កាលពីពេលថ្មីៗនេះកីឡាការិនីឆ្នើមរបស់កម្ពុជា និងជាជើងខ្លាំងកីឡាប៊ីយ៉ាការ៉ុមកម្រិតអន្តរជាតិ ស្រួង ភាវី បានចំណាយថវិកាផ្ទាល់ខ្លួនចំនួន 5,000ដុល្លារដល់សហព័ន្ធកីឡាប៊ីយ៉ា និងស្នូឃ័រកម្ពុជាកាលពីម្សិលមិញនេះដើម្បីទ្រទ្រង់ក៏ដូចជារៀបចំសកម្មភាពប្រកួតនានា។
ជើងខ្លាំងខាងប៊ីយ៉ាការ៉ុមកម្រិតអន្តរជាតិខាងលើនេះ នឹងព្យាយាមជួយបង្កើតសាលា ជួយបង្កើតធនធានថ្មី ជួយបណ្ដុះបណ្ដាលកីឡាករ កីឡាការិនីកម្ពុជានាពេលខាងមុខនេះតាមដែលអាចធ្វើទៅបានឱ្យមានសមត្ថភាព និងមានកេរ្តិ៍ឈ្មោះដូចប្រទេសនានាក្នុងពេលបច្ចុប្បន្ននេះ។
គួររំឭកផងដែរថា កីឡាការិនីប៊ីយ៉ាលំដាប់ពិភពលោករបស់កម្ពុជា ស្រួង ភាវី បានទៅរស់នៅសាធារណរដ្ឋកូរ៉េកាលពីឆ្នាំ2008 ជាមួយនឹងស្វាមីជាជនជាតិកូរ៉េ ហើយឆ្លៀតពេលទំនេរអ្នកស្រីបានហ្វឹកហាត់លេងប៊ីយ៉ា ហើយបានលេងក្នុងការប្រកួតដណ្ដើមពានរង្វាន់នានា និងបានឈ្នះជើងឯកប្រចាំប្រទេសកូរ៉េជាច្រើនលើក រហូតឈានដល់កម្រិតពិភពលោកទៀតផង៕