Skip to content

អ្នកធ្វើការ​ផ្នែក​លោហៈ​ ផលិត​នំ​ កែច្នៃ​បន្លែ​-ផ្លែឈើ​នឹង​មាន​សញ្ញាបត្រ​ផ្លូវការ​

នៅ​កម្ពុជា​ មានមុខ​របរ​ជាច្រើន​សុទ្ធតែ​ជាមុ​ខរ​បរ​ដែល​ត្រូវ​បាន​គេ​មើល​រំលង​ ខណៈ​អាជីព​ទាំងអស់​នោះ​កំពុង​មាន​តម្រូវការ​ទីផ្សារ​ខ្ពស់​ និង​អាច​ជា​ប្រភព​ចំណូល​ដ៏​ល្អ​ថែម​ទៀតផង​។ មុខរ​បរ​តូច​ៗមួយចំនួន​នៅ​តាម​សហគមន៍​ រួម​ទាំង​មុខរបរ​ក្នុង​វិស័យ​កសិកម្ម​មួយចំនួន​ទៀត​ សុទ្ធតែ​ជា​ មុខរបរ​ដែល​មាន​លំនឹង​ល្អ​ហើយ​ថែមទាំង​អាច​ជួយ​ដោះស្រាយ​បញ្ហា​របស់​ប្រជាជន​បាន​ច្រើន​ទៀតផង​ តែ​គួរ​ឱ្យ​សោក​ស្តាយ​ ដែល​សិស្ស​ និស្សិត​ជាច្រើន​មិនសូវ​ចាប់អារម្មណ៍​បើ​ទោះបីជា​ស្ថាប័ន​ពាក់ព័ន្ធ​ខិតខំ​បណ្តុះបណ្តាល​យ៉ាងណាក្ដី​។

កាលពី​ពេល​ថ្មី​ៗនេះ​ ដើម្បី​ជំរុញ​ឱ្យ​ការ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​កាន់តែ​មាន​សក្តា​នុ​ពល​ខ្លាំង​ឡើង​ ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​ដាក់​ឱ្យ​អនុវត្ត​កញ្ចប់​ស្តង់​ដា​បណ្តុះបណ្តាល​លើ​មុខវិជ្ជា​បន្ស៊ី​លោហៈ​ មុខរបរ​ផលិត​នំ​ និង​មុខរបរ​កែច្នៃ​បន្លែ​ និង​ផ្លែឈើ​ កម្រិត3​ និង​កម្រិត4​ ដល់​ប្រជាជន​ខ្មែរ​ដែល​ចង់​ចាប់​យក​អាជីព​ទាំងអស់​នេះ​ ឬដើម្បី​ទទួលស្គាល់​ និង​បណ្តុះបណ្តាល​បន្ថែម​ចំពោះ​អ្នក​ដែល​កំពុង​ប្រកបរបរ​នេះ​ស្រាប់​ ដែល​មានបំណង​ចង់​អភិវឌ្ឍ​ខ្លួន​បន្ថែម​។

ឯកឧត្តម​ ពេជ​ សោភ័ន​ រដ្ឋលេខាធិការ​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​លើកឡើង​ថា​កញ្ចប់​ស្តង់​ដា​បណ្តុះបណ្តាល​លើ​មុខវិជ្ជា​បន្ស៊ី​លោហៈ​ មុខរបរ​ផលិត​នំ​ និង​មុខរបរ​កែច្នៃ​បន្លែ​ និង​ផ្លែឈើ​នេះ​ នឹង​ក្លាយជា​ចំណុច​វិជ្ជមាន​មួយ​សម្រាប់​អ្នក​សិក្សា​ និង​ប្រកបមុខរបរ​នេះ​។ សម្រាប់​សាធារណជន​ដែល​ធ្លាប់​សិក្សា​នៅ​សាលា​ចំណេះ​ទូទៅ​ ឬមាន​សមត្ថភាព​ជំ​នាញ​ខ្លះ​ៗ ឬមាន​បទ​ពិសោធ​ការងារ​ប្រតិបត្តិ​ជាក់ស្តែង​នានា​ មិនថា​នៅ​ទីណា​ ឬពេលណាក៏ដោយ​ ពោល​គឺ​ អ្នក​ទាំងអស់​នោះ​អាច​សុំ​ធ្វើតេស្ត​សមត្ថភាព​ដើម្បី​ទទួល​បានការ​ទទួលស្គាល់​ពី​កម្រិត​សមត្ថភាព​ជាក់ស្តែង​ ឬសុំ​ធ្វើការ​ទទួលស្គាល់​ការសិក្សា​ដែល​ខ្លួន​ធ្លាប់​មាន​ពីមុន​ និង​ការ​ទទួលស្គាល់​សមត្ថភាព​បច្ចុប្បន្ន​ (RPL​/RCC​)។ ក្រៅពី​ទទួល​បានការ​ទទួលស្គាល់​ដើម្បី​យក​ទៅ​ប្រើប្រាស់​ក្នុង​អាជីវកម្ម​ ឬការងារ​ហើយ​ អ្នក​ទាំងអស់​នោះ​ក៏អាច​ធ្វើការ​ស្នើសុំ​សិក្សា​បន្ថែម​ទៅ​តាម​កម្រិត​សមត្ថ​ភា​ពរៀងៗ​ខ្លួន​ផង​ដែរ​។

