សហគ្រាស​“នាឡិ​”ផលិត​នំ​ខ្មែរ​ជាង​ 60មុខ​ ប្រកួត​ជាមួយ​នំ​បរទេស​

កម្ពុជា​ជា​ប្រទេស​ដែល​មាន​វប្បធម៌​ដ៏​ចំណាស់​មួយ​នៅ​លើ​ពិភពលោក​ ដែល​មាន​ភាព​សម្បូរ​បែប​ទាំង​សំណង់​ស្ថាបត្យកម្ម​ ទម្រង់​សិល្បៈ​ប្រពៃណី​ និង​ម្ហូបអាហារ​។ តាមរយៈ​តឹកតាង​ប្រវត្តិសាស្ត្រ​នៅ​លើ​ជញ្ជាំង​ប្រាសាទបុរាណ​នានា​ បង្ហាញថា​ ខ្មែរ​ជា​ប្រទេស​ដែល​មាន​វប្បធម៌​ចាក់គ្រឹះ​រឹងមាំ​ រួម​ជាមួយ​រឿង​រ៉ាវ​អស្ចារ្យ​ៗជាច្រើន​ដែល​គួរតែ​លើកតម្កើង​ ជាពិសេស​ពាក់ព័ន្ធ​នឹង​ម្ហូបអាហារ​ តែ​អ្វី​ដែល​ជា​បញ្ហា​ប្រឈម​គឺ​ ប្រជាជន​យើង​មិនទាន់​បាន​ចាប់ផ្តើម​បង្កើត​ផលិតផល​ម្ហូបអាហារ​ឱ្យ​ស្របតាម​ស្តង់​ដា​ដើម្បី​បង្ហាញ​ពិភពលោក​ដូច​បណ្តា​ប្រទេស​ល្បី​ៗផ្នែក​ទេសចរណ៍​មួយចំនួន​ដែល​កំពុង​ខិតខំ​ប្រឹងប្រែង​បង្ហាញ​អត្តសញ្ញាណ​របស់​ខ្លួន​ទៅកាន់​ពិភពលោក​។

ដោយ​មើលឃើញ​ពី​ចំណុច​ខ្វះខាត​ទាំងនេះ​ លោក​ អុិន​ ច័ន្ទ​ធា​រ៉ា​ បាន​បង្កើត​ឡើង​នូវ​ចង្វាក់​ផលិតកម្ម​ផលិត​នំ​ខ្មែរ​ឱ្យ​ស្របតាម​ស្តង់​ដា​បច្ចេកទេស​ច្បាស់លាស់​ ដើម្បី​លើក​តម្លៃ​ និង​មាន​គម្រោង​នាំចេញ​ឱ្យ​កាន់តែ​ទូលំទូលាយ​លើ​ពិភពលោក​។ នៅ​ថ្ងៃនេះ​ កាសែត​ឡា​រ៉ែ​ន ពាណិជ្ជ​បាន​ធ្វើ​បទ​សម្ភាស​ជាមួយ​លោក​ អុិន​ ច័ន្ទ​ធា​រ៉ា​ ពី​ចំណុច​លម្អិត​នៃ​ផលិតកម្ម​ដ៏​មាន​សារៈសំខាន់​មួយ​នេះ​។

