ការអប់រំជាច្រកដ៏សំខាន់មួយក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដែលជាប្រភពមិនអាចខ្វះបានសម្រាប់អភិវឌ្ឍប្រទេស។ នៅក្នុងយុគសម័យបច្ចេកវិទ្យានេះ ការអប់រំកាន់តែរីកចម្រើន ស្របពេលដែលអ្នកប្រាជ្ញខាងអប់រំធំៗជាច្រើនលើពិភពលោកបានរួមបញ្ចូលគ្នារវាងគំនិតអប់រំ និងបច្ចេកវិទ្យាដើម្បីជំរុញឱ្យការអប់រំកាន់តែប្រសើរឡើង។
នៅកម្ពុជា បណ្ឌិតអប់រំមួយរូប ដែលបានបញ្ចប់ការ-សិក្សាផ្នែកអភិវឌ្ឍន៍អប់រំពីសាកលវិទ្យាល័យ Hiroshima University ប្រទេសជប៉ុន លោកសាស្ត្រាចារ្យ ឈិញ ស៊ីថា បានរៀបចំច្នៃប្រឌិតបង្កើតជាបច្ចេកវិទ្យាអប់រំមួយឡើងឈ្មោះថា សង្កប្ប (Sangapac) ដើម្បីជួយដល់ស្ថាប័នអប់រំ អ្នកបណ្តុះបណ្តាលកុមារ អាណាព្យាបាល និងកុមារកម្ពុជាឱ្យមានភាពងាយស្រួលក្នុងការអភិវឌ្ឍសមត្ថភាព។
លោកបណ្ឌិត ឈិញ ស៊ីថា បានលើកឡើងថា លោកជាអ្នកស្រាវជ្រាវផ្នែកអប់រំចាប់តាំងពីឆ្នាំ2000 រហូតដល់ឆ្នាំ2004 ដែលពេលនោះលោកកំពុងសរសេរសារណាថ្នាក់អនុបណ្ឌិត និងបណ្ឌិតផ្នែកអប់រំនៅប្រទេសជប៉ុន។ ក្រោយពេលសិក្សាស្រាវជ្រាវ លោករកឃើញថា កុមារកម្ពុជាមានចំនួនច្រើនចាប់ផ្តើមចូលរៀននៅថ្នាក់បឋម តែក៏មានចំនួនអ្នកបោះបង់ចោលការសិក្សាច្រើនដែរ គឺមានរហូតដល់ទៅជាង 50% ដែលបានបោះបង់ការសិក្សាចាប់តាំងពីថ្នាក់បឋមរហូតដល់ថ្នាក់វិទ្យាល័យ។ បញ្ហានេះកើតឡើងដោយសារកត្តាជាច្រើន ដែលក្នុងនោះបញ្ហាកង្វះខាតឯកសារ និងសម្ភារអប់រំក៏ជាកត្តាប្រឈមមួយដែរ ហេតុនេះហើយទើបលោកសម្រេចចិត្តយកចំណេះដឹងដែលលោកបានសិក្សាស្រាវជ្រាវមកបង្កើតជាស្ថាប័នបោះពុម្ពផ្សាយមួយឈ្មោះសង្កប្ប ព្រោះលោកមើលឃើញថា នៅកម្ពុជាយើងសម្បូរកន្លែងបោះពុម្ព (printing house) តែមិនសូវសម្បូរអ្នកបោះពុម្ព ឬគ្រឹះស្ថានបោះពុម្ពផ្សាយ (publisher)។
