ក្រោយពីក្រសួងធ្វើកំណែទម្រង់ការប្រឡងមធ្យមសិក្សាទុតិយភូមិមក មានសិស្សមួយចំនួនធំបានចាប់ផ្តើមខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីត្រៀមខ្លួនក្នុងការប្រឡងដ៏សំខាន់មួយនេះ ដោយក្នុងនោះ សិស្សមួយចំនួនមានការព្រួយបារម្ភខ្លាំងណាស់ ឱ្យតែជិតដល់ពេលប្រឡងបាក់ឌុបម្តងៗ នៅតាមទីសក្ការៈ និងវត្តនានា គឺពោរពេញទៅដោយសិស្សព្រោងព្រាតដែលខ្លះទៅអុជធូបបន់ស្រន់ ខ្លះទៅនិមន្តលោកស្រោចទឹកឱ្យដើម្បីឱ្យបាត់ក្ដីភ័យខ្លាច និងបង្កើនជំនឿចិត្តជាដើម។
អតីតសិស្សទទួលបាននិទ្ទេស A “នៅឆ្នាំ2017 យុវជន ហេង គីមហុង បានលើកឡើងថា ការប្រឡងមធ្យមសិក្សាទុតិយភូមិ ជាការប្រឡងសំខាន់តែក៏មិនគួរព្រួយបារម្ភជ្រុលពេកដែរប្រសិនបើយើងបានត្រៀមខ្លួនទុកជាមុនបានល្អ។ ប្រសិនបើយើងមិនបានត្រៀមខ្លួនទុកជាមុនពីដើមឆ្នាំទេនោះ ក៏មិនទាន់ហួសពេលដែរ ប្រសិនបើបេក្ខជនចាប់ផ្តើមត្រៀមខ្លួនពីថ្ងៃនេះទៅ។
ជាចំណុចចាប់ផ្តើម បេក្ខជនប្រឡងគួរប្រមូលឯកសារទាំងអស់ដែលមាននៅក្នុងដៃ ទុកទៅតាមផ្នែក ដើម្បីឱ្យដឹងថា យើងមានឯកសារគ្រប់គ្រាន់ហើយឬនៅ? ឬនៅខ្វះអ្វីទៀតដើម្បីងាយស្រួលស្វែងរកបន្ថែម។ បន្ទាប់មករៀបវាតាមលំដាប់លំដោយ ជាពិសេសវិញ្ញាសាចាស់ៗដែលគេធ្លាប់ប្រឡងពីមុនមក។ នៅពេលយើងគ្រប់គ្រងឯកសារមានរបៀបរៀបរយហើយវានឹងធ្វើឱ្យយើងមានអារម្មណ៍ថា រាងនឹងចិត្តបន្តិចហើយ ព្រោះយើងអាចគ្រប់គ្រងមេរៀនបាន មិនរាយប៉ាយគរលើគ្នាជិតជុំវិញខ្លួននោះទេ។ ក្រោយពេលរៀបចំបានល្អិតល្អន់ហើយ យើងគួរបែងចែកពេលវេលាទៅតាមភាពសំខាន់នៃមុខវិជ្ជា ឬក៏អាចបែងចែក ដោយផ្តល់ភាពសំខាន់លើមុខវិជ្ជាណាដែលយើងមិនសូវខ្លាំងក៏បាន។
យុវជន ហេង គីមហុង បាននិយាយថា៖ “ប្រសិនបើយើងបែងចែកពេលវេលាបានច្បាស់លាស់ រួមទាំងមានឯកសារគ្រប់គ្រាន់ហើយ បេក្ខជនត្រៀមប្រឡងគួរផ្អាកការប្រើប្រាស់បច្ចេកវិទ្យា ឬលេងបណ្តាញសង្គមនិងកាត់បន្ថយការកម្សាន្តមួយចំនួនដែលមិនចាំបាច់ ដើម្បីអនុវត្តឱ្យបានច្រើនលើវិញ្ញាសាចាស់ៗទាំងអស់នោះឱ្យបានច្រើន”។
អតីតសិស្សពូកែនិទ្ទេស A ខាងលើបានលើកឡើងផងដែរថា ការគណនាលើកម្រងវិញ្ញាសាដែលគេធ្លាប់ប្រឡងគួរធ្វើដោយហ្មត់ចត់ ដោយសរសេរ ឬគណនាដូចជាការប្រឡងពិតប្រាកដ ដើម្បីឱ្យយើងផ្ស៉ាំខ្លួនបានល្អជាមួយនឹងការប្រឡង។ មានអ្នកខ្លះមានចំណេះដឹងគួរសម អាចគណនាបានលឿន តែគាត់មិនយកចិត្តទុកដាក់ ដោយគ្រាន់តែគណនាឱ្យតែរួចៗ ហើយមិនសរសេរចូលទៅក្នុងវិញ្ញាសាប្រឡងត្រៀមនោះឡើយ ដែលធ្វើឱ្យគាត់ងាយច្រឡំ ឬធ្វើមិនបានល្អនៅពេលសរសេរលើក្រដាសវិញ្ញាសាពិតប្រាកដ។ ក្រៅពីនេះ យើងគួរសិក្សាឱ្យបានល្អ ខំឱ្យអស់ពីលទ្ធភាពក្នុងការអនុវត្តលំហាត់ និងរំឭកមេរៀនសម្រាប់មុខវិជ្ជាវិទ្យាសាស្ត្រសង្គមនៅពេលនេះ ដើម្បីយើងបានសម្រាកនៅពេលកៀកការប្រឡងខ្លាំង។ នៅពេលជិតដល់ថ្ងៃប្រឡងជាក់ស្តែង ប្រសិនបើយើងបានត្រៀមនៅក្នុងដំណាក់កាលនេះហើយ យើងអាចនឹងមិនចាំបាច់ព្រួយបារម្ភពេកនោះទេ គឺយើងអាចនឹងមានអារម្មណ៍ថា យើងមានចំណេះដឹងគួរសមនៅក្នុងខ្លួន មិនទទេស្អាតពេកទេ ហើយអាចសម្រាកឱ្យមានស្មារតីល្អនៅមុនថ្ងៃប្រឡង 1ថ្ងៃ ឬ 2ថ្ងៃទៀតផង។