1. តើ​មូលហេតុ​អ្វី​ទើប​លោក​សម្រេចចិត្ត​បង្កើត​ជា​ផលិតផល​នំ​ខ្មែរ​ “នាឡិ​” នេះ​ឡើង​?
មុននឹង​បង្ហាញ​ពី​មូលហេតុ​ដែល​ខ្ញុំ​បាន​ធ្វើ​នៅ​ថ្ងៃនេះ​ ខ្ញុំ​ចង់​បញ្ជាក់​បន្តិច​ថា​ មុន​ចាប់ផ្តើម​បង្កើត​អាជីវកម្ម​នេះ​ ពីមុន​មក​ខ្ញុំ​ធ្លាប់​បាន​ធ្វើអាជីវកម្ម​មួយ​ចំនួន​រួចមក​ហើយ​ ដូចជា​បច្ចេកវិទ្យា​ សាលារៀន​ និង​ឌីហ្សាញ​ជាដើម​ និង​ថែមទាំង​បាន​បង្កើត​សាខា​មួយ​ចំនួន​ទៀតផង​។ ខ្ញុំ​បង្កើត​អាជីវកម្ម​ប្រភេទ​នេះ​ឡើង​ ដោយសារតែ​ខ្ញុំ​បាន​បញ្ចប់​ការសិក្សា​ផ្នែក​បច្ចេកវិទ្យា​ ហើយក៏​ចង់​បង្កើត​អ្វី​ដែល​ថ្មី​ ដោយ​ក្នុង​នោះ​ខ្ញុំ​បាន​បង្កើត​កម្មវិធី​កុំព្យូទ័រ​ និង​ទូរស័ព្ទ​ដែល​ស្រដៀងគ្នា​ជាមួយនឹង​ Google​ Maps​ តាំងពី​ឆ្នាំ2003​ ម៉្លេះ​។ ក្រោយមក​ទៀត​អាជីវកម្ម​នោះ​ត្រូវ​បាន​បិទទ្វារ​ទៅ​វិញ​ ដោយសារ​ខ្ញុំ​រក​មិនទាន់​ឃើញ​ក្តី​ស្រឡាញ់​ពិតប្រាកដ​។

ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ដោយសារតែ​ខ្ញុំ​ឃើញ​ថា​ ក្រុម​គ្រួសារ​របស់ខ្ញុំ​ជា​អ្នក​ផលិត​នំ​ខ្មែរ​ស្រាប់​ ដែល​អាជីព​នេះ​ធ្វើ​ឱ្យ​ឪពុក​ម្តាយ​ខ្ញុំ​អាច​រកចំណូល​ផ្គត់ផ្គង់​ក្រុម​គ្រួសារ​ និង​កូន​ៗឱ្យ​ធំធាត់​ និង​អភិវឌ្ឍ​បាន​គ្រប់គ្នា​ ខ្ញុំ​ក៏​ចាប់ផ្តើម​ស្រាវជ្រាវ​បន្ថែម​ពី​ប្រភព​សំ​ខាន់​ៗរបស់​នំ​ខ្មែរ​។ តាមពិត​នំ​ខ្មែរ​មាន​ប្រភព​ និង​ប្រវត្តិ​អស្ចារ្យ​ណាស់​ដែល​បាន​ចាក់គ្រឹះ​យ៉ាង​រឹងមាំ​ក្នុង​ការរស់នៅ​របស់​ប្រជាជន​ខ្មែរ​ ហើយ​មាន​លក្ខណៈ​ពិសេស​ប្លែក​ពី​ប្រទេស​នានា​។ ដំណាលគ្នា​នឹង​ការ​ស្រាវជ្រាវ​នេះ​ដែរ​ ខ្ញុំ​ក៏បាន​ចេញទៅ​ប្រទេស​មួយ​ចំនួន​ ហើយ​បានឃើញ​ថា​ តាមពិត​ទៅ​នៅ​ប្រទេស​គេ​គេ​ព្យាយាម​គ្រប់​លទ្ធភាព​ ដើម្បី​បង្ហាញ​ម្ហូបអាហារ​ដែល​ជា​អត្តសញ្ញាណ​ជាតិ​របស់​គេ​ឱ្យ​ភ្ញៀវ​ពីក្រៅ​ប្រទេស​បាន​ភ្លក្ស​។ ហើយ​គ្រាន់តែ​យើង​ទៅ​ចូលរួម​ក្នុង​កម្មវិធី​នៅ​ប្រទេស​គេ​ភ្លាម​ គេ​នាំ​យើង​ទៅ​កន្លែង​ដែល​មាន​ម្ហូបអាហារ​របស់​គេ​ភ្លាម​ ដែល​ចំណុច​នេះ​ធ្វើ​ឱ្យ​ខ្ញុំ​យល់ឃើញ​ថា​ យើង​នៅ​ខ្វះចន្លោះ​ត្រង់​ចំណុច​នេះ​។

