តារាចម្រៀង ស្រីដែលធ្លាប់មានឈ្មោះល្បីល្បាញ កាលពីកំឡុងទសវត្ស ២០០០ អ្នកនាង ឡេង មុន្នីរចនា បានវិលត្រឡប់ចូលក្នុងវិថីសិល្បៈជាថ្មី តាមរយៈលោក យ៉ែម សំអូន ក្រោយពេលនាងបានបាត់មុខ ពីសិល្បៈជាច្រើនឆ្នាំមកហើយ។ តារាចម្រៀងយ៉េៗរូបនេះ ត្រូវបាន លោក យ៉ែម សំអូន ដែលជាប្រធានក្រុម នៃក្រុម Daraentertainment បានជ្រើសរើសយកនាង ចូលជាសមាជិកក្នុងក្រុមរបស់លោក ដោយសំឡឹងមើលឃើញពីសមត្ថភាពរបស់នាង។
ជួបសម្ភាសន៍ជាមួយអ្នកសារព័ត៌មានឡារ៉ែនថ្ងៃ28 ខែកក្កដា ឆ្នាំ 2019 នេះ អ្នកនាង ឡេង មុន្នីរចនា បានបង្ហើបថា មួយរយនេះ អ្នកនាងបានសម្ងំខ្លួនធ្វើបទចម្រៀងថ្មីដើម្បីបំផុសទីផ្សារចម្រៀងសាជាថ្មី នៅក្នុងនោះមានបទចម្រៀងនិពន្ធជាច្រើនដែលបានផលិតឡើងក្នុងផលិតកម្មក្នុងស្រុកមួយ ដែលអ្នកនាងសុំមិនទានបញ្ចេញឈ្មោះផលិតកម្មនោះទេ។ យ៉ាងណាមិញ អ្នកនាងថា បទចាស់ៗដែលបានល្បីនៅអំឡុងឆ្នាំ 2000 ក៏អ្នកនាងឡើកយកមកផលិតជាភ្លេងថ្មីផងដែរ ដើម្បីឱ្យមហាជនកាន់តែចំណាំសំឡេង និងឈ្មោះរបស់អ្នកនាងបាន។ អ្នកនាងបញ្ជាក់ទៀតថា ក្រៅពីការផលិតបទចម្រៀងត្រៀមចេញក្នុងពេលខាងមុខនេះហើយ អ្នកនាងក៏បង្ហើបពីបំណងចង់ប្រឡូកក្នុងវិស័យដីធ្លីពុះឡូតិ៍ផងដែរ ព្រោះអ្នកនាងយល់ឃើញថា សិល្បករជាច្រើននាក់មកហើយ បានលូកដៃរកស៊ីនៅក្នុងវិស័យមួយនេះ ហើយស្របពេលដែលទីផ្សារដីធ្លីកំពុងតែពុះកញ្ជ្រោលទៀតនេះ អ្នកនាង ខ្លួននឹងត្រៀមឆក់យកឱ្យកាសធ្វើជាអ្នកតំណាងលក់ដីដូចសិល្បករផ្សេងទៀតឱ្យបាន ដើម្បីជាបទពិសោធមន៍ក្នុងការស៊ីមួយ និងដើម្បីពង្រីកមុខមាត់បន្ថែមផងដែរ។
សូមរំឭកដែរថា កាលពីទសវត្សឆ្នាំ ២០០០ ឡេង មុន្នីរចនា គឺជាម្ចាស់បទ «សង្ស័យថាមានថ្មី»,«រាងអូនស្អាតទេ» នឹងបទចម្រៀងជាច្រើនទៀត ក្នុងផលិតកម្ម ស្ទឹងសង្កែ បទចម្រៀងទាំងនេះ បានធ្វើឲ្យផ្ទុះការគាំទ្រ យ៉ាងខ្លាំងពីស្រទាប់យុវវ័យ ក្នុងសម័យកាលនោះ។ មិនតែប៉ុណ្ណោះ នាងមិនត្រឹមតែជាតារាចម្រៀងនោះទេ នាងក៏ធ្លាប់ធ្វើជាពិធីការិនីក្នុងកម្មវិធី «នាទីចុងក្រោយ» នៅប៉ុស្តិ៍ជាតិកម្ពុជា (ទទក) ធ្លាប់ជាតារាបង្ហាញម៉ូដក្នងក្រុម Cambodia និងធ្លាប់បានចូលរួមសម្តែងភាពយន្ត ដែលមានដូចជា រឿង «នាងលាជនាងលក្ខិ» រឿង «សាយ័ន្តស្នេហ៍» រឿង «អាខ្វាក់អាខ្វិន» និងរឿង «អាត់បី» ជាដើម និងធ្លាប់ថត Sport ឲ្យក្រុមហ៊ុនទូរស័ព្ទ ០១១ ម្សៅ ដូដូ ថៃ អ្វីដែលជោគជ័យជាងគេនោះ គឺ Sport ស្រាបៀអង្គរ ដែលដឹកនាំដោយលោក ហ្វៃ សំអាង។ រហូតមកដល់ពេលនេះ ឡេង មុន្នីរចនា នៅតែរក្សាបាននូវរូបសម្រស់ និងប្រជាប្រិយភាពដដែល សព្វថ្ងៃនេះ ក្រៅពីការងារសិល្បៈ ឡេង មុន្នីរចនា ក៏ជាអ្នកលក់គ្រឿងក្រអូប និងផលិតផលម៉ាកល្បីៗជាច្រើនទៀតផង៕