មួយរយៈចុងក្រោយនេះ វិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា ទទួលបានការហោះហើរត្រង់មកពីបណ្តាប្រទេសនានាច្រើនជាងមុន ជាពិសេសពីប្រទេសដែលស្ថិតនៅក្នុងតំបន់អាស៊ានតែម្ដង ដូចជាប្រទេសចិន សាំងហ្គាពួរ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន ថៃ វៀតណាម ឡាវ ជាដើម ដែលការណ៍នេះកាន់តែជួយជំរុញឱ្យវិស័យមួយនេះកាន់តែមានភាពល្អប្រសើរឡើង ដែលជាលទ្ធផល ក្នុងរយៈពេល6ខែដើមឆ្នាំ2019នេះ កម្ពុជាទទួលបានជើងហោះហើរសរុបរហូតដល់ 20,433លើក កើនឡើងប្រមាណ 15% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានមានប្រសាសន៍ឱ្យដឹងតាមទូរស័ព្ទថា៖“នៅក្នុងរយៈពេល 6ខែដើមឆ្នាំ2019 កន្លងទៅនេះ វិស័យដឹកជញ្ជូនតាមផ្លូវអាកាសរបស់កម្ពុជាទទួលបានលទ្ធផលល្អប្រសើរជាងឆ្នាំកន្លងទៅ ដោយចំនួនជើងហោះហើរបានកើនឡើង15% ហើយចំនួនអ្នកធ្វើដំណើរក៏មានការកើនឡើង 25%ដែរ”។
ឯកឧត្តមបន្តឱ្យដឹងថា៖“ក្នុងរយៈពេល 6ខែដើមឆ្នាំនេះ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានការហោះហើរសរុបចំនួន 4,589ជើង ដោយការហោះហើរអន្តរជាតិមានចំនួន 1,648លើក ហើយក្នុងស្រុកមានចំនួន 2,941លើក។ ព្រលានយន្តហោះខេត្តសៀមរាប មានការហោះហើរអន្តរជាតិចំនួន 8,189លើក និងជើងហោះហើរក្នុងស្រុក 2,776លើក។ ដោយឡែក ព្រលានយន្តហោះខេត្តព្រះសីហនុ មានការហោះហើរសរុបចំនួន 4,151លើក ក្នុងនោះការហោះហើរអន្តរជាតិមានចំនួន 2,638លើក ហើយក្នុងស្រុកមានចំនួន 1,513លើក និងជើងហោះហើរជាលក្ខណៈជួល (Charter Fly) មានចំនួន 728លើក”។
ជាមួយនឹងការកើនឡើងនៃជើងហោះហើរនេះ គេក៏សង្កេតឃើញថា ចំនួនភ្ញៀវទេសចរ ក៏មានការកើនឡើងផងដែរ ជាពិសេសភ្ញៀវទេសចរចិនជាង 1.1លាននាក់ បានមកទស្សនាកម្ពុជាក្នុងរយៈពេល 5ខែដំបូងនៃឆ្នាំនេះ គឺកើនឡើង 40% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍កម្ពុជា។
របាយការណ៍នេះបានបន្តឱ្យដឹងថា ប្រទេសចិននៅតែជាប្រភពភ្ញៀវទេសចរបរទេសច្រើនជាងគេនៅកម្ពុជា ដែលមានចំនួន 38% នៃចំនួនភ្ញៀវបរទេសសរុបមកកម្ពុជាក្នុងអំឡុងខែមករាដល់ខែឧសភាឆ្នាំនេះ។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍កម្ពុជាបានមានប្រសាសន៍ថា ចិនគឺជាទីផ្សារដ៏ធំមួយសម្រាប់វិស័យទេសចរណ៍កម្ពុជា។ លោកបានបន្តថា៖“យើងសង្ឃឹមថា នឹងទាក់ទាញភ្ញៀវទេសចរចិនប្រហែល 2.6លាននាក់ក្នុងឆ្នាំ2019 នេះ និងចំនួន 3លាននាក់នៅឆ្នាំ2020 ហើយចំនួននេះនឹងកើនដល់ 5លាននាក់នៅឆ្នាំ2025 និងរហូតដល់ 8លាននាក់នៅឆ្នាំ2030”។ យោងតាមរបាយការណ៍នេះបានឱ្យដឹងថា ភ្ញៀវទេសចរអន្តរជាតិចំនួន 2.89លាននាក់បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ក្នុងរយៈពេល 5ខែដំបូងនៃឆ្នាំនេះ គឺកើនឡើង 11.4% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
