ការប្រឡងមធ្យមសិក្សាទុតិយភូមិ គឺជាការប្រឡងដ៏សំខាន់ និងជាជំហានដំបូងបំផុតដើម្បីចាប់ផ្តើមជីវិតអាជីពទៅថ្ងៃអនាគត ហេតុនេះសិស្សានុសិស្សទូទាំងប្រទេសកំពុងខិតខំប្រឹងប្រែងខ្លាំងដើម្បីសម្រេចជំហានដ៏តឹងតែងមួយនេះ។ ទោះជាយ៉ាងនេះក្តី សិស្សានុសិស្សនៅកម្ពុជាជាច្រើនក្នុងសម័យថ្មីនេះ នៅដិត-ជាប់ជាមួយនឹងអារម្មណ៍ និងទម្លាប់អវិជ្ជមានជាច្រើនដែលរំខានខ្លាំងដល់ការដណ្តើមយកជ័យជម្នះក្នុងការប្រឡងបាក់ឌុប។
ទម្លាប់អាក្រក់ទាំងអស់នោះ មានចំណែកយ៉ាងសំខាន់ពាក់ព័ន្ធនឹងបច្ចេកវិទ្យា ទម្លាប់នៃការរស់នៅ និងផ្នត់គំនិតដែលធ្វើឱ្យពួកគេលំបាកគ្រប់គ្រងខ្លួនឯង ហើយខ្ជះខ្ជាយពេលវេលាសិក្សាកាន់តែខ្លាំង ដែលអាចធ្វើឱ្យពួកគេត្រូវស្តាយក្រោយបន្ទាប់ពីទទួលបានលទ្ធផលអវិជ្ជមាន។
1. ញៀនបណ្តាញសង្គម
បច្ចុប្បន្ននេះ ដោយសារតែបច្ចេកវិទ្យាកាន់តែទំនើប ធ្វើឱ្យតម្លៃឧបករណ៍អេឡិចត្រូនិកទំនើបៗ ដូចជាទូរស័ព្ទដៃស្មាតហ្វូន និងTablet ជាដើម មានតម្លៃកាន់តែធូរថ្លៃដែលអាចឱ្យសិស្សានុសិស្សស្ទើរគ្រប់គ្នាទិញមកប្រើ មិនថានៅទីក្រុង ឬទីជនបទនោះទេ។ ការប្រើប្រាស់ឧបករណ៍ទំនើបៗទាំងអស់នោះ មានគុណសម្បត្តិច្រើនដែលអាចធ្វើឱ្យសិស្សទទួលបានព័ត៌មាន និងប្រភពចំណេះដឹងកាន់តែទូលំទូលាយ តែអ្វីដែលជាការរំខាន គឺកម្មវិធីកម្សាន្តមានច្រើន និងទាក់ទាញយុវជនខ្លាំងជាងកម្មវិធីអប់រំ ហេតុនេះហើយទើបសិស្សានុសិស្សមួយចំនួនធំបានញៀនជាមួយនឹងការកម្សាន្តទាំងនោះស្ទើរដកខ្លួនមិនរួចមុនពេលត្រៀមប្រឡង។
កត្តានេះអាចធ្វើឱ្យអារម្មណ៍របស់សិស្សមិនស្ងប់ ហើយខ្ជះខ្ជាយពេលវេលានៅមុខបណ្តាញសង្គម ឬចំណាយពេលនៅជាមួយវាដល់យប់ជ្រៅ ដែលធ្វើឱ្យស្ថានភាពកាន់តែដុនដាបទៅ។ ហេតុនេះបើមិនចង់ធ្លាក់បាក់ឌុបទេ បេក្ខជនគួរត្រៀមដកខ្លួនចេញឱ្យឆ្ងាយពីឧបករណ៍អេឡិចត្រូនិកឱ្យហើយ ប្រសិនបើដឹងខ្លួនឯងច្បាស់ថា មិនអាចគ្រប់គ្រងវាបាន ដើម្បីទុកពេលស្ងប់ស្ងាត់សមរម្យមួយសម្រាប់សង្ខេប និងរំឭកមេរៀនត្រៀមប្រឡង។
