ទោះបីជាទីផ្សារកៅស៊ូបច្ចុប្បន្នមានការធ្លាក់តម្លៃចុះក៏ដោយ តែក៏នៅឆមាសទី1 ឆ្នាំ2019 នេះ កម្ពុជាបាននាំចេញជ័រកៅស៊ូចំនួន 104,261តោន ដែលតួលេខនេះត្រូវបានគេឃើញថា មានការកើនឡើង 24% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍ផ្លូវការរបស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ។
យោងតាមតួលេខពីក្រសួងកសិកម្មបានឱ្យដឹងថា បច្ចុប្បន្នតម្លៃកៅស៊ូ ជាមធ្យមមានតម្លៃប្រមាណជា 1,339ដុល្លារក្នុង1តោនលើទីផ្សារក្នុងស្រុក ដែលនេះជាការធ្លាក់ចុះជាង 100ដុល្លារបើប្រៀបធៀបទៅនឹងតម្លៃកាលពីឆ្នាំមុន។
ការធ្លាក់ថ្លៃនៃជ័រកៅស៊ូនេះ ត្រូវបានមន្ត្រីជំនាញអះអាងថា ដោយសារកត្តាទីផ្សារសកលលោក ដែលធ្វើឱ្យវិស័យឧស្សាហកម្មកៅស៊ូពិបាកនឹងទទួលបានផលចំណេញ ហើយអ្វីដែលគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ តម្លៃកៅស៊ូបានធ្លាក់ចុះដោយសារតែការធ្លាក់ចុះនៃតម្រូវការនៅទីផ្សារអន្តរជាតិ ជាពិសេសប្រទេសចិន ខណៈដែលកម្លាំងពលកម្មក្នុងវិស័យនេះក៏កាន់តែជួបបញ្ហាប្រឈមផងដែរ។
លោកឧកញ៉ា លឹម ហេង អនុប្រធានក្រុមហ៊ុន អាន ម៉ារឌី គ្រុប (An Mady Group) ដែលជាក្រុមហ៊ុនចម្ការកៅស៊ូ និងនាំចេញផលិតផលនេះបានថ្លែងថា៖ “នេះជាដំណឹងអាក្រក់ សម្រាប់វិនិយោគិនក្នុងវិស័យកៅស៊ូកម្ពុជា ព្រោះនៅក្នុងតម្លៃបច្ចុប្បន្ន អ្នកវិនិយោគក្នុងវិស័យនេះមិនអាចរស់រានបានទេ ហើយនិងមិនមានអ្នកវិនិយោគណាហ៊ានវិនិយោគលើវិស័យនេះដែរព្រោះនៅប្រទេសជិតខាងយើង ប្រទេសថៃ និងវៀតណាមគេមិនមានយកពន្ធទេ។
លោកឧកញ៉ាបានបន្តទៀតថា៖ “សម្រាប់កម្ពុជាយើង ការលើកទឹកចិត្ត មិនយកពន្ធក្នុងការនាំចេញបានអនុវត្តតាំងពីឆ្នាំទៅមួយ។ គឺតម្លៃក្រោម 1,000ដុល្លារ រដ្ឋមិនយកពន្ធទេ។ បើលើសពី 1,000ដុល្លារ គាត់គិតពន្ធ 50ភាគរយ គឺស្មើនឹង 1,500 ដុល្លារ។ បើលើសពី 2,000$ គាត់គិតពន្ធ 150%(គិតពីតម្លៃលក់)” លោកឧកញ៉ាបានពន្យល់ថា “តម្លៃផលិតកម្មខ្ពស់ជាងតម្លៃដែលផលិតផលកំពុងត្រូវបានជួញដូរ ព្រោះតម្លៃដើមរបស់ក្រុមហ៊ុនថ្លៃដល់ទៅ 1,400$ហើយ ឯតម្លៃកៅស៊ូបច្ចុប្បន្នតម្លៃត្រឹមតែជាង 1,300$ប៉ុណ្ណោះ (បើយើងលក់ក្នុងតម្លៃបច្ចុប្បន្នយើងត្រូវបង់ 50$សម្រាប់ថ្លៃពន្ធ)”។ ប៉ុន្តែលោកឧកញ៉ាបានបន្ថែមថា ចំពោះកសិករខ្នាតតូច តម្លៃបច្ចុប្បន្នអាចមាននិរន្តរភាព។
លោកឧកញ៉ាបានពន្យល់ទៀតថា៖ “សម្រាប់កសិករខ្នាតតូច គាត់ផលិតបានតិច មិនលើសពីតម្លៃដែលបានកំណត់(ក្រោម 1,000ដុល្លារ)ក្នុងការនាំចេញ រដ្ឋមិនយកពន្ធទេ។ចំណែកវិស័យឯកជន ឬក្រុមហ៊ុនសហគ្រាស គាត់មិនអាចនាំចេញក្នុងទំហំប៉ុននោះបានទេ។ហេតុនេះការបង់ពន្ធ និងតម្លៃដើមមិនអាចឱ្យគាត់រកចំណេញបានឡើយ”។