អតិតសិស្សពូកែទូទាំងប្រទេស ផ្នែករូបវិទ្យា និងជាគ្រូផ្នែកគណិតវិទ្យា លោក ចេង បូរិទ្ធ បានលើកឡើងថា ការត្រៀមប្រឡងមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សិស្ស ព្រោះទោះបីជាយើងខ្លាំងប៉ុនណាក៏ដោយ ក៏ចាំបាច់ត្រូវតែរំឭកមេរៀនឡើងវិញដែរ។ ហេតុនេះដំណាក់កាលការរំឭកមេរៀននេះ សិស្សចាំបាច់ត្រូវមានការរៀបចំឱ្យបានល្អ ដើម្បីធ្វើយ៉ាងណាកុំឱ្យមានអារម្មណ៍ថាស្លន់ស្លោ ឬបារម្ភខ្លាំងជ្រុលដោយសារតែមេរៀនគរច្រើនពេក។ សិស្សគួរបែងចែកវិធីសាស្ត្រនៃការរំឭកមេរៀនទៅតាមផ្នែកវិទ្យាសាស្ត្រពិត ឬវិទ្យាសាស្ត្រសង្គម។ ចំពោះវិទ្យាសាស្ត្រពិត យើងគួរអនុវត្តឱ្យបានច្រើន ហើយមិនបាច់បារម្ភខ្លាំងពេកទេលើការទន្ទេញរូបមន្ត ព្រោះពេលយើងអនុវត្តលំហាត់ យើងត្រូវតែយករូបមន្តមកប្រើ បន្តិចម្តងៗវានឹងចាំដោយឯកឯង។ ចំណែកឯថ្នាក់វិទ្យាសាស្ត្រសង្គមវិញ គួរយកមេរៀនទាំងអស់មកសង្ខេបឱ្យខ្លីដោយចំណាយពេលអានសាច់រឿងលម្អិតបន្ទាប់មកដកស្រង់យកតែចំណុចសំខាន់ដើម្បីងាយចងចាំ។
លោក ចេង បូរិទ្ធ បាននិយាយថា៖ “កុំបារម្ភខ្លាំងពេកពីការប្រឡង ពេលរៀនយើងរៀនលំហាត់ធំៗ តែពេលប្រឡងភាគច្រើនចេញលំហាត់មិនខ្លាំងពេកទេ ហេតុនេះសូមធ្វើលំហាត់ដោយទំនុកចិត្ត និងពិនិត្យមើលឱ្យបានច្បាស់លាស់មុននឹងចាប់ផ្តើម។ កាលណាយើងពិនិត្យមិនច្បាស់លាស់ នោះកត្តាច្រឡំនឹងមានខ្ពស់បំផុត ដែលធ្វើឱ្យយើងបាត់បង់ពិន្ទុ ឬខាតពេល”។
លោក បូរិទ្ធ បានបន្ថែមទៀតថា ក្រៅពីបញ្ហារៀបចំរំឭកមេរៀនហើយ បញ្ហាសុខភាពក៏ជារឿងសំខាន់ដែរសម្រាប់បេក្ខជនប្រឡងម្នាក់។ មានបេក្ខជនខ្លះមានគោលបំណងដណ្តើមយកនិទ្ទេសល្អ តែដោយសារការខំខ្លាំងពេកបែរជាធ្វើឱ្យគាត់ឈឺទៅវិញ ដែលធ្វើឱ្យពេលប្រឡងមិនអាចធ្វើបានល្អ។ ហេតុនេះការរក្សាសុខភាពក៏សំខាន់ណាស់ដែរ ទោះជាយើងខំប្រឹងប្រែងរៀន ក៏មិនគួរខំគំហុកពេកទេ យើងអាចធ្វើតាមសម្រួល តាមការបែងចែកពេលវេលាច្បាស់លាស់ដែលយើងបានកំណត់។ ចំពោះរបបអាហារក៏គួរកុំទទួលទានអាហារណាដែលអាចបណ្តាលឱ្យប៉ះពាល់ដល់សុខភាព ឬប្រុងប្រយ័ត្នកាន់តែខ្លាំងចំពោះអាហារនៅពេលដែលថ្ងៃប្រឡងជិតចូលមកដល់។ ការសម្រាកក៏ដូចគ្នាដែរទោះខំរៀន ក៏ត្រូវការគេងឱ្យបានគ្រប់គ្រាន់ដែរ ព្រោះស្មារតីសំខាន់ណាស់ចំពោះការចងចាំ ប្រសិនបើយើងសម្រាកមិនគ្រប់គ្រាន់ មិនត្រឹមតែធ្វើឱ្យយើងមិនឆាប់ចាំមេរៀននោះទេ តែបណ្តាលឱ្យយើងមានអារម្មណ៍មិនល្អថែមទៀតផង៕