2. រកចំណុចចាប់ផ្តើមមិនឃើញ
សិស្សភាគច្រើនមានទម្លាប់ខ្ជះខ្ជាយ និងកុហកខ្លួនឯងច្រើន ដែលនេះកើតមកពីបញ្ហានៃការគ្រប់គ្រងខ្លួនឯងមិនបានល្អ ដែលធ្វើឱ្យពួកគេត្រូវឆ្លងកាត់ដំណាក់កាលទឹកដល់ច្រមុះច្រើនដងពេលជិតប្រឡងសំខាន់ម្តងៗ។ កត្តានេះធ្វើឱ្យសិស្ស រកចំណុចចាប់ផ្តើមមិនឃើញដើម្បីរៀបចំមេរៀនដែលគរជុំវិញខ្លួន ហើយរកខ្លួនឯងមិនឃើញថា តើត្រូវចាប់ផ្តើមមុខវិជ្ជាណាមុន? ហើយអ្វីដែលខ្លួនឯងខ្លាំង និងអ្វីដែលត្រូវបំពេញបន្ថែម?។
ទម្លាប់នេះ រំខានខ្លាំងណាស់ដល់អារម្មណ៍របស់បេក្ខជនត្រៀមប្រឡង ព្រោះគេមើលឃើញថា ខួរក្បាលនៅទទេស្អាត ហើយគ្រប់មុខវិជ្ជាទាំងអស់សុទ្ធតែត្រូវអនុវត្ត និងទន្ទេញច្រើនស្មើៗគ្នា។ ស្ថានភាពបែបនេះ ធ្វើឱ្យអារម្មណ៍ភ័យព្រួយនៅដក់ជាប់ក្នុងខ្លួនជានិច្ច ហើយរៀនមុខវិជ្ជាមួយស្តាយមុខវិជ្ជាមួយ ហើយធ្វើឱ្យមានអារម្មណ៍ច្របូកច្របល់ រហូតមិនអាចរំឭកមេរៀនគ្រប់មុខទាំងអស់បាន ដែលនេះជាកត្តាខ្ពស់បំផុតធ្វើឱ្យទទួលលទ្ធផលអវិជ្ជមាន។ ហេតុនេះប្រសិនបើមិនចង់ប្រឡងធ្លាក់ សិស្សគួរចាប់ផ្តើមស្វែងរកពេលវេលាស្ងប់ស្ងាត់សមរម្យមួយ ដោយកុំព្រួយបារម្ភខ្លាំងពេក ហើយចាប់ផ្តើមសង្កេតពីខ្លួនឯងថា តើមុខវិជ្ជាណាខ្លះដែលចេះច្រើនហើយ ហើយមុខវិជ្ជាណាខ្លះនៅខ្សោយខ្លាំង។ បន្ទាប់មកបែងចែកពេលវេលា និងវិធីសាស្ត្ររំឭកដោយដាក់ដាច់ដោយឡែកពីគ្នារវាងមុខវិជ្ជាវិទ្យាសាស្ត្រពិត និងមុខវិជ្ជាវិទ្យាសាស្ត្រសង្គម។ សម្រាប់មុខវិជ្ជាវិទ្យាសាស្ត្រពិត គួរចាប់ផ្តើមអនុវត្តលំហាត់ស្រាលៗជាមុន ដើម្បីលើកទឹកចិត្តខ្លួនឯង និងផ្សាំុជាមួយនឹងលំហាត់ឱ្យបានល្អ មុននឹងចាប់ផ្តើមអនុវត្តជាមួយគំរូវិញ្ញាសាប្រឡង។ ចំណែកឯមុខវិជ្ជាវិទ្យាសាស្ត្រសង្គម ក្នុង 1មេរៀនប្រហែលជាមានត្រឹមតែ 7 