ជាថ្មីម្តងទៀតអតីតតារាកំប្លែងនាយឃ្លោក និងអ្នកនាង យិន ស្រីពៅ បាននាំថវិកាមួយចំនួនជាបន្តទៀតជូនដល់អតីតតារាចម្រៀងបាត់មុខម្នាក់ ដែលខ្វះខាត ហើយប្រឈមការលំបាកក្នុងកម្រិតជីវភាពរស់នៅខ្លាំង។ ម្ល៉ោះហើយទើបធ្វើឱ្យអ្នកដែលបានថវិកាមានទឹកចិត្តរីករាយដឹងគុណដល់សប្បុរសជនទាំងអស់ខ្លាំងណាស់។
មើលឃើញពីភាពលំបាករបស់អតីតតារាចម្រៀងទាំងនាយ ឃ្លោក និង យិន ស្រីពៅ ព្រមទាំងបណ្តាសប្បុរសជនមួយចំនួន បានបន្តសហការគ្នាជួយតាមទឹកចិត្តតិចក្តីច្រើនក្តីឱ្យបានថវិកាដល់ដៃអ្នកអត់ ដើម្បីយកទៅដោះស្រាយជីវភាពរស់នៅ។ ទាំងអស់នេះ ពិតជាទឹកចិត្តសម្រាប់សិល្បករ និងមហាជនមួយចំនួន ដែលចេះចែករំលែកជួយគ្នាក្នុងនាមខ្មែរជួយខ្មែរក្រោមដំបូលតែមួយ។
អ្នកនាង យិន ស្រីពៅ និយាយថា បើទោះជាអ្នកនាងមិនមានថវិកាណែនដៃតែអ្នកនាងរមែងខំរកថវិកាផ្សេងៗពីអ្នកនេះអ្នកនោះជួយដល់អ្នកមានជំងឺ និងមានទុក្ខ ម្តងហើយម្តងទៀត បើទោះជាពេលខ្លះហត់នឿយរវល់ការងារផ្ទាល់ខ្លួនក៏ដោយ។ មិនត្រឹមតែប៉ុណ្ណឹងស្រីពៅក៏ធ្លាប់បើកចិត្តជួយដល់សិល្បកររងគ្រោះមួយចំនួនទៀតតាមលទ្ឋភាពដែលអាចរកបានដោយសារតែទឹកចិត្តខ្មែរដូចគ្នា។ អ្នកនាងបន្តថា អ្នកនាងមមាញឹកនឹងការងារណាស់ ប៉ុន្តែអ្នកនាងនៅតែចូលរួមការងារមុស្សធម៌តាមលទ្ឋភាពដែលអាចជួយបាន ដើម្បីបានចែករំលែកក្ដីស្រលាញ់ ដល់អ្នកដែលត្រូវការជំនួយ។ អ្នកនាងក៏ថ្លែងអំណរគុណទាំងអស់ ដែលតែងតែរួមចំណែកជួយក្នុងសកម្មភាពសប្បុរសធម៌រ៉ៃអង្គាសរបស់អ្នកនាងកន្លងមកផងដែរ ដោយអ្នកនាងបានចាត់ទុកថាទឹកចិត្តរបស់ក្រុមសប្បុរសជនទាំងនោះគឺជាកម្លាំងចិត្តឱ្យនាងបន្តការងារក្នុងសង្គមមួយនេះ៕