ឯកឧត្តម​ ពេជ​ សោភ័ន​ មានប្រសាសន៍​ថា​៖ “ការ​ដាក់ចេញ​នូវ​កញ្ចប់​ស្តង់​ដា​បណ្តុះបណ្តាល​នេះ​ ជា​ឱកាស​ដ៏​ល្អ​សម្រាប់​សាធារណជន​ ដែល​អាច​ទទួល​បាន​នូវ​វិញ្ញាបនបត្រ​វិជ្ជាជីវៈ​ ឬសញ្ញា​បត្រ​កម្រិតខ្ពស់​ជាង​នេះ​ ដែល​ទទួលស្គាល់​ដោយ​ថ្នាក់​ជាតិ​ តាម​ក្របខណ្ឌ​គុណវុឌ្ឍិ​ជាតិ​កម្ពុជា​ (CQF​) ដើម្បី​បញ្ជាក់​ពី​គុណវុឌ្ឍិ​ការងារ​នៅ​កម្ពុជា​ និង​នៅក្នុង​តំបន់​”។

ឯកឧត្តម​រដ្ឋលេខាធិការ​ បាន​បន្ថែម​ថា​ គម្រោង​ដាក់​ឱ្យ​អនុវត្ត​កញ្ចប់​ស្តង់​ដា​បណ្តុះបណ្តាល​លើ​មុខវិជ្ជា​បន្ស៊ី​លោហៈ​ មុខរបរ​ផលិត​នំ​ និង​មុខរបរ​កែច្នៃ​បន្លែ​ និង​ផ្លែឈើ​ កម្រិត3​ និង​កម្រិត4​ នេះ​នឹង​ដាក់​ឱ្យ​អនុវត្ត​សាកល្បង​ មុននឹង​ដាក់​ឱ្យ​គណៈកម្មការ​ជាតិ​បណ្តុះបណ្តាល​ (NTB​) អនុម័ត​ និង​សម្រេច​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ពេល​ខាងមុខ​។ គម្រោង​នេះ​អាច​នឹង​ឈាន​ទៅដល់​ទិសដៅ​ល្អ​មួយ​ដែល​សម្រេច​បាន​នូវ​ផែនការ​សកម្មភាព​យុទ្ធសាស្ត្រ​សម្រាប់​ការអនុវត្ត​នា​ពេល​អនាគត​ ហើយ​សមាជិក​គ្រប់រូប​ នឹង​ជួយ​អនុវត្ត​សកម្មភាព​នានា​ដើម្បី​គាំទ្រ​បន្ត​ទៀត​។

ឯកឧត្តម​ ហឹង​ ស៊ី​ដេ​ត អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ បាន​លើកឡើង​ថា​ ការ​ដាក់​ឱ្យ​មាន​គម្រោង​អនុវត្តន៍​ស្តង់​ដា​បណ្តុះបណ្តាល​លើ​មុខរបរ​ការ​បន្ស៊ី​លោហៈ​ មុខរបរ​ការ​ផលិត​នំ​ និង​មុខរបរ​កែច្នៃ​បន្លែ​ និង​ផ្លែឈើ​នេះ​ គឺ​ដោយសារ​មើលឃើញ​ពី​តម្រូវការ​នៃ​ការ​អភិវឌ្ឍ​ដែល​កំពុង​ប្រែក្លាយ​ពី​ការពឹងផ្អែក​លើ​វិស័យ​កសិកម្ម​ ទៅជា​ឧស្សាហកម្ម​។ ក្រៅពី​នេះ​យើង​ក៏​មានបំណង​លើកទឹកចិត្ត​ដល់​វិទ្យាស្ថាន​បណ្តុះបណ្តាល​ទាំងអស់​ឱ្យ​យល់​ពី​ស្តង់​ដា​បណ្តុះបណ្តាល​ទៅលើ​មុខរបរ​ទាំងអស់​នេះ​ ឱ្យ​ស្រប​ទៅតាម​កម្រិត​ជាតិ​ និង​តំបន់​ ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស​ឱ្យ​ឆ្លើយតប​ជាមួយនឹង​តម្រូវការ​ជាក់ស្តែង​៕

Leave a Reply

Your email address will not be published. Required fields are marked *