កម្ពុជាមានទុនបម្រុងអន្តរជាតិកើនដល់ប្រមាណ 11.1ប៊ីលានដុល្លារអាមេរិក ដែលអាចធានាការចូលទំនិញ និងសេវាសម្រាប់គ្រាបន្ទាប់បានរយៈពេលប្រមាណ 5ខែ ហើយកម្រិតខ្ពស់នៃទុនបម្រុងអន្តរជាតិបានពង្រឹងជំនឿទុកចិត្តដល់វិនិយោគិនមកលើភាពធន់នៃសេដ្ឋកិច្ចកម្ពុជា។ នេះបើយោងតាមអគ្គនាយិកាបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា។
លោកជំទាវ ជា សិរី អគ្គនាយិកាបច្ចេកទេសនៃធនាគារជាតិបានថ្លែងថា៖«ធនាគារជាតិនៃកម្ពុជាបានបង្កើនទុនបម្រុងអន្តរជាតិដុល កើនដល់ប្រមាណ 11.1ប៊ីលានដុល្លារ។ ដូច្នេះក្នុងករណីកម្ពុជាមានវិបត្តិ ឬក៏មានការហ៊ុមព័ទ្ធសេដ្ឋកិច្ចណាមួយ កម្ពុជានឹងមានលទ្ធភាពទប់ទល់បញ្ហាទាំងនោះបានរយៈពេលប្រមាណ 5ខែ ដែលអាចឱ្យរដ្ឋាភិបាលពិភាក្សាដើម្បីរកដំណោះស្រាយ ឬចរចាផ្នែកសេដ្ឋកិច្ចជាមួយនឹងបណ្ដាប្រទេសផ្សេងៗបាន»។
លោកជំទាវ បានបន្ថែមថា៖«ការបង្កើតទុនបម្រុងអន្តជាតិនេះ ក៏ជួយជំរុញ និងផ្តល់ទំនុកចិត្តដល់វិនិយោគិនបរទេសឱ្យមកវិនិយោគនៅកម្ពុជាផងដែរ ព្រោះវិនិយោគិនទាំងនោះ នឹងមានភាពជឿជាក់លើប្រាក់រៀលរបស់ធនាគារកណ្ដាល ខណៈមានទុនបម្រុងខ្ពស់ដែលអាចធានាបាននូវស្ថិរភាពហិរញ្ញវត្តុ និងអត្រាប្តូរប្រាក់ក្នុងទីផ្សារ»។
ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលនៃធនាគារជាតិក៏បានមានប្រសាសន៍ដែរថា៖« សេដ្ឋកិច្ចកម្ពុជាបន្តមានវឌ្ឍនភាពល្អប្រសើរ ដែលទទួលបានភាពអំណោយផលទាំង2 គឺកត្តាខាងក្រៅ និងខាងក្នុង។
1-កត្តាគាំទ្រខាងក្រៅរួមមាន៖ កំណើនតម្រូវការចំពោះផលិតផលនាំចេញរបស់កម្ពុជា លំហូរចូលនៃវិនិយោគទុនបរទេស និងកំណើនក្នុងវិស័យទេសចរណ៍។
2-កត្តាខាងក្នុង៖ គឺស្ថិរភាពដ៏រឹងមាំ នៃសុខសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ភាពអំណោយផលនៃបរិយាកាសវិនិយោគ និងធុរកិច្ច ការធ្វើពិពិធកម្មមូលដ្ឋានកំណើន និងការកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល»។
ឯកឧត្តម បានបញ្ជាក់ថា៖«អតិផរណាមានកម្រិតទាប អត្រាប្តូរប្រាក់មានស្ថិរភាពល្អប្រសើរ ហើយទុនបម្រុងអន្តរជាតិត្រូវបានគរពូនឱ្យកើនឡើងខ្ពស់ដែលបានចូលរួមពង្រឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លើសពីនេះ វិស័យធនាគារ និងហិរញ្ញវត្ថុកម្ពុជាបានបន្តដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងវិសមភាព។ បច្ចុប្បន្ន សេវាហិរញ្ញវត្ថុបានពង្រីកវិសាលភាពទូទាំងប្រទេស ហើយបានផ្តល់ឱកាសដល់ប្រជាជនកាន់តែច្រើនក្នុងការពង្រីកសកម្មភាពសេដ្ឋកិច្ចសម្រាប់លើកស្ទួយជីវភាពរស់នៅឱ្យកាន់តែប្រសើរ»៕