ឬ 8ជំពូកប៉ុណ្ណោះ ហើយក្នុង 1ជំពូកអាចមានមេរៀន3 ឬ4ទៅតាមជាក់ស្តែង។ ហេតុនេះប្រសិនបើចាប់យកសៀវភៅកម្រាស់ជាង 100ទំព័រមកអានទាំងអស់ប្រាកដជាទឹកចូលច្រមុះមិនខាន ហេតុនេះគួរសាកល្បងសង្ខេបមេរៀនជាសំណួរ-ចម្លើយ ឬសង្ខេបជាចំណុចសំខាន់ខ្លីៗជាចំណុចៗ ឬអាចគូសជាគំនូសចំណាំ (Mindmaps) ដើម្បីងាយស្រួលមើល ហើយខ្លី។ បន្ទាប់ពីធ្វើបានហើយ យើងអាចតម្រៀបវាទៅតាមជំពូកក្នុងមេរៀន ដែលយ៉ាងច្រើនសល់ត្រឹម 15ទំព័រទៅ 20ទំព័រប៉ុណ្ណោះ ហេតុនេះយើងអាចចំណាយពេលត្រឹមតែ 1ម៉ោងក្នុង 1ថ្ងៃជាប់ៗគ្នាត្រឹមតែជាង1សប្តាហ៍ នឹងអាចចងចាំបានច្រើនហួសពីការស្មាន។
3. សេពគប់មិត្តភក្តិខ្ជីខ្ជា
ការសេពគប់មិត្តភក្តិ គឺជារឿងសំខាន់មួយដែលអាចទាញយើងឱ្យទទួលបានលទ្ធផលបរាជ័យបាន។ មិត្តភក្តិខ្ជីខ្ជាជាច្រើន អាចនឹងក្លាយជាកម្លាំងជំរុញឱ្យយើងមានទំនុកចិត្តខុសរឿង ឬស្លន់ស្លោជ្រុល ហេតុនេះប្រសិនបើដឹងខ្លួនច្បាស់ថា កំពុងស្ថិតក្នុងដំណាក់កាលបែបនេះ គួរប្រញាប់ដកខ្លួនដើម្បីទៅជិតអ្នកដែលមានទម្លាប់ល្អ។ វាអាចជារឿងលំបាកបន្តិច ប្រសិនបើភ្លាមៗយើងត្រូវផ្លាស់ប្តូរការសេពគប់ ហើយពេលខ្លះយើងបារម្ភថា អ្នកខ្លាំងៗអាចនឹងចៀសសពីយើងដែលធ្លាប់ខ្ជីខ្ជា តែស្ថានភាពពិត មិនប្រាកដថាបែបនេះទេ។
ការសាកល្បងចាប់ផ្តើមសួរ និងទំនាក់ទំនងជាមួយមិត្តភក្តិដែលហ្មត់ចត់ មិនអាក្រក់ដូចយើងគិតពេកនោះទេ តែអ្វីដែលគួរឱ្យបារម្ភនោះ គឺយើងខ្លួនឯងអាចតាំងចិត្តល្អបានកម្រិតណាក្នុងបញ្ឈប់ទម្លាប់អាក្រក់របស់ខ្លួនឯង។ ប្រសិនបើយើងមិនចង់ធ្លាក់ ហើយមានឆន្ទៈចង់ប្រឡងជាប់ពិតប្រាកដ អាចសាកល្បងចូលក្នុងចំណោមអ្នកប្រឹងប្រែងរៀន ដើម្បីទទួលយករបៀបល្អៗដែលគេប្រើប្រាស់សម្រាប់ទទួលបានលទ្ធផលល្អឬយ៉ាងហោចណាស់ក៏យើងបានស្តាប់ពីអ្វីដែលគេចែករំលែកពេលជួបជុំម្តងៗ ដែលធ្វើឱ្យយើងកាន់តែឆាប់ចងចាំបានល្អនូវចំណុចសំខាន់ៗនៃមេរៀន៕