចូលសិក្សាថ្នាក់បរិញ្ញាបត្ររងបាន។ ហេតុនេះគ្មានមូលហេតុអ្វីដែលត្រូវព្រួយបារម្ភខ្លាំងពេកនោះទេ សូមទុកកម្លាំងដើម្បីខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីសម្រេចការប្រឡងដ៏សំខាន់នេះ កុំរវល់តែព្រួយបារម្ភខ្លាំងពេក។
3. តើសាកលវិទ្យាល័យបៀលប្រាយ បានជួយអ្វីខ្លះដល់សិស្សានុសិស្សក្នុងដំណាក់កាលមុនប្រឡង និងដំណាក់កាលក្រោយប្រឡង?
សាកលវិទ្យាល័យបៀលប្រាយយើងស្វាគមន៍សម្រាប់សិស្សានុសិស្សដែលមានបំណងចង់ស្វែងរកការប្រឹក្សា ឬចង់ស្វែងរកកន្លែងដើម្បីជួបជុំសិក្សា។ យើងផ្តល់ជូនសិស្សនូវទីកន្លែងសម្រាប់រៀនមុនពេលប្រឡង ដូចជានៅក្នុងបណ្ណាល័យ ឬបន្ទប់រៀនដើម្បីផ្តល់ភាពងាយស្រួលសម្រាប់សិស្សានុសិស្ស។ ក្រៅពីនេះ ក្រោយពេលប្រឡងចប់ គាត់អាចស្វែងរកការប្រឹក្សាពីអាជីព ឬពីចំណុចសំខាន់ៗដែលគាត់គួរត្រៀមខ្លួនសម្រាប់សិក្សាបន្តនៅមហាវិទ្យាល័យ ឬសម្រាប់អាជីពការងារសម្រាប់ជិវិតក៏បាន។
4. តើលោកស្រីសាស្ត្រាចារ្យ មានមតិយោបល់យ៉ាងណាចំពោះសិស្សានុសិស្សដែលត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិ?
ខ្ញុំគ្មានយោបល់អ្វីច្រើនទេ មានតែជូនពរឱ្យប្អូនៗជោគជ័យក្នុងការប្រឡង ហើយត្រូវត្រៀមខ្លួនឱ្យបានល្អនៅរយៈពេល 2ថ្ងៃមុនពេលប្រឡង ព្រោះយើងបានខំច្រើនមកហើយ សូមទុកពេលនេះដើម្បីសម្រាកឱ្យបានល្អ។ សូមថែរក្សាសុខភាព និងកុំភ្លេចពីលក្ខខណ្ឌប្រឡង ក៏ដូចជាសម្ភារដែលគេអនុញ្ញាតសម្រាប់ការប្រឡង ឬសម្ភារដែលចាំបាច់សម្រាប់ការប្រឡង៕