តាមពិត​យើង​មាន​ប្រភព​ មាន​រូបមន្ត​ និង​មាន​ប្រវត្តិ​ម្ហូបអាហារ​អស្ចារ្យ​ជាង​ប្រទេស​ទាំងអស់​នោះ​ទៅទៀត​ តែ​យើង​ខ្វះ​កន្លែង​បង្ហាញ​គេ​ឱ្យ​ឃើញថា​ តើ​យើង​មាន​ប្រភេទ​អាហារ​អ្វីខ្លះ​ មាន​រសជាតិ​ និង​សោភណភាព​ល្អ​យ៉ាងណា​ខ្លះ​?។ ហេតុនេះ​ហើយ​ទើប​ខ្ញុំ​សម្រេចចិត្ត​ចាប់ផ្តើម​បង្កើត​ជា​ផលិតកម្ម​ផលិត​នំ​នេះ​ឡើង​ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​នំ​ខ្មែរ​ដែល​ជា​អត្តសញ្ញាណ​ជាតិ​ស្របតាម​ស្តង់​ដា​ច្បាស់លាស់​ ដើម្បី​បង្ហាញ​ដល់​ប្រជាជន​ខ្មែរ​ និង​ភ្ញៀវ​បរទេស​ឱ្យ​បានដឹង​ថា​ យើង​មាន​ប្រវត្តិ​ម្ហូបអាហារ​ដ៏​អស្ចារ្យ​។

ម្យ៉ាងវិញទៀត​ ចុងក្រោយ​នេះ​ខ្ញុំ​រក​ឃើញថា​ តាម​ពិត​ទៅ​ ខ្ញុំ​ជា​មនុស្ស​ដែល​ចូលចិត្ត​ការបង្កើត​ថ្មី​ ហេតុនេះ​ខ្ញុំ​ក៏​ចាប់ផ្តើម​យក​ម្ហូបអាហារ​ ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​វប្បធម៌​របស់​យើង​បង្កើត​ការ​អភិវឌ្ឍ​ដើម្បី​អភិរក្ស​ឱ្យ​មាន​ភាព​ល្បីល្បាញ​ទាំង​នៅក្នុង​ប្រទេស​ និង​នៅ​ក្រៅប្រទេស​។

2. តើ​រូបមន្ត​នៃ​ការផលិត​នំ​ និង​ការរៀបចំ​ប្រព័ន្ធ​សុវត្ថិភាព​លោក​មានការ​រៀបចំ​បែប​ណា​ដែរ​?
តាមពិត​ ដោយសារ​គ្រួសារ​របស់ខ្ញុំ​ជា​អ្នក​ផលិត​នំ​ស្រាប់​ គ្រាន់តែ​កន្លងមក​គាត់​ផលិត​តាម​បែប​ប្រពៃណី​ ហេតុនេះ​ម្តាយ​របស់ខ្ញុំ​មាន​រូបមន្ត​នំ​ខ្មែរ​រហូតដល់​ទៅ​ជាង​ 60មុខ​។ ដំបូង​ឡើយ​គាត់​មិនទាន់​ជឿជាក់​នៅឡើយ​ទេ​ថា​ នំ​ខ្មែរ​ត្រូវ​បាន​គេ​គាំទ្រ​ ហើយ​អាច​ផលិត​តាម​ស្តង់​ដា​ត្រឹមត្រូវ​ច្បាស់លាស់​បាន​ ព្រោះ​យើង​ធ្លាប់តែ​ឃើញ​គេ​ធ្វើតាម​ទម្លាប់​ចាស់​ៗ តែ​ក្រោយមក​ដោយសារតែ​យើង​បាន​សាកល្បង​ ហើយ​បូករួម​ទាំង​មានការ​ចាប់អារម្មណ៍​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន​ផង​នោះ​ ធ្វើ​ឱ្យ​គាត់​មើលឃើញ​កាន់តែ​ច្បាស់​ពី​សក្តា​នុ​ពល​នៃ​ការផលិត​នំ​ខ្មែរ​នេះ​។

