បន្ទាប់ពីកន្លងផុតវិនាទីនៃក្តីរំភើបសោមនស្សរីករាយ ព្រោះមានសមាជិកថ្មីដ៏តូចច្រឡឹងមួយរូបកើតថែមឡើងនៅក្នុងគ្រួសារហើយនោះ ជឿថាលោកឪពុកអ្នកម្តាយថ្មីថ្មោងជាច្រើននាក់ច្បាស់ជាជួបនូវបញ្ហាជាច្រើនរឿងនៅក្នុងជីវិតប្រចាំថ្ងៃមិនខាន ជាពិសេសរឿងការចិញ្ចឹមថែទាំកូនតូច ដែល ឡារ៉ែនជឿថា លោកឪពុកអ្នកម្តាយប្រហែលជាមានកង្វល់ក្នុងចិត្ត បើមិនតិច ក៏ច្រើនដែរ ព្រោះមិនដឹងថា ត្រូវចាប់ផ្តើមចិញ្ចឹមថែទាំកូនសម្លាញ់របៀបណា និងយ៉ាងម៉េចខ្លះ? ដូច្នេះ ថ្ងៃនេះយើងសូមនាំយកវិធីមើលថែទាំកូនតូចទើបនឹងកើតយ៉ាងត្រឹមត្រូវមកជម្រាបជូន ដើម្បីជាប្រយោជន៍សម្រាប់លោកឪពុកអ្នកម្តាយថ្មីថ្មោងគ្រប់គ្នាដូចខាងក្រោម ៖
ផ្ងូតទឹកឱ្យកូនតូច : គួរងូតទឹកឱ្យកូនតូចក្នុង 1ថ្ងៃ 2ដង ព្រឹក-ល្ងាច (ព្រឹកអាចនៅពេលថ្ងៃបន្តិច និងល្ងាចមុនពេលព្រលប់) ដោយត្រូវត្រៀមឧបករណ៍សម្រាប់ងូតទឹកឱ្យកូនតូច ដូចជា សាប៊ូដុសខ្លួន សាប៊ូកក់សក់(សម្រាប់ទារក) អេប៉ុងដុសខ្លួន កន្សែងជូតខ្លួន និងចានដែកងូតទឹកដែលមានបន្ទះការពាររអិល។ ត្រៀមទឹកនៅក្នុងចានដែកឱ្យមានសីតុណ្ហភាពសមល្មម មិនត្រជាក់ពេក ឬក្តៅពេក បន្ទាប់មកដៃម្ខាងក្បង់យកទឹកមកលាបលើខ្លួនកូនថ្នមៗ ដើម្បីឱ្យកូនបានសម្រួលខ្លួនជាមុនសិន រួចហើយត្រូវកក់សក់ឱ្យកូនតូចមុនគេបង្អស់។ សម្រាប់ការផ្ងូតទឹកសម្អាតខ្លួនឱ្យកូនតូចនេះ ចូរសង្កត់ធ្ងន់លើការសម្អាតតាមចំណុចគន្លាក់ផ្សេងៗ ជាពិសេស គល់ភ្លៅ គន្លាក់ជង្គង់ ក្លៀក និងរន្ធគូទជាដើម។ ចំពោះការផ្ងូតទឹកឱ្យកូនតូចនេះ បើអ្នកម្តាយថ្មីថ្មោងណាមិនសូវជឿជាក់លើខ្លួនឯងនោះ អាចប្រើវិធីងូតទឹកដោយការដាក់កូនឱ្យគេងនៅលើក្រណាត់កៅស៊ូ ហើយយកអេប៉ុងសើមៗមកជូតសម្អាតខ្លួនកូនតូចក៏បានដែរ។
