ការប្រកួតក្នុងសប្តាហ៍ទី16 នៃពានរង្វាន់ជម្រើសជើងឯក មិត្តហ្វូន ខេមបូឌាន ឆ្នាំ2019 នេះ ការប្រកួតរវាងក្លិបបាល់ទាត់ វិសាខា ជាមួយ ភ្នំពេញក្រោន នៅថ្ងៃអាទិត្យ ទី21 ខែកក្កដា ឆ្នាំ2019 កន្លងទៅនេះ បានក្លាយជាការប្រកួតដែលមានអ្នកទស្សនាច្រើនជាងគេបង្អស់នៅក្នុងលីកកំពូលរបស់កម្ពុជា ដោយមានវត្តមានរបស់អ្នកគាំទ្រដែលបានទៅចូលរួមទស្សនាផ្ទាល់សរុបចំនួន 5,500នាក់នៅកីឡដ្ឋានវិសាខា។តាមរយៈរបាយការណ៍អំពីការប្រកួតនេះ ក្រុមអ្នកទស្សនាភាគច្រើន គឺជាអ្នកគាំទ្រក្រុមទាំង2 គឺភ្នំពេញក្រោន និងវិសាខា។ ចំពោះលទ្ធផលគឺ ក្រុមម្ចាស់ផ្ទះវិសាខា បានយកឈ្នះក្រុមភ្ញៀវក្នុងលទ្ធផលប្រកៀកប្រកិតគ្នា 4ទល់នឹង3។
គួរបញ្ជាក់ផងដែរថា មកទល់នឹងពេលនេះ ក្រុមព្រះខ័នរាជស្វាយរៀងកំពុងកាន់កាប់កំពូលតារាងលីកកំពូលកម្ពុជា ខណៈដែលវិសាខាកំពុងឈរនៅលំដាប់ថ្នាក់លេខ4 ឯក្រុមភ្នំពេញក្រោនវិញ កំពុងតែឈរនៅលំដាប់ថ្នាក់ទី6 នៃតារាងពិន្ទុលីកកំពូលកម្ពុជារដូវកាល2019 នេះ៕