មួយរយៈនេះ តារាសម្ដែង គន់ រៀមរតនៈ រមែងបង្ហោះរូបភាព និងសកម្មភាពអំពាវនាវជួយដល់សង្គមតាមរយៈរូបភាពសប្បុរសធម៌នៅលើបណ្ដាញសង្គមហ្វេសប៊ុក ។
តាមការកត់សម្កាល់ការងារសិល្បៈ និងទីផ្សារឡើងឆាកគេឃើញថាតារាសម្ដែងភេទទី៣រូប គន់ រៀមរតនៈ ហៅ ចែរ៉ូហ្សា លេចធ្លោមិនអន់ទេ ក្នុងការឈឺឆ្អាលសង្គម និងអ្នកសិល្បៈដូចគ្នា។ បើទោះជាអ្នកទាំងពីរមិនមានលទ្ធភាពដោយផ្ទាល់ខ្លួន ប៉ុន្តែគេឃើញតារាសម្ដែងរូបនេះចេញមុខប្រកូកប្រកាសជួយសង្គម និងអ្មកសិល្បៈដូចគ្នា គួរឱ្យសរសើរក្នុងពេលដែលតារាសិល្បៈភាគច្រើនប្រជែងគ្នាយកបណ្ដាញហ្វេសប៊ុកឃោសនាលក់ផលិតផលច្រើនជាងចំណាយឈឺឆ្អាលនឹងរឿងក្រៅពីខ្លួននោះ។
លោក គន់ រៀមរតនៈ ស្ទើរគ្រប់សកម្មភាពសប្បុរសធម៌ និងក្នុងសកម្មភាពលើកស្ទួយវប្បធម៌ជាដើម គឺឆ្ងាយប៉ុណ្ណាហត់នឿយប៉ុណ្ណា ក៏នាងមិនដែលបាត់មុខ។ ការងារសិល្បៈនាងមិនសូវមានអ្វីប្រជែងនឹងតារាជោគជ័យមួយចំនួនច្រើនមែន ប៉ុន្តែសម្រាប់ការងារសង្គមគឺនាងលេចធ្លោ។ ក្នុងនោះរាល់ការបរិច្ចាគជួយគ្នា ក៍នាងកម្របាត់ឈ្មោះផងដែរ បើទោះជានាងមិនមែនជាអ្នកមាន។ អ្វីដែលគួរសរសើរទៅទៀត គឺនាងកំពុងដើរជាអ្នកនាំពាក្យក្នុងការរ៉ៃអង្គាសថវិកាជួយដល់សាលាខ្វះខាតមួយនៅភូមិកំព្រៅ ឃុំព្នៅទី១ ស្រុកសុីធរកណ្ដាល ខេត្តព្រៃវែង ដែលជាទីកំណើតរបស់ខ្លួន។ នាងត្រូវគេឃើញចំណាយឡើងចុះ ដើម្បីថតផង Live វីដេអូផង អោយសប្បុរសជនបានដឹងពីការលំបាករបស់សាលាមួយនោះ ខណៈដែលនាងក៍ប្រឹងបង្ហោះអរគុណដល់សប្បុរសជន ស្ទើរមិនមានពេលសម្រាក។ នេះជាសកម្មភាពគំរូមួយ ដែលតារាសិល្បៈភេទទី៣ បានធ្វើដើម្បីសង្គម និងសប្បុរសធម៌៕