ចាប់តាំងពី​ពេលនោះ​មក​ គាត់​បាន​ចំណាយពេល​វេលា​យ៉ាងច្រើន​របស់​គាត់​ដើម្បី​ចងក្រង​ជា​រូបមន្ត​ច្បាស់លាស់​ ដែល​វា​ជាផ្នែក​មួយ​យ៉ាង​សំខាន់​សម្រាប់​ពួក​យើង​ក្នុង​ការផលិត​។ ខ្ញុំ​ក៏បាន​ប្រើប្រាស់​រូបមន្ត​ទាំងអស់​នោះ​មក​ចង​ជា​ប្រព័ន្ធ​បច្ចេកវិទ្យា​ត្រឹមត្រូវ​ ដើម្បី​កំណត់​ពី​ចំនួន​វត្ថុធាតុដើម​ និង​ដើម្បី​ថ្លឹង​ឱ្យ​បាន​ច្បាស់លាស់​លើ​គ្រប់មុខ​ទាំងអស់​សម្រាប់​ការផលិត​ឱ្យ​មាន​ស្តង់​ដា​ត្រឹមត្រូវ​។ យើង​អាច​សាកល្បង​បាន​ ដោយ​ការ​ចាប់​ជា​នំ​ប្រភេទ​នី​មួយ​ៗ យើង​នឹង​ឃើញថា​ នំ​ទាំងអស់​មាន​ទម្ងន់​ស្មើគ្នា​ ព្រោះ​យើង​បាន​ថ្លឹង​ទាំង​វត្ថុធាតុដើម​ ទាំង​ស្លឹកចេក​ និង​ការ​វេច​ខ្ចប់​យ៉ាង​ច្បាស់លាស់​។ នៅក្នុង​ចង្វាក់​ផលិតកម្ម​ដែល​យើង​មាន​សព្វថ្ងៃ​នេះ​ គឺ​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​គ្រប់គ្រង​ ដែល​ជួយ​បាន​ច្រើន​ក្នុង​ការកំណត់​ពី​ចំនួន​ច្បាស់លាស់​មិន​ឱ្យ​ខ្ជះ​ខ្ចាយ​នោះ​ទេ​។ ជាឧទាហរណ៍​ប្រសិនបើ​យើង​ត្រូវការ​អន្សម​ចំនួន​ 100នំ​ អ្នកគ្រប់គ្រង​គ្រាន់តែ​វាយ​បញ្ចូល​ទិន្នន័យ​ទៅ​ក្នុង​ប្រព័ន្ធ​ដែល​យើង​មានស្រាប់​ នោះ​នឹង​ចេញ​របាយការណ៍​ច្បាស់លាស់​ថា​ ត្រូវការ​អង្ករ​ប៉ុន្មាន​? សណ្តែក​ប៉ុន្មាន​? សាច់​ប៉ុន្មាន​? ស្លឹកចេក​ប៉ុន្មាន​? យ៉ាង​ច្បាស់លាស់​។

ចំពោះ​បញ្ហា​សុវត្ថិភាព​វិញ​ ក៏​យើង​បាន​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​ធ្វើ​ឱ្យ​នំ​ខ្មែរយើង​ត្រូវ​បាន​ទទួលស្គាល់​យ៉ាង​ទូលំទូលាយ​។ ហេតុនេះ​ហើយ​ វត្ថុធាតុដើម​ គឺ​យើង​យក​មក​ផ្ទាល់​ពី​កសិករ​ ដើម្បី​យក​មក​ប្រើប្រាស់​ក្នុង​ផលិតកម្ម​មួយ​ដែល​មាន​អនាម័យ​ច្បាស់លាស់​។ យើង​ប្រយ័ត្ន​បំផុត​ រឿង​វត្ថុធាតុ​ដើម្បី​ផលិត​ ហើយ​បច្ចេកទេស​ទៀតសោត​ ក៏​យើង​គោរព​តាម​ស្តង់​ដា​ដែល​កំណត់​ដោយ​ក្រសួង​ស្ថាប័ន​ត្រឹម​-ត្រូវ​ ដូចជា​មានការ​ទទួលស្គាល់​ស្តង់​ដាស5​ ចបផ​និង​វគ្គ​ហា​ឡាល់​ រួម​ទាំង​ការ​ទទួលស្គាល់​ពី​ស្ថាប័ន​សំ​ខាន់​ៗជាច្រើន​ទៀត​។