លោកឧកញ៉ាបានមានប្រសាសន៍ថា ប្រទេសវៀតណាមដែលជាទីផ្សារធំបំផុតសម្រាប់កៅស៊ូកម្ពុជា បានឃើញពីការធ្លាក់ចុះយ៉ាងខ្លាំងនៃការនាំចេញទៅកាន់ប្រទេសចិន ដោយសារតែការផ្លាស់ប្តូរនយោបាយចិន និងការភ័យខ្លាចអំពីសង្គ្រាមពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងចិន។
លោកឧកញ៉ាបានមានប្រសាសន៍ទៀតថា៖ “បញ្ហានេះធ្វើឱ្យប៉ះពាល់ដល់ប្រទេសកម្ពុជាដោយសារតែផលិតកម្មកៅស៊ូរបស់កម្ពុជាត្រូវបានបញ្ជូនទៅកាន់ប្រទេសចិន ក្នុងការដឹកជញ្ជូនដោយប្រយោលដែលត្រូវឆ្លងកាត់ប្រទេសវៀតណាម។ ដោយសារតែបញ្ហាតម្លៃទាំងនេះ វិស័យឯកជនកំពុងទាមទារឱ្យមានការកាត់បន្ថយពន្ធលើការនាំចេញកៅស៊ូ”។
“វិស័យឯកជនបានស្នើសុំឱ្យរដ្ឋាភិបាលតាមរយៈក្រសួងកសិកម្មយកពន្ធនាំចេញកៅស៊ូ សម្រាប់តែការដឹកជញ្ជូនលើសពី 2,000ដុល្លារប៉ុណ្ណោះក្នុង 1តោន។ ទោះជាយ៉ាងណាក៏ដោយ មិនទាន់មានការឆ្លើយតបពីរដ្ឋាភិបាលនៅឡើយទេ”។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោកឧកញ៉ាលឹម ហេង។
លោកឧកញ៉ា លឹម ហេង បានបញ្ជាក់ឱ្យដឹងថា៖“តម្លៃកៅស៊ូនឹងនៅថេររហូតដល់ឆ្នាំក្រោយ។ ក្នុងតម្លៃបច្ចុប្បន្ន វិនិយោគិនលើវិស័យកៅស៊ូដែលមានស្រាប់អាចនឹងនៅក្នុងអាជីវកម្ម នេះបាន ប៉ុន្តែការទាក់ទាញវិនិយោគិនថ្មី នឹងមានការលំបាក។ បើគ្មានគោលនយោបាយថ្មី ដែលផ្តល់នូវការលើកទឹកចិត្តច្រើនទេ វិនិយោគិននឹងមិនហ៊ានចូលមកទេ។ ពួកគេនឹងរង់ចាំរហូតដល់ស្ថានភាពល្អប្រសើរឡើង”។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានអំពាវនាវដល់កសិករដាំដំណាំកៅស៊ូសូមឱ្យមានការអត់ធ្មត់ចំពោះបញ្ហាតម្លៃជ័រកៅស៊ូធ្លាក់ថ្លៃនៅលើទីផ្សារអន្តរជាតិ។ ដោយសម្តេចបានមានប្រសាសន៍ថា៖ “សុំឱ្យកសិករ និងអ្នកវិនិយោគកុំជ្រួលជ្រើមទៅតាមចរន្តទីផ្សារ លឿនពេក ហើយដាំដំណាំណាដែលមានទីផ្សារមួយកញ្ជ្រោលនោះ។ កសិករខ្លះបានកាប់ដើមកៅស៊ូរបស់ពួកគេចោល ហើយជំនួសដោយការដាំដើមស្វាយចន្ទីវិញ។ នៅពេលតម្លៃស្វាយចន្ទីថយចុះ ពួកគេនឹងត្រូវបង្ខំឱ្យកាប់ដើមឈើទាំងនេះ និងស្វែងរកដំណាំថ្មីដែលមានតម្លៃពលកម្មច្រើន”។
សូមជម្រាបថា គិតមកដល់បច្ចុប្បន្ននេះ កម្ពុជាមានផ្ទៃដីដាំកៅស៊ូសរុបចំនួន 434,013 ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន 233,212ហិកតា ស្មើនឹង 54% និងផ្ទៃដីថែទាំមានចំនួន 200,801ហិកតា ស្មើនឹង46%។
ក្នុងឆ្នាំ2018 កម្ពុជាបាននាំចេញជ័រកៅស៊ូជាង 21ម៉ឺនតោន ទទួលបានចំណូលជិត 300 លានដុល្លារអាមេរិក។ ផលិតផលជ័រកៅស៊ូកម្ពុជាបាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សិង្ហបុរី និងម៉ាឡេស៊ី៕