ធនាគារ អេស៊ីលីដា ភីអិលស៊ី បានប្រកាសជាផ្លូវការក្នុងការចាប់ដៃគូជាមួយក្រុមហ៊ុនយូញៀនផេ(UnionPay International) ក្នុងការសហការបោះពុម្ពបណ្ណឥណពន្ធអេស៊ីលីដាយូញៀនផេ (Contactless Debit Card) ដើម្បីពង្រីកបណ្តាញប្រតិបត្តិការទូទាត់សម្រាប់អតិថិជនឱ្យកាន់តែទូលំទូលាយលើពិភពលោក។
តាមរយៈកិច្ចសហការរវាងក្រុមហ៊ុន យូញៀនផេ និងធនាគារអេស៊ីលីដានេះ នឹងធ្វើឱ្យមានការពង្រីកនូវផលិតផល និងសេវាកម្មទូទាត់សម្រាប់អតិថិជន ដើម្បីឱ្យមានជម្រើសកាន់តែច្រើន ប្រកបដោយភាពងាយស្រួល សុវត្ថិភាព ការទូទាត់ប្រកបដោយសក្តានុពល ជំរុញឱ្យមានអត្ថប្រយោជន៍កាន់តែច្រើន និងកាន់តែមានភាពផ្តាច់មុខលើការទិញទំនិញ និងការធ្វើដំណើរជាអន្តរជាតិ។
លោកបណ្ឌិត អុិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី បានលើកឡើងថា ការប្រកាសកិច្ចសហប្រតិបត្តិការនៅថ្ងៃនេះ គឺដើម្បីបម្រើអតិថិជនរួម មានន័យថាអាចជួយដល់អតិថិជនរបស់អេស៊ីលីដាផង និងអតិថិជនរបស់យូញៀនផេផង សម្រាប់ទូទាត់ជាអន្តរជាតិផង និងនៅក្នុងទីផ្សារកម្ពុជាផង។ លោកបណ្ឌិតបានបញ្ជាក់ផងដែរថា ទាំងពាណិជ្ជករ និងអតិថិជន ទូទៅ បច្ចុប្បន្ននេះមិនថាការទៅក្រៅប្រទេសដើម្បីធ្វើវិស្សមកាលឬធ្វើជំនួញនោះទេ គាត់ត្រូវការប័ណ្ណដែលមានវិសាលភាពធំទូលាយសម្រាប់ធ្វើការទូទាត់ ហេតុនេះបើគិតដល់ប័ណ្ណដែលមានវិសាលភាពធំទូលាយ យូញៀនផេជាជម្រើសល្អបំផុត ព្រោះស្ថាប័ននេះមានវិសាលភាពធំជាងគេ។ងាកមកកម្ពុជាវិញ ស្ថាប័នដែលធំជាងគេ គឺអេស៊ីលីដាហេតុនេះស្ថាប័នធំៗទាំង 2 នេះបានចាប់ដៃគ្នាជាដៃគូយុទ្ធសាស្ត្រនឹងធ្វើឱ្យអតិថិជនកាន់តែមានភាពងាយស្រួល និងប្រសើរឡើង។
លោកបណ្ឌិត អុិន ចាន់នី បានមានប្រសាសន៍ថា៖ “នេះជាជំហានវិជ្ជមានថ្មីមួយទៀតដែលពីមុនមក អេស៊ីលីដាធ្លាប់បានដាក់ឱ្យប្រើប្រាស់ត្រឹមតែការទូទាត់ធម្មតា តែបច្ចុប្បន្ននេះយើងបានបោះពុម្ពប័ណ្ណសម្រាប់ប្រើប្រាស់ជាផ្លូវការ ដែលប័ណ្ណនេះមានលក្ខណៈពិសេស គឺមិនបាច់ស៊កបញ្ចូលទៅក្នុងម៉ាស៊ីនឆូតកាតដែលនាំឱ្យចំណាយពេលវេលាយូរនោះទេ វាជាប្រភេទប័ណ្ណម្យ៉ាងដែលគេហៅថា Contact less Card ដែលអាចទូទាត់ដោយគ្រាន់តែដាក់ពីលើម៉ាស៊ីនឆូតកាត ចំណាយពេលខ្លី និងមានសុវត្ថិភាពខ្ពស់”។
