នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ការប្រឡងមធ្យមសិក្សាទុតិយភូមិ នឹងចូលមកដល់ ដែលជាហេតុធ្វើឱ្យបេក្ខជនទាំងអស់ចាំបាច់ត្រូវខិតខំប្រឹងប្រែងរំឭកមេរៀន និងជាពិសេសគឺដំណាក់កាលនៃការប្រឡងសាកល្បងដោយខ្លួនឯង។
កាលពីសម័យមុន ការប្រឡងសាកល្បង ឬអនុវត្តនៅផ្ទះដោយខ្លួនឯង បេក្ខជនភាគច្រើនត្រូវទិញសៀវភៅកម្រងវិញ្ញាសាដើម្បីយកមកសាកល្បងអនុវត្តផ្ទាល់ និងបន្ទាប់មកទើបបើកមើលចម្លើយនៅផ្នែកម្ខាងទៀតនៃសៀវភៅ តែបច្ចុប្បន្ននេះ ដោយសារតែបច្ចេកវិទ្យាកាន់តែទំនើប ក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតគេហទំព័រមួយដើម្បីជួយដល់សិស្សឱ្យធ្វើតេស្តសមត្ថភាពបានដោយឥតគិតថ្លៃ។
ដើម្បីចូលទៅធ្វើតេស្តសមត្ថភាពរបស់ខ្លួន សិស្សត្រូវចូលទៅក្នុងតំណភ្ជាប់ http://bacii.moeys.gov.kh ដែលគេហទំព័រនេះអាចផ្តល់ឱ្យសិស្សថ្នាក់ទី12 នូវការវាស់ស្ទង់សមត្ថភាពលើមុខវិជ្ជា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និងប្រវត្តិវិទ្យា។ លក្ខណៈពិសេសរបស់គេហទំព័រដែលក្រសួងអប់រំ យុវជន និងកីឡា ផ្តល់ឱ្យនេះ គឺអាចដឹងលទ្ធផល និងពិន្ទុភ្លាមៗបន្ទាប់ពីធ្វើតេស្តរួច៕