ក្រោយពីកញ្ញា នីតា វរវង្ស ទទួលបានប្រជាប្រិយភាពប្រមាណពីរឆ្នាំជាប់គ្នាមានអ្នកគាំទ្ររបស់នាងជាច្រើនបានសរសើរនាងថា ទើបតែចាប់អាជីពសម្ដែងមិនទាន់បានប៉ុន្មានផងក៏មានកេរ្ដិ៍ឈ្មោះល្បីក្នុងសិល្បៈប្រដំប្រសងនឹងរៀមច្បងទៅហើយ។
ពាក់ព័ន្ធនឹងប្រជាប្រិយភាពក្នុងសិល្បៈនេះ គេតែងតែលើកឡើងថា លុះត្រាតែតារាសម្ដែងនោះមានហុងស៊ុយខ្លាំងទើបឆាប់ល្បី។ ផ្ទុយទៅវិញតារាសម្ដែងស្រីស្រស់វ័យក្មេងនីតា វរវង្ស បានបញ្ជាក់ថា ទោះជានាងកំពុងតែមានកេរ្ដិ៍ឈ្មោះបោះសំឡេងក្នុងសិល្បៈពិតមែន ប៉ុន្ដែមួយរយៈចុងក្រោយនេះនាងជួបបញ្ហាមិនចេះដាច់សោះ។
កញ្ញា នីតា វរវង្ស បញ្ជាក់ថា មូលហេតុដែលនាងលើកយកបញ្ហានេះមកនិយាយក៏ព្រោះតែរយៈពេលពីរខែចុងក្រោយនេះ នាងចេះតែមានរឿងមិនចេះចប់សោះ អស់ពីមួយចូលមួយ។ នាងបន្ដថា បញ្ហាកើតមានឡើងនោះគ្មានអ្វីធំដុំទេ គ្រាន់តែធ្វើឱ្យនាងមានអារម្មណ៍ស្មុគស្មាញ ព្រោះគ្រាដែលនាងកំពុងតែមានអារម្មណ៍មិនល្អជាមួយរឿងផ្ទាល់ខ្លួនមួយចំនួននោះ ពេលបើករថយន្ដទៅបំពេញការងារក៏ស្រាប់តែរថយន្តខូច និងអស់ពីរថយន្ដខូច ក៏ស្រាប់តែទៅបើករថយន្ដប៉ះគេត្រូវសងលុយការខូចខាតគេទៀត។
តារាសម្ដែងរូបនេះបញ្ជាក់ថា នាងមិនដឹងថា មកពីឆុងឆ្នាំ ឬយីអ៊ុនធ្លាក់ ឬគ្មានហុងស៊ុយ ឬយ៉ាងណានោះទេ? ប៉ុន្ដែក្រោយពីកើតរឿងហេតុមិនល្អទាំងនោះហើយ នាងបានទៅវត្ដដើម្បីនិមន្ដព្រះសង្ឃប្រោះព្រំសុំសិរីសួស្ដី។ វរវង្ស ប្រាប់បន្ដទៀតថា៖ «មិនមែនខ្ញុំជឿងប់ងល់លើអបិយជំនឿពេកទេ ប៉ុន្ដែជឿខ្លះក៏ល្អដែរ ព្រោះនៅពេលខ្ញុំកើតអារម្មណ៍ស្មុគស្មាញក្នុងចិត្ដ និងកើតរឿងជាបន្ដបន្ទាប់នោះ ខ្ញុំមិនដឹងជាទៅរកអ្វីមកដោះស្រាយទេ តែក្រោយពីបានស្រោចទឹកប្រោះព្រំរួចហើយ ក៏រាងធូរស្រឡះក្នុងចិត្ដតែម្ដង លែងមានអារម្មណ៍ធុញថប់ក្នុងចិត្ដអស់រលីង។ នេះប្រហែលជាដូចពាក្យគេថា អាគមផ្សំអាយ៉ូសហើយមើលទៅ»៕