ដំណាំទុរេននៅប្រទេសកម្ពុជាបច្ចុប្បន្នបានក្លាយទៅជាដំណាំកសិផលមួយ ដែលមានទីផ្សារគួរឱ្យចាប់អារម្មណ៍ ដោយប្រជាកសិករ បានធ្វើការពង្រីកការដាំដុះដំណាំហូបផ្លែមួយនេះ នៅតាមបណ្តាខេត្តមួយចំនួន ទោះបីជាក្នុងលក្ខណៈចម្ការគ្រួសារក៏ដោយ ក៏ទុរេនមានតម្រូវការទីផ្សារកាន់តែច្រើន ហើយលក់បានថ្លៃខ្ពស់គួរសម និងធ្វើឱ្យអ្នកបរិភោគមានជម្រើសច្រើន តែមិនទាន់អាចចំណាំបានថា តើទុរេនផ្លែបែបណា និងរសជាតិបែបណាស្ថិតនៅក្នុងខេត្តណាមួយនោះនៅឡើយ?ដោយសារតែទុរេនមានរសជាតិខុសប្លែកពីគ្នាទៅតាមតំបន់ហ្នឹងឯង។
ផ្លែទុរេន នៅសំឡូតក្នុងខេត្តប៉ៃលិន មានរសជាតិឆ្ងាញ់ មានភាពល្បីល្បាញក្នុងប្រទេស ពេលបរិភោគទៅមានភាពឆ្ងាញ់ជាប់មាត់ និងជក់ចិត្ត ហើយចង់បរិភោគម្ដងទៀត មិនចាញ់ទុរេនខេត្តកំពតប៉ុន្មានឡើយ។ សម្រាប់ប្រភេទទុរេន ដែលប្រជាកសិករយើងនិយមដាំនៅស្រុកសំឡូត មានប្រភេទឆៈនី ប្រភេទម៉នថង និងទុរេនដូនតាភូមិលី ជាដើម។
កសិករឈ្មោះ ពឹង សំអៀត បានឱ្យដឹងថា គាត់បានដាំទុរេននៅលើផ្ទៃដីជិត4ហិកតា ស្មើនឹងទុរេន 320ដើម។ ទុរេនរបស់លោកបានឱ្យផលចំនួន 3ឆ្នាំមកហើយ តែឆ្នាំនេះទុរេនឱ្យផលច្រើនជាងរាល់ឆ្នាំ គឺមានទិន្នផលល្អ ហើយក៏លក់បានតម្លៃខ្ពស់ជាងរាល់ឆ្នាំដែរ គឺ 1គីឡូក្រាមតម្លៃចាប់ពី 15,000រៀល ទៅ 18,000រៀល ខណៈឆ្នាំមុន ក្នុង 1គីឡូក្រាមបានត្រឹមតែ 12,000រៀលប៉ុណ្ណោះ ហើយតម្លៃដែលលក់រាយទៅឱ្យអ្នកបរិភោគតែម្តងក៏បានថ្លៃខ្ពស់ដែរ គឺពី 22,000រៀល ដល់ 25,000រៀលក៏មាន។
លោកបានបន្ថែមទៀតថា សម្រាប់ទីផ្សារទុរេនរបស់លោក មានឈ្មួញកណ្ដាលមកចាំទិញ មានមកតាំងពីរាជធានីភ្នំពេញក្រុងបាត់ដំបង និងខេត្តសៀមរាប ទោះជាមានចំនួនប៉ុន្មាន ក៏ពួកគេទិញយកអស់ៗ មិនមានសល់ដែរ ព្រោះមានតម្រូវការបរិភោគច្រើន។
