សន្និសីទសារព័ត៌មានទាក់ទងនឹងកាកសំណល់ប្លាស្ទិក ចំនួន 83កុងតឺន័រត្រូវបានរៀបចំឡើងតាមការគ្រោងទុក ដោយមានការចូលរួមពីមន្ត្រីសំខាន់ៗ ដើម្បីត្រៀមខ្លួនឆ្លើយទៅនឹងសំណួររបស់អ្នកសារព័ត៌មានផងដែរ ។
ឯកឧត្តម គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានមានប្រសាសន៍ថា៖« រាជរដ្ឋាភិបាលបានសម្រេចឱ្យក្រុមហ៊ុន CHUNGYUEN PLASTIC MANUFACTURE CO.,LTD ត្រូវអនុវត្តឱ្យបានចប់សព្វគ្រប់ត្រឹមថ្ងៃទី24 ខែសីហា ឆ្នាំ2019 ជាកំហិត។ ក្នុងករណីក្រុមហ៊ុនខកខានមិនបានអនុវត្ត អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងបន្តចាត់វិធានការតាមផ្លូវតុលាការស្របតាមច្បាប់ជាធរមាន ។
ឯកឧត្តម គុណ ញឹម បានបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចាត់វិធានការលើក្រុមហ៊ុនខាងលើដូចខាងក្រោម៖
1-ត្រូវនាំចេញទំនិញកាកសំណល់ប្លាស្ទិកទាំង 83កុងតឺន័រ ត្រឡប់ទៅប្រទេសដើមវិញ។
2-ត្រូវរងពិន័យរដ្ឋបាលជាប្រាក់ 1,037,500,000រៀល ដែលត្រូវបង់ចូលជាប្រយោជន៍ថវិកាជាតិ។
3-ក្រុមហ៊ុនត្រូវអនុវត្តចំណុចទី1 និងទី2 ខាងលើឱ្យបានចប់សព្វគ្រប់ត្រឹមថ្ងៃទី24 ខែសីហា ឆ្នាំ2019ជាកំហិត។
ឯកឧត្តម នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានបានលើកឡើងថា ការសម្រេចនេះគឺ យោងតាមបញ្ញត្តិស្តីពីទោសទណ្ឌដែលមានចែងក្នុងច្បាប់ជាធរមាន និងស្របតាមអនុសញ្ញាបាសែលស្តីពីការត្រួតពិនិត្យ ចលនាដឹកជញ្ជូន និងការបោះបង់ចោលសំណល់គ្រោះថ្នាក់ឆ្លងដែន។ ឯកឧត្តមបន្តថា បើតាមការស្រាវជ្រាវ និងពិសោធន៍កាកសំណល់ ប្លាស្ទិកចំនួន 83កុងតឺន័រ ទម្ងន់ 1,592 តោន គឺមិនមានផលប៉ះពាល់ដល់សុខភាព និងបរិស្ថាននោះទេ។
យោងតាមសេចក្តីប្រកាសព័ត៌មានរួមរវាងក្រសួងបរិស្ថាន និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី30 ខែកក្កដា ឆ្នាំ2019នេះ បានឱ្យដឹងថា មុនយកមកទម្លាក់ចោលនៅកម្ពុជា កាក សំណល់ប្លាស្ទិក 83កុងតឺន័រ គឺបានឆ្លងកាត់កំពង់ផែប្រទេសសិង្ហបុរី (22ជើង) ម៉ាឡេស៊ី (2ជើង) និងវៀតណាម (3ជើង)។
ក្នុងសេចក្តីប្រកាសព័ត៌មាននេះបន្តថា ទំនិញជាកាកសំណល់ប្លាស្ទិកបាននាំចូលមកជាច្រើនជើង តាមនាវាដឹកជញ្ជូនចំនួន (27លើក) មកដល់ និងសំចតនៅទីលានកំពង់ផែស្វយ័តខេត្តព្រះសីហនុ ដែលលើកទី1 នាខែកញ្ញា ឆ្នាំ2018 និងលើកចុងក្រោយនាខែមករា ឆ្នាំ2019 សរុបទាំងអស់ចំនួន 83កុងតឺន័រ។ ក្នុងនោះមានកុងតឺន័រចំនួន 70 (ទម្ងន់ 1322តោន) បាននាំចេញមកពីសហរដ្ឋអាមេរិក និងកុងតឺន័រចំនួន 132 (មានទម្ងន់ 270តោន) បាននាំចេញមកពីប្រទេសកាណាដា។
សូមបញ្ជាក់ថា កាកសំណល់បា្លស្ទិកដែលមានទម្ងន់ 1,592តោននេះត្រូវបាននាំមកដល់កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដោយមានក្រុមហ៊ុន CHUNGYEN PLASTIC MANUFACTURE CO., LTD ជាអ្នកទទួលទំនិញ។ ក្រុមហ៊ុននេះមានប្រធានជាជនជាតិខ្មែរ ហើយបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី20 ខែកក្កដា ឆ្នាំ2018៕