លោកប្រធាននាយកប្រតិបត្តិបានបន្តទៀតថា យើងតាំងចិត្តថា ស្តាប់អតិថិជនរបស់យើង ហើយងាកមកគិតបន្ថែមដើម្បីធ្វើយ៉ាងណាឆ្លើយតបទៅគាត់វិញឱ្យបានល្អ។ សព្វថ្ងៃនេះអតិថិជនរបស់យើងបានបង្ហាញថា ការប្រើប្រាស់សេវាកម្មនៅតាមបញ្ជរ បើទោះបីជាចំណាយពេលត្រឹមតែ2 ឬ 3នាទី ក៏រាប់ថាយូរដែរ ហើយការប្រើប្រាស់នៅម៉ាស៊ីនអេធីអឹមក៏រាប់ថាចំណាយពេលវេលាច្រើនដែរ ដោយក្នុងនោះមានតែការប្រើប្រាស់តាមសេវាកម្មអេស៊ីលីដាទាន់ចិត្តប៉ុណ្ណោះ ទើបមានភាពឆាប់រហ័ស និងប្រសិនបើអតិថិជនទៅក្រៅប្រទេស គាត់ចាំបាច់ត្រូវតែប្រើប្រាស់ប័ណ្ណនេះ។ ហេតុនេះហើយទើបយើងស្តាប់អតិថិជន ហើយអភិវឌ្ឍបច្ចេកវិទ្យារបស់យើង ដោយការចាប់ដៃគ្នាធ្វើឱ្យកាន់តែប្រសើរឡើងជាមួយយូញៀនផេនៅថ្ងៃនេះ។
លោក Yang Wennhui នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន យូញៀនផេ ប្រចាំនៅអាស៊ីអាគ្នេយ៍ បានលើកឡើងថា នៅក្នុងប្រទេសកម្ពុជា កាត យូញៀនផេ ត្រូវបានគេប្រើប្រាស់ជាង80ភាគរយនៃម៉ាស៊ីនអេធីអឹម និង90ភាគរយនៃម៉ាស៊ីនឆូតកាតនៅទូទាំងប្រទេស។ ការចូលទីផ្សារបានបន្តពង្រីក ហើយអតិថិជនកាន់តែច្រើនកំពុងប្រើប្រាស់ ដែលជាកាតជម្រើសដែលបង្ហាញថា យូញៀនផេ ជាវិធីទូទាត់ដ៏មានសារៈសំខាន់ចំពោះប្រជាជនកម្ពុជា។ យូញៀនផេ មានដៃគូជាមួយស្ថាប័នប្រមាណជាង 2,000នៅលើពិភពលោក ហើយបានដាក់ឱ្យប្រើប្រាស់នៅជាង 174ប្រទេស ដែលមានចេញកាតរហូតដល់ទៅ 7.5ពាន់លានកាត។
យូញៀនផេ ចាត់ទុកធនាគារអេស៊ីលីដាជាដៃគូប្រកបដោយគុណតម្លៃ និងជាដៃគូដ៏សំខាន់ក្នុងការអភិវឌ្ឍអាជីវកម្មនៅកម្ពុជា។ យើងនឹងបង្កើនកិច្ចសហការកាន់តែប្រសើរដើម្បីជំរុញឱ្យការបម្រើអតិថិជនកាន់តែមានភាពសម្បូរបែប និងបន្តបង្កើនភាពរឹងមាំនៅក្នុងទីផ្សារកម្ពុជា៕