រឿងប្រើពាក្យសំដីជាមួយគូស្នេហ៍គឺជា រឿងសំខាន់ខ្លាំងណាស់ ព្រោះគូស្វាមីភរិយាដែលឈ្លោះគ្នា ច្រើនតែកើតចេញពីពាក្យសំដីហ្នឹងឯង តើវានឹងល្អដែរទេ បើសិនជាយើងមានពាក្យសំដីដែលល្អពីរោះៗ ដែលសាងសម្ពន្ធភាពឱ្យកាន់តែរឹងមាំឡើងនោះ? ចូរនាំគ្នាហ្វឹកហាត់ឱ្យធ្លាប់មាត់ នោះជីវិតស្នេហ៍របស់អ្នកនឹងមិនមានថ្ងៃមានបញ្ហាដោយសារពាក្យសំដីឡើយ។ ដូច្នេះសូមសាកល្បងមើលប្រយោគដែលគួរនិយាយជាមួយមនុស្សដែលយើងស្រឡាញ់ ដែល ឡារ៉ែន លើកយកមកណែនាំក្នុងលេខនេះម្តងមើល។
1. បង / អូន នៅត្រង់នេះណា៎!
ពាក្យសំដីធម្មតាៗដែលអាចបង្ហាញបានថាអ្នកនឹងមិនព្រមលែងដៃពីគេ(ឬនាង) យ៉ាងពិតប្រាកដ មិនថាមានបញ្ហាអ្វីកើតឡើងនោះឡើយ។ បើអ្នកមិនដឹងថានឹងនិយាយអ្វីនៅពេលដែលគេ (ឬនាង) មានបញ្ហានឿយហត់នោះ សុំឱ្យនិយាយពាក្យនេះសិនទៅ ធានាថាអ្នកស្តាប់នឹងមានអារម្មណ៍សប្បាយចិត្តឡើងវិញមិនខាន។
2. បង / អូន មានអ្វីល្អៗជាងបង / អូន ខ្លួនឯងគិតទៅទៀត
ពាក្យសំដីដែលសាងកម្លាំងចិត្តបានយ៉ាងល្អ គឺការជឿជាក់លើមនុស្សដែលយើងស្រឡាញ់ បែបនេះឯងត្រឹមតែប៉ុណ្ណឹងក៏នឹងធ្វើឱ្យផ្ការីកស្គុះស្គាយនៅក្នុងចិត្តអ្នកស្តាប់ និងត្រៀមជាស្រេចក្នុងការក្រោកឡើងធ្វើអ្វី តាមក្តីស្រមៃរបស់ខ្លួនបានបាត់ទៅហើយ។
3. សុំទោសណា៎!
បើអ្នកដឹងខ្លួនថាខុស កុំបណ្តោយឱ្យបញ្ហាវារលាយបាត់ទៅដោយខ្លួនឯងដោយគ្មានអ្នក ណានិយាយពាក្យថាសុំទោសឱ្យសោះពាក្យខ្លីៗមួយនេះមានថាមពលខ្លាំងក្លាខ្លាំងណាស់អ្នកខ្លះគ្រាន់តែបានឮពាក្យថាសុំទោសដួងចិត្តរបស់គេក៏ទន់ត្រជាក់ភ្លាមបាត់ទៅហើយ ដូច្នេះចូរនិយាយវាចេញមកវាគ្មានទៅខាតបង់អ្វីទេ។
4. បង / អូន បារម្ភណា៎!
បើសង្កេតឃើញថា គេ (ឬនាង) មានបញ្ហាមានរឿងពិបាកចិត្តឬកំពុងជួបនឹងបញ្ហាអ្វីមួយនោះ ប្រយោគដែលគួរនិយាយជាមួយគូស្នេហ៍របស់អ្នកនោះគឺ “បង / អូនបារម្ភណា” តែប៉ុណ្ណឹងនឹងធ្វើឱ្យគូស្នេហ៍ របស់អ្នករំភើបចិត្តបាត់ទៅហើយ ដែលសំខាន់នោះវាថែមទាំងជាពាក្យសំដីដែលធ្វើឱ្យអ្នកស្តាប់ចង់ទម្លាយបញ្ហាប្រាប់យើងកាន់តែខ្លាំងឡើងទៀតផង។
5. មានអ្វីអាចឱ្យបង / អូនជួយបាន ទេ?
កុំបណ្តោយឱ្យបញ្ហារបស់គូស្នេហ៍ ក្លាយជាបញ្ហារបស់គេ (ឬនាង) តែម្នាក់ឯងអី គ្រាន់តែសួរគេយ៉ាងងាយៗថាមានអ្វីអាចឱ្យជួយបានទ ប៉ុណ្ណឹងក៏ប្រៀបដូចជាទឹកដ៏ត្រជាក់មកស្រោចស្រប់លើបេះដូងមនុស្សដែលកំពុងតានតឹងក្នុងអារម្មណ៍ឱ្យស្រស់ថ្លាឡើងវិញបានទៅហើយ។
6. ខឹងតើ.. តែមិនចង់បាត់បង់បង / អូនទេ!
ជាមួយសម្ពន្ធភាពស្នេហ៍ យ៉ាងណាៗក៏ត្រូវតែមានថ្ងៃដែលអ្នកឈ្លោះគ្នាដែរ តែបើសិនជាអ្នកប្រាប់ទៅគេ (ឬនាង) ថាអ្នកខឹង តែនៅតែស្រឡាញ់ តែប៉ុណ្ណឹងក៏នឹងធ្វើឱ្យអ្នកបានឮធូរស្រាលក្នុងចិត្តឬត្រៀមជាស្រេចក្នុងការចាប់ដៃកែខៃបញ្ហាជាមួយគ្នាបាត់ទៅហើយ។
7. មនុស្សយើងសុទ្ធតែធ្លាប់ធ្វើខុសទាំងអស់
ដូចគ្នានោះដែរ បើគូស្នេហ៍របស់អ្នកមានអារម្មណ៍ តានតឹងធុញថប់ពីកំហុសឆ្គងរឿងការងារ រឿងផ្សេងៗក្នុងជីវិតប្រចាំថ្ងៃ នោះអ្នកត្រូវតែនិយាយឱ្យអារម្មណ៍គេត្រជាក់វិញនិងកែសម្រួលទស្សនៈរបស់គេ (ឬនាង) ថា មនុស្សគ្រប់រូបលើពិភពលោកនេះសុទ្ធតែធ្លាប់ធ្វើខុសទាំងអស់ហ្នឹង ហើយអ្នកត្រៀមជាស្រេចក្នុងការអត់ទោសឱ្យគេ (ឬនាង) ដូចគ្នានឹងគេ(ឬនាង)ក៏គួរតែអត់ទោសឱ្យខ្លួនឯងដែរ៕