សមាជិកអង្គការពាណិជ្ជកម្មពិភពលោកចំនួន6 បានសន្យារួមបញ្ចូលគ្នានូវទឹកប្រាក់ចំនួន 13 លានដុល្លារ ដើម្បីផ្តល់ជាហិរញ្ញប្បទានដល់ក្របខ័ណ្ឌចម្រុះដែលរួមបញ្ចូល Enhanced Integrated Frameworkឬ EIF ដែលនេះជាការបង្ហាញយ៉ាងសំខាន់នូវការគាំទ្រដល់ពាណិជ្ជកម្មជាឧបករណ៍អភិវឌ្ឍន៍។
ការសន្យានេះត្រូវបានធ្វើឡើងនៅថ្ងៃដែលសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងទៅកាន់ សមាជិកអង្គការពាណិជ្ជកម្មពិភពលោក និងដៃគូអភិវឌ្ឍន៍នានានៅឯអង្គការពិគ្រោះយោបល់ពិភពលោក សម្រាប់ជំនួយពាណិជ្ជកម្មសកលនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដែលសម្តេចបានអំពាវនាវ សុំឱ្យមានការគាំទ្រដល់ប្រទេសអភិវឌ្ឍន៍តិចតួច (Less Deverlopment Country ឬ LDC) នៅពេលពួកគេខិតខំលុបបំបាត់ភាពក្រីក្រ និងបង្កើនទ្រព្យសម្បត្តិជាតិ។
យោងតាមសេចក្តីថ្លែងការណ៍របស់អង្គការសហប្រជាជាតិ ប្រទេសអូស្ត្រាលី ដាណឺម៉ាក ហ្វាំងឡង់ អាល្លឺម៉ង់ ជប៉ុន និងស៊ុយអែត បានប្រកាសពីការប្តេជ្ញាចិត្តថ្មីចំពោះ EIF ក្នុងអំឡុងពេល ពិនិត្យឡើងវិញនូវជំនួយសម្រាប់ពាណិជ្ជកម្មសកល។
លោកស្រី Cecilia Scharp នាយកនៃអង្គការអន្តរជាតិ និងជំនួយផ្នែកគោលនយោបាយ នៅ ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិស៊ុយអ៊ែត(Sida)បានប្រកាសអំពីការរួមចំណែកដល់ EIF ចំនួន 5លាន 4សែនក្រូណា(ប្រាក់ស៊ុយអែត)ឬស្មើនឹង 5,4លានដុល្លារអាមេរិក។ ទឹកប្រាក់នេះនាំមកនូវចំនួនសរុបនៃការគាំទ្ររបស់ស៊ុយអែដដល់ទៅ 150លានក្រូណាសម្រាប់ឆ្នាំ2017-2022។
លោកស្រីបានថ្លែងថា៖“ទាំងនេះ ទាក់ទងទៅនឹងគុណភាពផលិតផល បទដ្ឋាន ស្តង់ដារ កម្រិតនៃសមត្ថភាពប្រកួតប្រជែង សមត្ថភាព ស្ថាប័ន លទ្ធភាពចូលទីផ្សារ យុទ្ធសាស្ត្រ និងគោលនយោបាយសមស្រប។ ប្រទេសស៊ុយអ៊ែតមានមោទនភាពក្នុងនាមជាម្ចាស់ជំនួយក្នុងការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់ EIF ក្នុងការជួយដល់បណ្តាប្រជាពលរដ្ឋក្រីក្រ ក្នុងការលើកកម្ពស់ពាណិជ្ជកម្ម និងជាយន្តការសម្រាប់ការអភិវឌ្ឍកំណើន និងការលុបបំបាត់ភាពក្រីក្រ”។
EIF ធ្វើការងារដើម្បីធ្វើឱ្យប្រសើរឡើងនូវពាណិជ្ជកម្មក្នុងភាពជាដៃគូជាមួយរដ្ឋាភិបាលលទ្ធិប្រជាធិបតេយ្យ ស្ថាប័នអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល ក៏ដូចជាគំនិតផ្តួចផ្តើមជំនួយ សម្រាប់ពាណិជ្ជកម្ម។ EIF ធ្វើការចាប់ពីតំបន់អាហ្វ្រិក និងអាមេរិក ទៅអាស៊ី និងប៉ាស៊ីហ្វិកដោយបានជួយដល់ប្រទេសចំនួន 41 ធ្វើសមាហរណកម្មពាណិជ្ជកម្មទៅក្នុងផែនការអភិវឌ្ឍន៍ជាតិរបស់ខ្លួនខណៈដែលគាំទ្រដល់សហគ្រាសខ្នាតតូចជាមធ្យម 1,300សហគ្រាស និងស្ត្រីជាង 35.000នាក់។
ការចូលរួមក្នុងពាណិជ្ជកម្មសកល គឺមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍ។ ទោះបីជាយ៉ាងណាក៏ដោយមានឧបសគ្គ និងឧបសគ្គមួយចំនួនដែលត្រូវយកឈ្នះលើបណ្ដាប្រទេសក្រីក្រដើម្បីចូល រួមប្រកបដោយអត្ថន័យ និងសមភាពនៅក្នុងពាណិជ្ជកម្មអន្ដរជាតិ។
