បច្ចុប្បន្ននេះ ដោយសារតែចរន្តនៃការប្រែប្រួល និងស្របពេលដែលកម្ពុជាស្ថិតជាសមាជិកអាស៊ានរួមទាំងជាសមាជិកស្ថាប័នអន្តរជាតិសំខាន់ៗមួយចំនួនទៀត បានធ្វើឱ្យកម្ពុជាបើកចំហការវិនិយោគកាន់តែទូលំទូលាយដល់ជនបរទេសដើម្បីមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា។
កំណើននៃការវិនិយោគ និងចូលមករកស៊ីនៅកម្ពុជារបស់ជនបរទេសនេះ ត្រូវបានគេមើលឃើញពីផលវិជ្ជមានផង និងអវិជ្ជមានផង។ ផលវិជ្ជមាន គឺធ្វើឱ្យមានការកើនឡើងនូវសំណង់អគារថ្មីៗ ចង្វាក់ផលិតកម្ម រួមទាំងតំបន់ទំនើបៗជាច្រើនដែលកើតចេញពីការវិនិយោគ តែទន្ទឹមនឹងនោះ ប្រជាជនក៏មានការព្រួយបារម្ភផងដែរពីបាត់បង់ទីផ្សារការងារ និងមុខរបរមួយចំនួនដែលកើតឡើងដោយសារតែចូលមករបស់ជនបរទេសមួយចំនួន។
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បានលើកឡើងថា ឆាប់ៗខាងមុខនេះក្រសួងការងារ នឹងដាក់ចេញនូវប្រកាសដើម្បីទប់ស្កាត់ជនបរទេសមិនឱ្យមានសកម្មភាពស្វ័យនិយោជ ឬហៅសាមញ្ញថា បង្កើតមុខរបរផ្ទាល់ខ្លួនលើប្រភេទមុខរបរ និងការងារចំនួន10 ដូចជា មុខរបរបើកយានយន្ត ដូចជា តាក់ស៊ី ម៉ូតូកង់3 ម៉ូតូឌុប លក់ដូរតាមផ្លូវ ឬតាមរទះរុញ កាត់សក់ ចែកចាយផលិតផល និងការធ្វើអាជីវកម្មខ្នាតតូច ជាដើម ដែលមុខរបរទាំងអស់នេះភាគច្រើនជាសកម្មភាពនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ក្រៅពីនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏នឹងហាមឃាត់ផងដែរចំពោះជនបរទេសមិនឱ្យកាន់តួនាទីជាប្រធានផ្នែកធនធានមនុស្ស ឬបុគ្គលិកនៅក្នុងសហគ្រាស ឬគ្រឹះស្ថានឯកជនជាដើមទៀតផង។ យោងលើបទដ្ឋានសុវត្ថិភាព និងសុខភាពការងាររួមទាំងការធានាសេចក្តីថ្លៃថ្នូរ និងគុណភាពសេវាកម្មរបស់និយោជក អធិការការងាររបស់ក្រសួងការងារ នឹងចាប់ផ្តើមផាកពិន័យលើសហគ្រាស និងគ្រឹះស្ថានទាំងឡាយណាដែលមិនមានបិទសញ្ញាការ ឬបញ្ជីផលិតផល ឬបញ្ជីម្ហូប ឬបញ្ជីសេវាកម្មជាភាសាខ្មែរថែមទៀត។
ឯកឧត្តម ហេង សួរ បានថ្លែងថា៖ “ក្រៅពីការកំណត់មុខរបរ និងការងារដែលជនបរទេសធ្វើស្វ័យនិយោជ កន្លងមកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានកំណត់នូវច្បាប់មួយចំនួនផងដែរលើជនបរទេសដែលមកស្នាក់នៅ និងធ្វើការងារនៅកម្ពុជា”។ ឯកឧត្តម ហេង សួរ បានបន្ថែមទៀតថា តាមច្បាប់ វិនិយោគិនបរទេសដែលមកស្នាក់ជាប្រចាំ និងធ្វើការងារនៅកម្ពុជា ត្រូងបង់ប្រាក់ចូលថវិកាជាតិប្រមាណ 360ដុល្លារក្នុង 1ឆ្នាំ ដោយក្នុងនោះពួកគាត់ត្រូវបង់អាករលើទិដ្ឋាការស្នាក់នៅបណ្តោះអាសន្នរយៈពេលវែងចំនួន 180ដុល្លារក្នុង 1ឆ្នាំ បង់អាករប័ណ្ណ ឬសៀវភៅការងារប្រមាណ 130ដុល្លារក្នុង 1ឆ្នាំ និងបង់អាករស្នើសុំកូតាប្រើប្រាស់ជនបរទេសចំនួន 50ដុល្លារបន្ថែមទៀត។
ចំពោះសហគ្រាស និងគ្រឹះស្ថានដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ជនបរទេសបាន លុះត្រាតែស្ថាប័ននោះបានបង្ហាញពីការផ្តល់អាទិភាព និងខិតខំជ្រើសរើសជនជាតិខ្មែរជាមុនសិន ឬមានការបញ្ចាក់ថា ជនបរទេសនោះមានជំនាញខ្ពស់ដែលនៅកម្ពុជាមិនទាន់មាន។ ក្រៅពីនេះអាជីវកម្មដែលអាចអនុញ្ញាតផងដែរនោះ គឺភាគច្រើនជាអាជីពដែលកម្ពុជាមិនមានលទ្ធភាពផ្គត់ផ្គង់កម្លាំងពលកម្មសម្រាប់អ្នកវិនិយោគនោះបាន។
គួរបញ្ជាក់ផងដែរថា ចាប់ផ្តើមពីការចេញវិធានការទាំងអស់នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងចាប់ផ្តើមអនុវត្តសកម្មភាពដើម្បីធ្វើយ៉ាងណាការពារ និងធានានូវមុខរបរមួយចំនួនដូចបានកំណត់សម្រាប់ប្រជាជនខ្មែរ។ ក្រៅពីនេះ វាក៏ជាចំណុចវិជ្ជមានមួយផងដែរ ដើម្បីកំណត់ និងជំរុញឱ្យជនបរទេសវិនិយោគលើចំណុចទាំងឡាយណាដែលកម្ពុជាមិនទាន់មាន ឬធ្វើឱ្យកាន់តែប្រសើរឡើងនូវចំណុចខ្វះខាតដែលយើងមិនទាន់បានបំពេញឱ្យគ្រប់ជ្រុងជ្រោយ៕