នៅពេលដែលក្មេងធ្វើខុស ភាគច្រើនពួកគេតែងតែគេចវេស ឬតែងតែភ័យខ្លាចខ្លាំងពីការដាក់ទោសរបស់មនុស្សធំ។ ទម្លាប់បែបនេះបានធ្វើឱ្យក្មេងតូចក្លាយជាមនុស្សដែលមិនមានការទទួលខុសត្រូវនៅថ្ងៃអនាគតហើយថែមទាំងអាចធ្វើឱ្យពួកគេក្លាយជាមនុស្សខុសម្តងហើយម្តងទៀតដដែលៗ។
ទាក់ទងទៅនឹងបញ្ហានេះ មានអ្នកស្រាវជ្រាវមួយចំនួន ជាពិសេសអ្នកអប់រំបានផ្តល់ជាដំបូន្មានថាអាណាព្យាបាលគួរស្វែងរកដំណោះស្រាយ ឬផ្តល់ឱកាសសម្រាប់ការកែខ្លួន និងលើកទឹកចិត្តចំពោះការទទួលកំហុសរបស់ក្មេងៗ។
1. កុមារនឹងមិនខ្លាចប្រសិនបើមនុស្សធំផ្តល់ឱកាសឱ្យ
កុមារនឹងលែងក្លាយជាមនុស្សដែលគេចវេសពីបញ្ហាទៀតហើយ ប្រសិនបើមនុស្សធំផ្តល់ឱកាសឱ្យពួកគេដើម្បីកែខ្លួនព្រោះកុមារភាគច្រើនដែលចូលចិត្តការគេចវេសពីកំហុសដោយសារតែពួកគេភ័យខ្លាចការដាក់ទោស និងការប្រើកំហឹងព្រមានពួកគេពីសំណាក់មនុស្សធំ។ ម្យ៉ាងវិញទៀត ក្មេងក៏ដូចជាមនុស្សធំទូទៅដែរគ្មានអ្នកណាម្នាក់ចង់ធ្វើខុសនោះទេគ្រាន់តែពេលខ្លះក្មេងធ្វើខុសដោយសារមិនយល់ពីហេតុផលនៃសកម្មភាព ឬដឹងមិនដល់នូវអ្វីដែលពួកគេកំពុងធ្វើថាអាចនឹងជះផលអវិជ្ជមានដល់ពួកគេឬអត់ប៉ុណ្ណោះ។ នៅពេលដែលមនុស្សធំ ផ្តល់ឱកាសដល់ពួកគេ ក្មេងតូចនឹងព្យាយាមបង្ហាញយ៉ាងស្មោះត្រង់ថាគេពិតជាធ្វើនូវសកម្មភាពដែលខុសនោះមែន ដើម្បីទទួលបានឱកាសសម្រាប់ការកែខ្លួន។
2. ក្មេងនឹងក្លាហានប្រសិនបើមានការលើកទឹកចិត្តនៅពេលដែលគេធ្វើត្រូវ
កូនក្មេង គឺជាវ័យដែលចង់បានភាពសំខាន់ ហើយចង់ធ្វើអ្វីឱ្យមនុស្សធំសរសើរតែមនុស្សធំភាគច្រើនតែងតែមើលរំលងក្មេងៗត្រង់ចំណុចហ្នឹង។ នៅពេលដែលក្មេងធ្វើខុសមនុស្សធំព្យាយាមចាប់កំហុស តែនៅពេលដែលគេធ្វើត្រូវ បែរជាមិនមានការយកចិត្តទុកដាក់ការកោតសរសើរ ឬការលើកទឹកចិត្តឱ្យក្មេងខំបន្តសកម្មភាពល្អៗនោះទៀត ឬលើកសរសើរចំពោះការកែកំហុសរបស់ក្មេងទៅវិញ។
សកម្មភាពបែបនេះអាចធ្វើឱ្យក្មេងនៅតែព្យាយាមធ្វើខុសព្រោះគេយល់ថាទោះបីជាធ្វើត្រូវក៏គ្មានបានផលចំណេញអ្វីដល់គេដែរព្រោះពួកគេនៅតែគ្មានភាពសំខាន់ក្នុងភ្នែកមនុស្សធំ។ តែប្រសិនបើមនុស្សធំចេះលើកទឹកចិត្តវិញពួកគេនឹងព្យាយាមធ្វើគ្រប់បែបយ៉ាងដើម្បីបង្ហាញថា ពួកគេជាមនុស្សល្អហើយមានសេចក្តីក្លាហានក្នុងការប្រឈមជាមួយនឹងបញ្ហានានាទៀតផង៕