អ្នកទេសចរជាច្រើនដែលបានទៅលេងក្នុងចម្ការទុរេននៅស្រុកសំឡូតតែងតែបានភ្លក្សទុរេននៅសំឡូត ហើយបានលាន់មាត់គ្រប់ៗគ្នាថា ទុរេនសំឡូតមានរសជាតិឆ្ងាញ់ បើធៀបនឹងរសជាតិរបស់ទុរេនដែលដាំនៅតំបន់ផ្សេងដែលគាត់ធ្លាប់បានបរិភោគ ព្រោះថា ទុរេនសំឡូតមានរសជាតិផ្អែមខ្ទិះបែបប្លែក ដែលនេះជាចំណុចសំខាន់សម្រាប់សម្គាល់ទុរេនសំឡូត ហើយពួកគាត់បានជំរុញដល់កសិករនៅស្រុកសំឡូតឱ្យបន្តដាំទុរេនបែបនេះថែមទៀត ព្រោះស្ថានភាពដីនៅទីនោះល្អ សក្តិសមនឹងដំណាំប្រភេទនេះ។
អ្នកស្រី ស្រី អូន ជាអ្នករស់នៅស្រុកភ្នំព្រឹក ខេត្តប៉ៃលិនដែរនោះ បានប្រាប់ឡារ៉ែនថា៖“ខ្ញុំធ្លាប់ញ៉ាំផ្លែទុរេនសំឡូតហើយ និងមានអារម្មណ៍ដឹងថា វាមានរស-ជាតិប្លែកពីទុរេនដែលដាំនៅខេត្តដទៃ។គឺវាមានរសជាតិផ្អែម ល្មួត បែបមានខ្ទិះតែស្ងួត។ រសជាតិទុរេនសំឡូតនេះ ទោះពូជដូចគ្នា ក៏នៅតែអាចចាត់ទុកថា ឆ្ងាញ់ជាងទុរេនខេត្តដទៃដែរ នេះប្រហែលមកពីស្ថានភាពដីដែលអំណោយផលដល់ដំណាំមួយនេះក៏អាចថាបានដែរ”។ អ្នកស្រីបានបញ្ជាក់ថា តម្លៃដែលលោកស្រីបានទិញ មកហូប គឺ 1គីឡូក្រាម ថ្លៃ 24,000រៀល។
សម្រាប់ទុរេនខេត្តកំពតវិញ ប្រជាពលរដ្ឋខ្មែរបានស្គាល់ស្ទើរគ្រប់គ្នា និងបានដឹងពីរសជាតិរបស់វាផងដែរថា ឆ្ងាញ់ផ្អែមរងាន់។ គេមិនពិបាកសម្គាល់ទុរេនកំពតទេ ព្រោះបច្ចុប្បន្នផ្លែឈើមួយនេះ ហាក់នៅមានតម្លៃខ្ពស់គួរសមនៅឡើយ បើធៀបនឹងផ្លែឈើផ្សេងទៀត។
កសិករម្នាក់ ជាម្ចាស់ចម្ការទុរេននៅស្រុកទឹកឈូ ខេត្តកំពតរូបនេះ បានប្រាប់ឱ្យដឹងថា នៅឆ្នាំនេះតម្លៃ ទុរេនកំពត ដែលលក់នៅមុខចម្ការផ្ទាល់ គឺមានតម្លៃល្អពោលគឺប្រមាណជា 20,000រៀល ទៅ25,000រៀល ក្នុង1គីឡូក្រាម។ ឆ្នាំនេះ ដោយសារតែទុរេនមានតម្លៃល្អ ដូច្នេះសម្រាប់ផ្ទៃដី ដាំទុរេន 1ហិកតារបស់លោកស្រី លោកស្រីអាចរកចំណូលបានប្រមាណជាង 1ម៉ឺនដុល្លារអាមេរិក។
ចំណែកឯទុរេននៅខេត្តកំពង់ចាមវិញម្ដង ថ្វីដ្បិតតែជាប្រភេទថ្មីក៏ដោយ តែក៏ត្រូវបានអ្នកបរិភោគទទួលស្គាល់ថា មានរសជាតិឆ្ងាញ់មិនចាញ់ទុរេននៅខេត្តផ្សេងៗឡើយ។ គេក៏មិនពិបាកកត់សម្គាល់ផ្លែទុរេនមកពីខេត្តកំពង់ចាមដែរ ដោយសារវាមានរសជាតិឆ្ងាញ់ ផ្អែមឈ្ងុយ ស្ងួត គួរឱ្យចាប់ចិត្តបែបធម្មជាតិពិតៗ តែពេលដាក់លក់នៅទីផ្សារ វាមានសញ្ញាសម្គាល់បិទជាប់នៅនឹងទងរបស់វា ធ្វើឱ្យអ្នកបរិភោគងាយស្រួលចំណាំ។
