ដោយសារតែកំណើនសេដ្ឋកិច្ច និងភាពប្រសើរឡើងនៃការរស់នៅរបស់ប្រជាជន បច្ចុប្បន្ននេះការយកចិត្តទុកដាក់លើបញ្ហារូបសម្ផស្ស និងសោភណភាពរាងកាយបានកើនឡើង។ និន្នាការនេះត្រូវបានគេកត់សម្គាល់តាមរយៈការរីកដុះដាលនៃការនាំចូលគ្រឿងសម្អាង រួមទាំងមជ្ឈមណ្ឌលកែសម្ផស្សព្រោងព្រាតដើម្បីបម្រើសេចក្តីត្រូវការរបស់អតិថិជន។
ថ្មីៗនេះ ដោយមើលឃើញពីតម្រូវការនៃសេវាកម្មរក្សាសម្ផស្សនេះ សមាគមដ៏ធំមួយរបស់សាធារណរដ្ឋកូរ៉េ បានបង្ហាញគោលបំណងចង់បង្កើតមជ្ឈមណ្ឌលស្តង់ដាជាតិផ្នែកវិទ្យាសាស្ត្រសម្ផស្សនៅកម្ពុជា ដើម្បីផ្តល់ការអប់រំជំនាញកែសម្ផស្សដល់ប្រជាជនខ្មែរ។ ការបណ្តុះបណ្តាលពីសំណាក់អ្នកជំនាញកូរ៉េនេះ ត្រូវបានគេរំពឹងថា អាចនឹងធ្វើឱ្យសិស្ស និស្សិតខ្មែរដែលមានបំណងចង់សិក្សាផ្នែកកែសម្ផស្សនេះទទួលបានចំណេះដឹងដែលមានគុណភាព និងសុវត្ថិភាពសម្រាប់ប្រកបជាអាជីពនៅថ្ងៃអនាគត។
លោក Lee Sung Yeob តំណាងសមាគមអន្តរជាតិអប់រំក្នុងវិស័យកែសម្ផស្សកូរ៉េ បានឱ្យដឹងថា គោលបំណងសំខាន់ដែលនាំឱ្យមានបំណងចង់បង្កើតមជ្ឈមណ្ឌលស្តង់ដាជាតិផ្នែកវិទ្យាសាស្ត្រសម្ផស្សនេះ ដោយសារតែលោកមើលឃើញពីសក្តានុពលលើវិស័យសម្ផស្សនៅកម្ពុជាដែលកំពុងមានភាពផុសផុល និងអាចបង្កើតនូវកិច្ចសហប្រតិបត្តិការជាអន្តរជាតិលើវិស័យនេះថែមទៀតផង។ លោកថ្លែងថា សមាគមរបស់លោកបានដំណើរការដោយជោគជ័យក្នុងវិស័យកែសម្ផស្សនៅជុំវិញពិភពលោក ដោយស្ថាប័ននេះមានសមាជិកជាច្រើនប្រទេស ដូចជានៅប្រទេសកូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី កាណាដា អាមេរិក និងទីក្រុងហុងកុងជាដើម។
លោក Lee Sung Yeob បាននិយាយថា៖ “នៅពេលគម្រោងនេះអាចដំណើរការបាននៅកម្ពុជា ប្រជាជនខ្មែរ និងប្រជាជនក្នុងតំបន់នឹងទទួលបានសេវាកែសម្ផស្សប្រកបដោយគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ ព្រោះស្ថាប័នរបស់លោកនឹងផ្តល់ការបណ្តុះបណ្តាលដោយមានអ្នកជំនាញមកពីប្រទេសកូរ៉េ និងដៃគូជំនាញៗជាច្រើនផ្សេងទៀត”។
ឯកឧត្តម អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ឯកឧត្តមស្វាគមន៍ និងគាំទ្រគម្រោងនៃការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលនេះ ហើយក៏គ្រោងនឹងចេញអាជ្ញាប័ណ្ណជូនមជ្ឈមណ្ឌលដើម្បីប្រតិបត្តិការស្របច្បាប់នៅកម្ពុជា។
ឯកឧត្តមរំពឹងថា ការបើកឱ្យដំណើរការមជ្ឈមណ្ឌលស្តង់ដាជាតិផ្នែកវិទ្យាសាស្ត្រសម្ផស្សនៅកម្ពុជា នឹងទទួលបានការចាប់អារម្មណ៍ច្រើន ព្រោះឆ្លើយតបនឹងទីផ្សារសេវាកម្មកែសម្ផស្សនាពេលបច្ចុប្បន្ន ស្របពេលដែលសេដ្ឋកិច្ចនៅតែមានភាពរីកចម្រើន ដែលធ្វើឱ្យកំណើនជីវភាពរបស់ប្រជាជនកាន់តែធូរធារ ធ្វើឱ្យពួកគាត់មានឱកាសច្រើនក្នុងការកែសម្ផស្សដោយសុវត្ថិភាព និងគុណភាពខ្ពស់។
ឯកឧត្តមរដ្ឋមន្ត្រី មើលឃើញថា គម្រោងនេះនឹងធ្វើឱ្យកម្ពុជា និងកូរ៉េ សម្រេចបាននូវកិច្ចសហប្រតិបត្តិការថ្មីមួយទៀតដែលអាចរួមចំណែកកាន់តែប្រសើរក្នុងការទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េ៕