ក្រៅពី​នេះ​ យើង​ក៏អាច​ធ្វើការ​វេច​ខ្ចប់​ដោយ​ប្រើប្រាស់​វិធី​ធម្មជាតិ​ មិន​ប្រើប្រាស់​សារធាតុគីមី​ ដើម្បី​វេច​ខ្ចប់​ និង​រក្សាទុក​ចាប់ពី​ 2ខែ​ រហូតដល់​ 6ខែ​បាន​យ៉ាង​ល្អ​។ វិធីសាស្ត្រ​របស់​យើង​គឺ​ដក​សារធាតុ​ទឹក​សកម្ម​ចេញពី​វត្ថុធាតុដើម​ឱ្យ​អស់​ដោយ​ប្រើប្រាស់​ម៉ាស៊ីន​សម្ងួត​ ដើម្បី​កាត់បន្ថយ​ប្រតិកម្ម​ដែល​ធ្វើ​ឱ្យ​ឆាប់​ជូរ​ផ្អូម​។ ការ​ធ្វើបែប​នេះ​មិន​ប៉ះពាល់​ដល់​រសជាតិ​នៃ​ចំណីអាហារ​នោះ​ទេ​ ព្រោះ​ជាតិទឹក​សកម្ម​នេះ​មាន​តិចតួច​បំផុត​នៅក្នុង​វត្ថុធាតុដើម​។

3. តើ​បច្ចុប្បន្ន​នេះ​នំ​ខ្មែរ​ទទួល​បានការ​គាំទ្រ​ល្អ​ប៉ុនណា​ដែរ​ក្នុង​ទីផ្សារ​កម្ពុជា​យើង​?
ថ្វី​ដ្បិតតែ​យើង​កំពុង​ចាប់បាន​ទីផ្សារ​មិនទាន់​ធំ​ពេក​នៅក្នុង​ប្រទេស​មែន​ក្ដី​ តែ​យើង​មើលឃើញ​ថា​ ជា​រួម​លទ្ធផល​ដែល​យើង​ទទួល​បាន​ គឺ​វិជ្ជមាន​។ បច្ចុប្បន្ន​នេះ​ យើង​មាន2សាខា​ចែកចាយ​សំ​ខាន់​ៗ គឺ​នាឡិ​ សាខា​ដូនពេញ​ និង​នាឡិ​សាខា​មានជ័យ​ ដែល​ជា​ច្រក​សម្រាប់​ចែកចាយ​ផលិតផល​។ ក្រៅពី​នេះ​យើង​ក៏​សង្កេតឃើញ​ដែរ​ថា​ ប្រជាជន​របស់​យើង​រួម​ទាំង​យុវជន​ផង​កំពុង​ចាប់អារម្មណ៍​លើ​ការ​ទទួលទាន​នំ​ខ្មែរ​ មិនមែន​ចាំបាច់​តែ​នៅ​រដូវ​បុណ្យទាន​នោះ​ទេ​។ យើង​មាន​ហាង​កាហ្វេ​ ផ្សារ​ទំនើប​ សណ្ឋាគារ​ភោជនីយដ្ឋាន​ និង​អតិថិជន​ដែល​បញ្ជាទិញ​តាម​បណ្តាញ​សង្គម​ជាប្រចាំ​ថ្ងៃ​ ដែល​ចរន្ត​នេះ​ធ្វើ​ឱ្យ​យើង​មើលឃើញ​ថា​ ប្រជាជន​ចាប់ផ្តើម​ផ្តល់​តម្លៃ​ដល់​ផលិតផល​ជាតិ​របស់​យើង​កាន់តែ​ច្រើនឡើង​ហើយ​។ម្យ៉ាងវិញទៀត​យើង​ក៏​ទទួល​បានការ​គាំទ្រ​ពី​ក្រសួង​ស្ថាប័ន​ដែល​តែងតែ​បញ្ជាទិញ​សម្រាប់​កម្ម​វិ​ធី​ធំៗ​ដូចជា​នៅ​ក្រសួង​ ធនាគារ​ និង​នៅ​ព្រឹត្តិ​ការណ៍​ទេសចរណ៍​សំ​ខាន់​ៗ ដូចជា​បុណ្យ​សមុទ្រ​ជាដើម​។