កាលពីឆ្នាំ2018 កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចំនួន 6.2លាននាក់ ក្នុងនោះភ្ញៀវទេសចរជនជាតិចិនមានចំនួន 2លាននាក់ ហើយកម្ពុជាទទួលបានប្រាក់ចំណូលសរុបចំនួន 4.35ពាន់លានដុល្លារអាមេរិក ពីវិស័យទេសចរណ៍ ដោយវិស័យនេះរួមចំណែក 12,7% ដល់ផលិតផលក្នុងស្រុកសរុបកម្ពុជា។ នេះបើតាមលោករដ្ឋមន្ត្រីបានបញ្ជាក់់។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានមានប្រសាសន៍ថា៖ “នៅពេលដែលវិស័យហោះហើរកាន់តែមានភាពទូលំទូលាយ វានឹងជួយជំរុញឱ្យកម្ពុជាកាន់តែមានឱកាសអូសទាញបណ្តាភ្ញៀវទេសចរ ក៏ដូចជាអ្នកវិនិយោគនានាឱ្យចូលមកស្វែងយល់ពីកម្ពុជា ដើម្បីរកឱកាសវិនិយោគ”។
លោកស្រីបានបញ្ជាក់ថា៖“ពេលនេះកម្ពុជាកំពុងតែមានភាពទាក់ទាញលើវិស័យហោះហើរកាន់តែច្រើន ខណៈដែលបណ្តាប្រទេសនានានៅលើសកលលោកក៏កំពុងតែពិចារណាភ្ជាប់ជើងហោះហើរត្រង់មកកម្ពុជាដែរ។ ខ្ញុំក៏សូមបង្ហាញពីភាពសាទរជាមួយនឹងសមិទ្ធផលដែលវិស័យអាកាសចរណ៍ស៊ីវិលកម្ពុជាទទួលបាននៅពេលនេះ”។ ស្របគ្នានេះដែរ កិច្ចប្រជុំកម្រិតអគ្គនាយកទេសចរណ៍អាស៊ានលើកទី50 (ASEAN NTOs) ជាផ្លូវការនៅខេត្តសៀមរាប ក៏បានជំរុញដល់គ្រប់ភាគីពាក់ព័ន្ធនៅកម្ពុជាឱ្យចូលរួមជំរុញនូវកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍវិស័យទេសចរណ៍នេះឡើង ដោយលើកទឹកចិត្តឱ្យមានការបង្កើតផលិតផលទេសចរណ៍ថ្មីៗ និងពង្រីកការហោះហើរត្រង់បន្ថែមឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យកាន់តែច្រើន និងទាក់ទាញការតភ្ជាប់ការហោះហើរត្រង់ពីបណ្ដាប្រទេសគោលដៅនានា។ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងពីបញ្ហាប្រឈមមួយចំនួនដែលប្រទេសសមាជិកអាស៊ានត្រូវមានកិច្ចសហប្រតិបត្តិការដោះស្រាយរួមគ្នា ក្នុងនោះត្រូវជំរុញការធ្វើដំណើរទស្សនាកម្សាន្តផ្ទៃក្នុងអាស៊ានឱ្យបានផុសផុលឡើង សំដៅធ្វើយ៉ាងណាឱ្យទទួលបានកំណើនជាមធ្យម 4%ក្នុង 1ឆ្នាំ និងជំរុញឱ្យទេសចរ អាចធ្វើដំណើរទស្សនាកម្សាន្តបានដោយខ្លួនឯង ពិសេសដំណើរកម្សាន្តឆ្លងប្រទេស។
យោងតាមរបាយការណ៍របស់អង្គការទេសចរណ៍ពិភពលោកបានបង្ហាញថា ពេញមួយឆ្នាំ2018 តំបន់អាស៊ានទាំងមូលទទួលបានភ្ញៀវទេសចរប្រមាណ 135លាននាក់ កើនឡើង 7.6%៕