ភ្នំពេញ៖ រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូនប្រកាសថា ក្រសួងនឹងចាប់ផ្ដើមអ៊ុត QR Code ( Quick Response Code ) នៅផ្នែកខាងចុងលើស្លាកលេខរថយន្ដគ្រប់ប្រភេទនៅទូទាំងប្រទេស យ៉ាងយូរបំផុតនៅចុងឆ្នាំ 2017 ខាងមុខនេះដើម្បីធានាសុវត្ថិភាពមិនឱ្យមានការក្លែងបន្លំលើស្លាកលេខរថយន្ដ និងងាយស្រួលក្នុងការគ្រប់គ្រងត្រួតពិនិត្យរបស់សមត្ថកិច្ច។
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា ការដាក់ QR Code នៅលើស្លាកលេខរថយន្ដនេះ គឺដើម្បីងាយស្រួលឱ្យសមត្ថកិច្ចនគរបាលចរាចរណ៍ងាយស្រួលក្នុងការត្រួតពិនិត្យដោយគ្រាន់តែយកទូរស័ព្ទដៃស្គែនលើស្លាកលេខដើម្បីបង្ហាញពីទិន្នន័យទាំងអស់ ដូចជា ប្រភេទរថយន្ដ ស្លាកលេខ លេខតួ លេខម៉ាស៊ីន និងពណ៌រថយន្ដ ដែលផ្ដល់ព័ត៌មានគ្រប់គ្រាន់ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង។
ឯកឧត្តមបានបញ្ជាក់ថា «2017 ចាប់ពីចុងឆ្នាំតទៅ រាល់ការចេញស្លាកលេខរថយន្ដ ត្រូវតែមានដាក់បញ្ចូល QR កូដទាំងអស់ ដើម្បីចៀសវាងការប្រើប្រាស់ស្លាកលេខក្លែងក្លាយ ឬលេខសេះហោះ ហើយក្រសួងនឹងតភ្ជាប់ប្រព័ន្ធនេះជាមួយនឹងពន្ធដារ និងគយបន្ថែមទៀតដើម្បីងាយស្រួលក្នុងការស្វែងរកមើលថាតើ យានយន្ដណាមួយបង់ពន្ធឬមិនបង់ពន្ធ»។
ប្រព័ន្ធទិន្នន័យ QR Code នេះ ក្រសួងសាធារណការនឹងមិនផ្ដល់ព័ត៌មានជូនដល់សមត្ថកិច្ចទាំងអស់នោះទេ ដោយផ្ដល់តែប្រភេទរថយន្ដ ពណ៌ លេខតួ និងលេខម៉ាស៊ីនតែប៉ុណ្ណោះ។ ចំណែកព័ត៌មានទាក់ទងនឹងឈ្មោះម្ចាស់រថយន្ដ អាសយដ្ឋានរបស់ម្ចាស់យានយន្ដ មិនត្រូវផ្ដល់ឱ្យនោះទេ ដើម្បីរក្សាសុវត្ថិភាព និងជួយការពារដល់ម្ចាស់រថយន្ដ៕