លោកបណ្ឌិត ឈិញ ស៊ីថា បាននិយាយថា៖ “តាមការស្ទង់មតិ និងការបង្ហាញពីស្ថាប័នស្រាវជ្រាវសំខាន់ៗបានបង្ហាញឱ្យដឹងថា កុមារដែលមានសៀវភៅនៅផ្ទះច្រើន ភាគច្រើនទទួលបានពិន្ទុខ្ពស់ និងមានចំណេះដឹងច្រើនជាក្មេងដែលមានសៀវភៅនៅផ្ទះតិច។ ហេតុនេះឯកសារមានសារៈសំខាន់ខ្លាំងណាស់ក្នុងការអប់រំកុមារតូច”។
អ្នកជំនាញផ្នែកអប់រំខាងលើបានលើកឡើងផងដែរថា ដោយមើលឃើញពីតម្រូវការនៃឯកសារទាំងអស់នេះហើយ ទើបយើងរៀបចំបោះពុម្ពផ្សាយឯកសារមួយចំនួនដែលឆ្លើយតបជាមួយនឹងតម្រូវការជាក់ស្តែងដែលកំពុងកើតមាននៅក្នុងការអប់រំរបស់យើង។ ជាក់ស្តែងយើងមើលឃើញហើយថា សៀវភៅគោលរបស់យើងនៅត្រូវការបន្ថែមពីប្រភពសម្រាប់អនុវត្តជាច្រើនទៀត ដើម្បីឱ្យកុមារអភិវឌ្ឍសមត្ថភាពគិតបានល្អ ព្រោះបើគ្រាន់តែស្តាប់ ហើយអានតាមមិនអាចបណ្តុះការអភិវឌ្ឍភាពវៃឆ្លាតសម្រាប់កុមារបានខ្លាំងទេ។ ក្រោយមកទៀត បន្ទាប់ពីធ្វើការបោះពុម្ពផ្សាយសៀវភៅស្តីពីការអប់រំមួយចំនួនរួចមក សង្កប្ប ក៏ចាប់ផ្តើមបញ្ចូលនូវប្រភពមេរៀនទាំងអស់នោះទៅជាលំហាត់សម្រាប់អនុវត្តចំពោះសិស្សបឋមសិក្សាតាមបច្ចេកវិទ្យាវិញម្តង។
លោកបណ្ឌិត បានបញ្ជាក់ថា ការបញ្ចូលមេរៀន និងខ្លឹមសារទៅក្នុងបច្ចេកវិទ្យានេះ គឺយើងរចនាវិធីសាស្ត្រតាមគរុកោសល្យថ្មីដើម្បីជំរុញឱ្យសិស្សរៀនផង កម្សាន្តផង និងរៀនឆាប់ចេះពីសៀវភៅគោលតាមប្រព័ន្ធអប់រំផង។ មេរៀនដែលយើងបង្កើតឡើង គឺសម្រាប់មុខវិជ្ជាភាសាខ្មែរ ចាប់ពីថ្នាក់ទី1 ដល់ថ្នាក់ទី3 គណិតវិទ្យា វិទ្យាសាស្ត្រ និងភាសាអង់គ្លេស ស្របតាមប្រព័ន្ធអប់រំរបស់ក្រសួងអប់រំដែលមានសម្រាប់កម្រិតថ្នាក់ទី4 ថ្នាក់ទី5 និងថ្នាក់ទី6 និងបន្ថែមថ្នាក់មត្តេយ្យដែលលោករចនាឡើងបន្ថែមដោយខ្លួនឯង។ មេរៀនទាំងអស់នេះមានបញ្ចូលនូវគំនូសសញ្ញា របៀបសរសេរ រូបភាព និងលំហាត់ដើម្បីឱ្យសិស្សងាយស្រួលរៀន ហើយសម្រាប់គ្រូបង្រៀនវិញក៏ងាយស្រួលបង្រៀនផងដែរ។ ចំពោះអាណាព្យាបាលវិញ ក៏អាចជារឿងងាយស្រួលផងដែរ ព្រោះយើងឃើញហើយថា គ្រប់អាណាព្យាបាលទាំងអស់សុទ្ធតែចង់ឱ្យកូនទទួលបានការអប់រំបានល្អ តែគាត់មិនសូវមានវិធីសាស្ត្រ ឬមិនមានគរុកោសល្យក្នុងការបង្រៀន។ ហេតុនេះ ការរចនាគេហទំព័រនេះឡើង អាចជួយពួកគាត់បាន ព្រោះគាត់អាចដាក់មេរៀនដែលមានការកំណត់ម៉ោងច្បាស់លាស់ឱ្យកូនរៀន ដោយគាត់គ្រាន់តែណែនាំតិចតួចបំផុត ឬប្រសិនបើឪពុកម្តាយរវល់ គាត់អាចត្រឡប់មកវិញឆែកមើលពីប្រវត្តិនៃការរៀនរបស់កូន រយៈពេលនៃការសិក្សា និងពិន្ទុដែលកូនធ្វើតេស្តបានយ៉ាងងាយស្រួល។
លោកបណ្ឌិត ឈិញ ស៊ីថា បាននិយាយថា៖ “កម្មវិធីសិក្សាតាមបច្ចេកវិទ្យារបស់សង្កប្បនេះ យើងប្រើប្រាស់វិធីបង្រៀនដើម្បីគោលបំណងសំខាន់ គឺចង់ឱ្យក្មេងមានការពិចារណា ឬបណ្តុះភាពវៃឆ្លាតរបស់គេ។ យើងចង់ឱ្យក្មេងចាកចេញពីការស្តាប់ ហើយថាតាម ទៅជាពិចារណា និងប្រៀបធៀបតួអក្សរ ឬការអនុវត្តលំហាត់គណិតវិទ្យាដើម្បីបណ្តុះភាពឆ្លាតវៃ”។
ស្ថាបនិកកម្មវិធីអប់រំរូបនេះបានបន្ថែមទៀតថា បច្ចុប្បន្ននេះ យើងឃើញហើយថា មនុស្សមិនសូវចេះឆ្ងល់ច្រើននោះទេ ព្រោះពួកគេទទួលបានការអប់រំដែលគ្រាន់តែធ្វើតាមមនុស្សធំ។ ហេតុនេះយើងចង់ឱ្យក្មេងៗជំនាន់ថ្មីរបស់យើងទទួលបានការអប់រំដោយចេះវិភាគ ពិចារណា ដើម្បីទទួលបានសមត្ថភាពគិត និងសម្រេចចិត្តខ្ពស់។ ការចេះវិភាគ និងចេះឆ្ងល់នេះ ជាច្រកដ៏សំខាន់ដើម្បីជំរុញឱ្យពួកគេមានគំនិតបង្កើតថ្មី រួមទាំងជាជំនាញដែលពិភពលោកកំពុងត្រូវការក្នុងសតវត្សរ៍ទី21 នេះផងដែរ។ លោកថា ការប្រើប្រាស់បណ្តាញបច្ចេកវិទ្យាថ្វីដ្បិតតែមានផលប៉ះពាល់ជាអវិជ្ជមានខ្លះមែន តែបច្ចុប្បន្ននេះយើងលំបាកទប់មិនឱ្យក្មេងប្រើប្រាស់បច្ចេកវិទ្យាណាស់ ហេតុនេះអ្វីដែលយើងអាចធ្វើបាន គឺបង្វែរពីការប្រើប្រាស់មិនត្រឹមត្រូវ មកអភិវឌ្ឍកម្មវិធីអប់រំដើម្បីជួយដល់កុមាររបស់យើងឱ្យមានសមត្ថភាពកាន់តែខ្លាំង ព្រោះបើគិតពីការអប់រំតាមបែបបច្ចេកវិទ្យាវិញ យើងនៅមិនទាន់ខ្លាំងដូចបណ្តាប្រទេសអភិវឌ្ឍន៍ខ្លាំងៗទេ តែយើងក៏មានការចាប់ផ្តើមដ៏ល្អមួយដោយសង្ឃឹមថា ក្មេងៗជំនាន់ក្រោយនឹងទទួលបានការអប់រំកាន់តែប្រសើរ៕