លោក Ratnakar Adhikari នាយកប្រតិបត្តិរបស់ EIF បានមានប្រសាសន៍ថា៖“ការប្តេជ្ញា ចិត្ត ដែលបានគ្រោងទុកទាំងនេះពីម្ចាស់ជំនួយរបស់យើងនឹងជួយយ៉ាងច្រើនដល់បណ្តាប្រទេសអភិវឌ្ឍន៍តិចតួចដែលកំពុងធ្វើការនៅក្នុងបរិយាកាសពាណិជ្ជកម្មដ៏លំបាក និងនៅក្នុងការវិវឌ្ឍនៃការផ្លាស់ប្តូររបស់ពិភពលោក។ រយៈពេល 10ឆ្នាំ EIF បានធ្វើការជាមួយរដ្ឋាភិបាល LDC ហើយយើងបានឃើញ ភាពជោគជ័យជាបណ្តើរ។ ប៉ុន្តែយើងត្រូវការកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ហើយយើងសង្ឃឹមថា អ្នកដទៃនឹងចូលរួមជាមួយពួកយើង ក្នុងការដាក់ប្រទេសអភិវឌ្ឍន៍តិចតួចនៅក្នុងកៅអីអ្នកបើកបរសម្រាប់ការអភិវឌ្ឍរួមគ្នា”។
យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ការប្តេជ្ញាចិត្តថ្មីដែលបានគ្រោងទុក គឺដើម្បី EIF ធ្វើការដោះស្រាយដោយផ្ទាល់នូវកង្វះខាតពាណិជ្ជកម្ម របស់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ តាមរយៈវិធីសាស្ត្ររួម ដែលជាការស្រាវជ្រាវផ្អែកលើភ័ស្តុតាងយុទ្ធសាស្ត្រ តាមវិស័យដែលផ្តោតលើការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការសម្របសម្រួលរបស់រដ្ឋាភិបាលដែលធ្វើឱ្យមានការងារដោយផ្ទាល់នៅនឹងកន្លែង។
ប្រទេសអភិវឌ្ឍន៍តិចតួចចំនួន 47 នៅលើពិភពលោក មានប្រជាជនច្រើនជាង 1,000លាននាក់។ទោះយ៉ាងណាក៏ដោយ ទំហំរួមរបស់ពួកគេនៃពាណិជ្ជកម្មសកល គឺតិចជាង 1%។ នេះបើយោងតាមអង្គការពាណិជ្ជកម្មពិភពលោក។ ប្រជាជាតិ LDCមានភាពងាយរងគ្រោះ ដោយសារវិបត្តិ នៅខាងក្រៅដូចជាការប្រែប្រួលតម្លៃទំនិញ ខណៈពេលដែលប្រទេសអភិវឌ្ឍន៍តិចតួចបំផុតក្នុង កំណើនផលិតផលក្នុងស្រុកសរុប របស់ប្រជាជនម្នាក់ៗស្ថិតនៅក្រោមអត្រាដែលចាំបាច់ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។
សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា៖“រដ្ឋាភិបាលមានបំណងផ្លាស់ប្តូរប្រទេសកម្ពុជាទៅជាប្រទេស ដែលមានប្រាក់ចំណូលខ្ពស់ជាងមុននៅឆ្នាំ2030 និងស្រុកដែលមានប្រាក់ចំណូលខ្ពស់ជាងឆ្នាំ2050។ ដើម្បីសម្រេចបាន ខ្ញុំសូមអំពាវនាវដល់សមាជិកទាំងអស់នៃអង្គការពាណិជ្ជកម្មពិភពលោក និងដៃគូអភិវឌ្ឍន៍ដើម្បីបន្តគាំទ្រដល់ពួកយើង និងបណ្ដាប្រជាជាតិអភិវឌ្ឍន៍ដទៃទៀតដើម្បីជួយយើងបង្កើនការប្រកួតប្រជែងរបស់យើង”។
លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍ថា៖“នៅក្នុងគោលការណ៍របស់អង្គការពាណិជ្ជកម្មពិភពលោក ប្រទេសជាសមាជិកគ្រប់ប្រទេសតែងមានការផ្លាស់ប្តូរទំនិញទៅវិញទៅមកដោយ ដោយស្មើភាព និងដោយស្របច្បាប់។ ទន្ទឹមនឹងនេះគេក៏ជួយអភិវឌ្ឍដល់ប្រទេសក្រីក្រមួយចំនួនដែរដែលហៅថា ប្រទេសដែលមានការអភិវឌ្ឍតិចតួចដូចជាប្រទេសយើង ជាដើម”។
លោកឧកញ៉ា បានបន្តទៀតថា៖“ដូចជាប្រទេសយើង កន្លងមកបានក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប ដែលក្នុងកម្រិតនេះគេបានអញ្ជើញសម្តេចនាយករដ្ឋមន្ត្រីធ្វើបទបង្ហាញពីការអភិវឌ្ឍប្រទេស គឺគេបានទទួលស្គាល់ថា យើងមានការរីក-ចម្រើន ហើយជាកិច្ចសម្រួលពាណិជ្ជកម្ម គឺគេបានផ្តល់ឱ្យការអនុគ្រោះពន្ធ ដូចជា EBA GSP ជាដើម ក្នុងការទ្រទ្រង់សេដ្ឋកិច្ច”។
ឧកញ៉ា លឹមហេងបានបញ្ជាក់ទៀតថា៖“ដូច្នេះប្រទេសជាសមាជិកត្រូវទទួលផលប្រយោជន៍ពីWTO យើងជាប្រទេសអភិវឌ្ឍន៍តិចតួចនៅឡើយ យើងក៏បានអំពាវនាវសុំឱ្យមានការគាំទ្រ ហើយសមាជិក WTO មួយចំនួនក៏បានសន្យាផ្តល់ជំនួយ ដូចដែលយើងឃើញហើយថា សហគមន៍អឺរ៉ុបក៏បានជួយយើងចំនួន 10ពាន់លានដុល្លារសម្រាប់រយៈពេល 5ឆ្នាំទៅមុខទៀតផងដែរ៕