4. តើ​ “នាឡិ​” មានការ​រំពឹង​ទុកជា​វិជ្ជមាន​អ្វីខ្លះ​សម្រាប់​អនាគត​?
សម្រាប់​អនាគត​ ខ្ញុំ​មានការ​រំពឹង​ទុក​ថា​ ប្រជាជន​ខ្មែរ​ ជាពិសេស​នំ​ខ្មែរ​ នឹង​ត្រូវ​បាន​គេ​ចាប់អារម្មណ៍​លើឆាកអន្តរជាតិ​ មិនចាញ់​អាហារ​បរ​ទេ​សល្បីៗ​នោះ​ទេ​។ យើង​នឹង​គ្រោង​បង្កើត​ឱ្យ​មាន​រោងចក្រ​ធំ​ និង​ស្តង់​ដា​មួយ​ដើម្បី​ផលិត​នំ​សម្រាប់​នាំចេញ​ ក្នុង​គោលបំណង​លើកតម្កើង​ម្ហូបអាហារ​ខ្មែរ​ ដែល​មាន​ប្រវត្តិ​ដ៏​អស្ចារ្យ​ និង​រសជាតិ​ប្លែក​ទៅកាន់​បរទេស​។ វា​ក៏​ជា​អត្តសញ្ញាណ​របស់​ជាតិ​ផង​ដែរ​ ហេតុនេះ​យើង​សង្ឃឹមថា​ ប្រជាជន​នៅក្នុង​ប្រទេស​នឹង​មានការ​ផុសផុល​ផ្តល់​តម្លៃ​កាន់តែ​ច្រើន​សម្រាប់​ផលិតផល​នំ​របស់​ប្រទេស​យើង​ដែល​ត្រូវ​បាន​ផលិត​ឡើង​ដោយ​គិតគូរ​ពី​សុវត្ថិភាព​ខ្ពស់​៕

អត្ថបទពេញនិយម

អាការ​តាំង​គភ៌ថ្មីៗ និង14សញ្ញា​បញ្ជាក់ថាអ្នក​កំពុង​ជិត​ក្លាយជា​ម្តាយ​គេ​ហើយ

សម្រាប់​អាការ​របស់​អ្នក​តាំង​គភ៌​រយៈដំបូងៗ តើ​យើង​នឹង​ដឹង​យ៉ាងណា​បាន​ថា កំពុងតែ​មានគភ៌​ឬក៏​អត់? ព្រោះ​ក្នុង​រយៈ​ពេល​1សប្តាហ៍​ដំបូង អាច​និយាយបានថា ជា​អំឡុង​ពេលដែល​មិនសូវ​បង្ហាញ​អាការ​ប៉ុន្មាន​ឡើយ ហើយ​បើ​អីុចឹង តើនារីៗយើង​នឹង​ដឹង ហើយ​ប្រាកដ​ក្នុង​ចិត្ត​យ៉ាងណា​បាន​ទៅ​ថា...

អាការ9យ៉ាង​នៃ​អ្នក​ចាប់ផ្តើម​មាន​ផ្ទៃពោះ ដែលនារីៗទាំងឡាយ​គួរ​ដឹង

សញ្ញា​នៃ​ការតាំង​គភ៌​មិន​មែនមាន​ត្រឹមតែ​ការ​ក្អួតចង្អោរ​ប៉ុណ្ណោះ​ទេ ព្រោះ​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុង​រយៈ​ដំបូង​អាច​មិន​ដូចគ្នា​ទាំងអស់​នោះទេ អ្នកខ្លះ​ចាញ់​ខ្លាំង ឬ​អ្នកខ្លះ​សឹងតែ​គ្មាន​អាការ​ចាញ់កូន​សោះ​ក៏មាន ឯ​អ្នក​ខ្លះទៀត​កើត​អាការប្លែកៗដែល​ធ្វើឱ្យ​យល់ច្រឡំ​ថា ជា​អាការ​ជំងឺ​អ្វីមួយ​ទៅវិញ ដូច្នេះ​នៅពេលនេះ ឡា​រ៉ែ​ន សូម​រួបរួម​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុងលក្ខណៈផ្សេងៗមក​ជម្រាប​ជូនជ្រាប...

ត្រូវតែដឹង… អាការឈឺពោះផ្នែកខាងស្ដាំបញ្ជាក់ប្រាប់ពីជំងឺអ្វីខ្លះ?

នរ​ណាៗ​ក៏​ដឹង​ដែរ​ថា​ អាការ​ឈឺពោះ​នេះ​ នៅពេល​ដែល​វា​កើតឡើង​ហើយ​ តែងតែ​សាង​នូវ​ក្ដី​លំបាក​ដល់​រាងកាយ​របស់​យើង​ខ្លាំង​ណាស់​ មិនថា​តែ​ឈឺពោះ​ផ្នែក​ខាងឆ្វេង​ ឬផ្នែក​ខាងស្ដាំ​ឡើយ​។ បើសិនជា​អាការ​ឈឺ​ក្នុង​លក្ខណៈ​នោះ​កើតឡើង​ចំពោះ​យើង​ញឹកញាប់​ នោះ​វា​អាច​ជា​សញ្ញា​មួយ​ដែល​ប្រាប់​ឱ្យ​យើង​ដឹង​អំពី​បញ្ហា​សុខភាព​ដែល​កំពុង​ជិត​មកដល់​ ដូច្នេះ​សូម​ឱ្យ​នឹក​ឃើញ​ជាប់​ជានិច្ច​ថា​...

វិធីពន្លឿនការមករដូវប្រចាំខែ ឱ្យធ្លាក់លឿនជាងមុន មិនមានគ្រោះថ្នាក់ និងទទួលបានផលល្អ

ការមករដូវ គឺជារឿងធម្មតាសម្រាប់ស្ត្រី ប៉ុន្តែស្ត្រីមួយចំនួនអាចមានបញ្ហាមករដូវមិនប្រក្រតី ហើយមានស្ត្រីខ្លះឆាប់មករដូវ ខ្លះទៀតបាត់រដូវ រដូវមកមិនទៀងទាត់ ឬមករដូវយឺតជាដើម។ ស្ត្រីខ្លះអាចរាំងរដូវរហូតដល់គិតថា អ្នកមានផ្ទៃពោះម្តងទៀត...

ឈឺពោះខាងស្តាំ… អាការឈឺនេះបញ្ជាក់ពីជំងឺអ្វីបានខ្លះ?

ឈឺពោះខាងស្តាំញឹកញាប់ រហូតចាប់ផ្តើមនឹកចម្លែកចិត្តចំពោះខ្លួនឯង ថាអេះ៎? អាការឈឺពោះខាងស្តាំនេះកំពុងតែប្រាប់ពី ហេតុអ្វីម្យ៉ាងនៅក្នុងរាងកាយឱ្យយើងដឹងទេដឹង?។ អាការឈឺពោះខាងស្តាំ មិនថាតែផ្នែកខាងលើ ខាងក្រោម ឬឈឺពោះម្តុំក្រោមឆ្អឹងជំនីនោះឡើយ គ្រប់អាការឈឺពោះដែលកើតឡើងសុទ្ធតែមានដើមកំណើតរបស់វាទាំងអស់...

ថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កៀរគរក្រុមហ៊ុនជប៉ុនឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសមាគមជប៉ុន-កម្ពុជា...

កម្ពុជាក្លាយជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រគល់ពាន​រង្វាន់​​អាស៊ានសម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ឆ្នាំ២០២៤

ភ្នំពេញ ៖​  ពាន​រង្វាន់​​អាស៊ាន ​សម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ដែល​បានជួយ​កិច្ច​ការ​សង្គម​ប្រចាំឆ្នាំ ២០២៤ ​ត្រូវ​បានរៀបចំឡើង​នៅរាជធានីភ្នំពេញ​ប្រទេស​កម្ពុជា កាលពីរាត្រីថ្ងៃទី...

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នឹងចាប់ផ្តើមនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤នេះហើយ

ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាមួយទៀត ដែលជាឱកាសដ៏ល្អសម្រាប់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែលជាពាណិជ្ជករ ផលិតករ វិនិយោគិន និងសាធារណជន ដើម្បីមកជួបជុំគ្នា មានទំនាក់ទំនងជាមួយគ្នាជាលក្ខណៈផ្លូវការ...

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ វិថីតេជោសន្តិភាពឆ្នេរអង្កោល ជាសរសៃឈាមមួយដ៏សំខាន់ សម្រាប់ការតភ្ជាប់សហគមន៍ទេសចរណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវវិថីតេជោសន្តិភាពឆ្នេរអង្កោល នៅខេត្តកែប...

អត្ថបទស្រដៀងគ្នា