លោក ពួយ ចេង អនុប្រធានសហគមន៍សំបូរមានជ័យ ខេត្តកំពង់ចាមបានប្រាប់ឡារ៉ែនថា៖“ផ្លែទុរេននៅឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ;ដែលឥឡូវកំពុងមមាញឹកក្នុងការប្រមូលផលលើផ្ទៃដីជាង 10ហិកតានោះ ;ក៏មានរសជាតិឆ្ងាញ់ មិនចាញ់ទុរេនខេត្តកំពតប៉ុន្មានដែរ។ទុរេនកំពង់ចាម ;អាចលក់បានក្នុងតម្លៃសមរម្យ ពោលគឺចន្លោះពី 12,000រៀល ទៅ 18,000រៀលក្នុង 1គីឡូក្រាមសម្រាប់ពូជទុរេនម៉នថង”។
ចំណែកនៅខេត្តកោះកុងវិញ លោក ឡាក់ ហាក់ កសិករដែលមានចម្ការទុរេនដែរនោះបានឱ្យដឹងថា លោកមានដំណាំទុរេនប្រមាណជា 4ហិកតា នៅឃុំថ្មបាំងដែលកំពុងហុចតែផល។ សម្រាប់ផ្លែទុរេនកោះកុងវិញ គឺមានសាច់ច្រើន ពណ៌ទឹកដោះគោ មានគ្រាប់តូច និងសាច់ច្រើន រសជាតិផ្អែមឈ្ងុយឆ្ងាញ់ ដាំដុះតាមស្តង់ដាសរីរាង្គសេដាក។ ;ចំណែកតម្លៃវិញ គឺលក់ឱ្យម៉ូយដុំតម្លៃ 17,000រៀល ក្នុង 1គីឡូក្រាម និងលក់រាយតម្លៃ 22,000រៀល ក្នុង 1គីឡូក្រាម។
លោក ឡាក់ ហាក់ បានឱ្យដឹងថា តែនៅខេត្តកោះកុងមានទុរេនមួយបែបផ្សេងទៀត ហៅថាទុរេនបុរាណ មានសាច់ស្តើងនិងគ្រាប់ធំ មានដើមខ្ពស់ប្រមាណ 30ម៉ែត្រ ខុសពីទុរេនបច្ចុប្បន្ន តែពូជនេះមិនសូវពេញនិយមទេ ហើយពូជទុរេនដែលកសិករនៅខេត្តកោះកុងនិយមចូលចិត្តដាំនាពេលបច្ចុប្បន្ន មានដូចជាម៉នថង ភួងមុនី ឆៈនី ឪខាក់ កានយ៉ាវ និងទុរេនឈៀងម៉ៃ ដែលដើមវាមានកម្ពស់ត្រឹម 10ម៉ែត្រប៉ុណ្ណោះ មានសាច់ក្រាស់ និងគ្រាប់តូច។ នេះជាលក្ខណៈពិសេសសម្រាប់សម្គាល់ទុរេននៅខេត្តកោះកុង។
សូមបញ្ជាក់ថា បច្ចុប្បន្ន ប្រជាកសិករបាននាំគ្នាងាកមកដាំទុរេន ដោយមូលហេតុថាពួកគាត់វិនិយោគលើដំណាំប្រភេទនេះសម្បូរទីផ្សារ(សម្បូរអ្នកបរិភោគ) ងាយស្រួលលក់ ហើយបានតម្លៃខ្ពស់ និងតែងមានប្រជាពលរដ្ឋមកពីតាមបណ្ដាខេត្តទៅទិញដល់ចម្ការ និងមានតម្រូវការ ក្នុងការនាំចេញទៅក្រៅប្រទេសទៀតផង៕