មួយរយៈចុងក្រោយនេះ មានបញ្ហាជាច្រើនរវាងប្រទេសធំៗ ដែលកើតចេញពីការប្រកួតប្រជែងផ្នែកពាណិជ្ជកម្ម និងបច្ចេកវិទ្យា ដែលធ្វើឱ្យម្ចាស់ឧស្សាហកម្ម រួមទាំងអ្នកវិនិយោគជាច្រើនរងផលប៉ះពាល់ ស្របពេលដែលប្រទេសមួយចំនួនកំពុងចាប់ឱកាសអភិវឌ្ឍន៍សមត្ថភាពបច្ចេកវិទ្យា 5G ដែលជាបច្ចេកវិទ្យាថ្មីនិងមានឥទ្ធិពលបំផុត។
បច្ចេកវិទ្យា 5G ត្រូវបានគេមើលឃើញថា អាចមានឥទ្ធិពលរុញច្រានឱ្យការរស់នៅរបស់មនុស្សមានការផ្លាស់ប្តូរ ដោយក្នុងនោះមានទាំងគុណវិបត្តិនិងគុណសម្បត្តិយ៉ាងច្រើន។ ថ្មីៗនេះវេទិកាសេដ្ឋកិច្ចពិភពលោកបានបង្ហាញឱ្យឃើញពីគុណសម្បត្តិថ្មីមួយរបស់បច្ចេកវិទ្យា 5G ដែលត្រូវបានគេយកទៅប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងវិស័យសុខាភិបាលលើពិភពលោក។
បើយោងតាមវេទិកាសេដ្ឋកិច្ចពិភពលោកបានបង្ហាញថា បច្ចេកវិទ្យា 5G បច្ចុប្បន្ននេះ អាចជួយអ្នកជំនាញទាំងអស់លើពិភពលោកឱ្យមានភាពងាយស្រួល និងធ្វើការងារប្រកបដោយសុវត្ថិភាពជាងមុន។អ្វីដែលបច្ចេកវិទ្យានេះអាចធ្វើបាន គឺអាចធ្វើឱ្យគ្រូពេទ្យជំនាញធ្វើការវះកាត់ពីចម្ងាយ ដោយគ្រប់គ្រងម៉ាស៊ីនវះកាត់តាមរយៈកញ្ចក់ឧបករណ៍អេឡិចត្រូនិក ជាមួយនឹងរូបភាពដែលត្រូវគេពង្រីកបានយ៉ាងច្បាស់ មិនចាញ់ការវះកាត់ដោយផ្ទាល់នោះឡើយ។ ការវះកាត់ដោយវិធីថ្មីនេះ អាចត្រូវបានគេមើលឃើញថា មានភាពច្បាស់លាស់ និងសុវត្ថិភាពខ្ពស់ថែមទៀតផង។
តាមការបង្ហាញរបស់ស្ថាប័នខាងលើបានឱ្យដឹងផងដែរថា ការប្រើប្រាស់បច្ចេកវិទ្យា 5G នេះក៏អាចបញ្ជាពីចម្ងាយនូវបរិក្ខារពេទ្យផ្សេងៗទៀតផងដែរនៅក្នុងមន្ទីរពេទ្យ។ ហើយគេជឿជាក់ថា វានឹងរីកសាយភាយយ៉ាងលឿនចូលទៅក្នុងមន្ទីរពេទ្យនានាលើពិភពលោកនៅពេលឆាប់ៗនេះ ដែលធ្វើឱ្យការព្យាបាលអ្នកជំងឺកាន់តែមានលក្ខណៈងាយស្រួល ទំនើប និងយកចិត្តទុកដាក់បានល្អិតល្អន់ជាងមុន ព្រោះមនុស្សមានម៉ាស៊ីនជាច្រើនដែលចាំជួយការងារ 24ម៉ោងក្នុង 1ថ្ងៃ។
ពីការចាប់ផ្តើមអនុវត្តបច្ចេកវិទ្យា 5G ក្នុងមន្ទីរពេទ្យ គេរំពឹងទុកថា អត្រាសង្ឃឹមរស់របស់មនុស្សនឹងមានការកើនឡើង ហើយបញ្ហាសុខភាពលំបាកៗជាច្រើនក៏ត្រូវបានដោះស្រាយផងដែរ ដែលធ្វើឱ្យគុណភាពនៃការរស់នៅរបស់មនុស្សនឹងមានភាពប្រសើរឡើងជាងមុន។
ចំពោះទីកន្លែងដែលបានប្រើប្រាស់បច្ចេកវិទ្យា 5G ក្នុងការវះកាត់ដំបូងបំផុត គឺនៅទីក្រុង Barcelona ប្រទេសអេស្បាញ ដែលវាបានផ្តល់ភាពជោគ-ជ័យយ៉ាងធំបំផុតសម្រាប់អ្នកជំនាញបច្ចេកវិទ្យា និងវេជ្ជបណ្ឌិតអ្នកជំនាញវះកាត់ព្យាបាលជំងឺ។ ក្រៅពីនេះ មិនត្រឹមតែជួយមនុស្សក្នុងការវះកាត់ឱ្យមានសុវត្ថិភាពប៉ុណ្ណោះទេ តែវាក៏បានធ្វើឱ្យមានការភ្ញាក់ផ្អើលផងដែរ ដោយវីដេអូនៃការវះកាត់នេះអាចយកទៅបណ្តុះបណ្តាលក្រុមការងារវះកាត់ និងនិស្សិតពេទ្យជាច្រើនទៀតប្រកបដោយភាពជាក់ស្តែង និងច្បាស់លាស់។
វាជាបច្ចេកវិទ្យាដែលត្រូវបានគេជឿជាក់ ថាមានបញ្ហាតិចតួចបំផុត និងស្ទើរតែមិនមានភាពរអាក់រអួលដែលអាចជួយជីវិតមនុស្សបានដោយមិនមានហានិភ័យអ្វីទាំងអស់៕