ក្រោយវីដេអូ Trailer រឿង “តួគេខ្ញុំសម្តែង” បញ្ចេញជាផ្លូវការ តារាសម្តែងចំនូលថ្មី មុន្នី វិជ្ជរា រំពឹងខ្លាំងលើស្នាដៃដំបូងរបស់ខ្លួន នឹងទទួលការគាំទ្រច្រើនពីទស្សនិកជន។ ស្នាដៃដំបូងរបស់តារាសម្តែងចំនូលថ្មីរូបនេះ ទើបត្រូវបានបញ្ចេញជាផ្លូវការលើកញ្ចក់ទូរទស្សន៍ និងទំព័រហ្វេកប៊ុកផ្លូវការរបស់ភីអិនអិន ទទួលការគាំទ្រខ្លាំង រហូតធ្វើឱ្យតួឯកស្រីវ័យក្មេងក្នុងរឿងនេះ រំពឹងខ្លាំងលើស្នាដៃដំបូងនេះ។
វីដេអូ Trailer ជាងមួយនាទី បានបង្ហាញពីឈុតឆាកពិសេសៗជាច្រើនក្នុងសែស្រឡាយត្រកូលរាជ្យវង្សមួយ ដែលកំពុងចម្រូងចម្រាស់ ចាក់ស្រេះទៅដោយបញ្ហារាប់មិនអស់។ ការលើកតម្កើង ផ្តល់តម្លៃឲ្យស្រ្តី ជាផ្នែកសំខាន់មួយក្នុង រឿង “តួគេខ្ញុំសម្តែង” ដែលអ្នកនិពន្ធជើងចាស់ អ្នកស្រី ពាន់ ភួងបុផ្ផា បានយកមកច្របាច់បញ្ចូលក្នុងសាច់រឿងនេះ ដើម្បីជាសារបញ្ជ្រាបដល់សាធារណជនយល់កាន់តែច្បាស់ពីគុណតម្លៃ និងភាពថ្លៃថ្នូររបស់ស្រី្ត។
ក្រោយសម្រិតសម្រាំងទាំងសាច់រឿង គុណភាពបច្ចេកទេស ប្លង់ថត ពិសេសគឺទីតាំងទេសចរណ៍ និងអគារការិយាល័យដ៏ទំនើបប្រកបដោយស្តង់ដារបស់ភីអិនអិនផ្ទាល់ បានធ្វើឱ្យតួគេខ្ញុំសម្តែង កាន់តែមានភាពអស្ចារ្យ។
នេះបើតាមការបញ្ជាក់របស់តួឯករាងតូចច្រឡឹង មុន្នី វិជ្ជរា។
មានប្រភពពីអ្នកដើរម៉ូត តារាសម្តែងរូបនេះបន្តថា ក្រោយថតចប់សព្វគ្រប់រឿង “តួគេខ្ញុំសម្តែង” ទីផ្សារសិល្បៈរបស់ខ្លួនមានការកើនឡើងគួរដោយកត់សម្គាល់ដោយមានគេទាក់ទងការងារច្រើន តែព្រោះកញ្ញាជាប់រវល់ជាមួយការសិក្សា ទើបសុំពុំទាន់ទទួលការងារទាំងនោះឡើយ ដោយចង់រៀនឱ្យចប់សិនទើបគិតគូរលើរឿងនោះ។ សព្វថ្ងៃ វិជ្ជរា ជានិសិត្សឆ្នាំទី២ លើឯកទេសធនាគារ និងហិរញ្ញវត្ថុ នៅសកលវិទ្យាល័យជាតិគ្រប់គ្រង។ ក្រៅពីការសម្តែង និងអាជីពជាអ្នកដើរម៉ូត តារាចំនូលថ្មីរួបនេះ ចង់ប្រឡូកវិស័យចម្រៀងមួយមុខទៀតផងដែរ ទោះមិនទាន់ធ្លាប់សាកcoverបទចម្រៀងក្តី តែកញ្ញាជឿជាក់ថា ខ្លួនអាចធ្វើបានព្រោះចូលចិត្តច្រៀងតាំងពីក្មេងហើយអ្នកជុំវិញខ្លួនថាសំលេងអាចទទួលយកបាន ដូច្នេះហើយទើបថ្ងៃអនាគតកញ្ញាចង់សាកច្រៀងបន្ថែមមួយមុខទៀត ប្រសិនបើអាចទៅរួច។
កាន់តែសូមទស្សនារូបសម្រស់តារាស្រី មុន្នី វិជ្ជរា និងវីដេអូ Trailer រឿងដំបូងរបស់នាងសម្ដែង ៖