ជូតសម្អាតយ៉ាងថ្នមៗ និងទន់ភ្លន់ : គឺជារឿងដែលអ្នកម្តាយត្រូវយកចិត្តទុកដាក់ និងមើលថែយ៉ាងហ្មត់ចត់ ជាពិសេសការលាង និងជូតសម្អាតម្តុំរន្ធផ្ចិត និងអវយវ:ភេទដែលច្រើនកើតមានភាពសើមអាប់ ដូច្នេះគួរធ្វើការជូតសម្អាតដោយអាល់កុល 70% រៀងរាល់លើកក្រោយពេលផ្ងូតទឹករួច រហូតទាល់តែគល់ផ្ចិតជ្រុះ និងរន្ធផ្ចិតឡើងស្ងួត។ ហាមប្រើម្សៅរោយពីលើផ្ចិតទារកជាដាច់ខាត ព្រោះអាចធ្វើឱ្យកើតការឆ្លងមេរោគបាន ចំណែកអវយវ:ភេទ និងគូទក៏មិនគួរមើលរំលងដែរ នៅពេលកូនតូចបន្ទោបង់រួចហើយត្រូវប្រញាប់ជូតសម្អាតភ្លាម ដោយប្រើសំឡីជ្រលក់ទឹកជូតស្នាមលាមក និងទឹកមូត្រដែលប្រឡាក់លើខ្លួនកូនចេញយ៉ាងថ្នមដៃ ដោយជូតពីខាងមុខទៅខាងក្រោយ ហើយយកកន្សែងពោះគោជូតផ្ដិតឱ្យស្ងួតល្អ បន្ទាប់ពីនោះមកទើបស្លៀកក្រណាត់កន្ទប ឬខោទឹកនោមឱ្យ។
ខោអាវរបស់កូនតូច : គួរជាឈុតដែលធ្វើពីក្រណាត់កូតុងកប្បាស សាច់ទន់ ខ្យល់ចេញ-ចូលបានស្រួល មិនហប់ក្ដៅអាចជាអាវដៃវែង ឬដៃខ្លីបែបមានខ្សែចងខាងមុខ ឬខាងក្រោយ។ ចំណែកខោវិញ គួរប្រើបែបមានខ្សែយឺតធូរៗ ឬចងខ្សែ ដើម្បីឱ្យងាយស្រួលស្លៀក និងដោះ-ចេញ។ បើក្នុងរដូវរងា ចូរជ្រើសយកឈុតណាដែលរាងក្រាស់បន្តិច ដើម្បីជួយគ្រប់គ្រងសីតុណ្ហភាពរបស់រាងកាយកូនតូច។
រៀនសង្កេតពីសំឡេងយំ និងអាការផ្សេងៗរបស់កូនតូច : ការបញ្ចេញសំឡេងផ្សេងៗ ទាំងការស្រែកបែបប្រឹងស្រែកថ្ងូរនៅក្នុងបំពង់ក ការញញឹម រួមទាំងការយំផង សុទ្ធតែជាវិធីដែលទារកប្រើសម្រាប់ទំនាក់ទំនងជាមួយអ្នកម្តាយទាំងអស់ថា នៅក្នុងខណ:ពេលហ្នឹងកូនចង់បានអ្វី អាចកំពុងឃ្លានទឹកដោះ មិនសប្បាយខ្លួនដោយសារឈឺថ្កាត់ជាដើម ដូច្នេះលោកឪពុកអ្នកម្តាយគួរតែចេះ និងនៅចាំសង្កេតមើលកូនតូចជាប់ជាប្រចាំថា អាការទាំងអស់នេះ តើកូនចង់ប្រាប់ពីអ្វីឱ្យយើងដឹង?។
ទឹកដោះម្តាយសំខាន់បំផុត : ដូចបានដឹងច្បាស់គ្រប់គ្នាហើយថា ទឹកដោះម្តាយ គឺជាប្រភពនៃសារជាតិអាហារចម្បងៗរបស់ទារកពេញរយ:ពេល 1ឆ្នាំដំបូង ព្រោះសារជាតិអាហារដែលមាននៅក្នុងទឹកដោះ គឺជាវត្ថុចាំបាច់ ជាភោជនាហារដែលល្អចំពោះសុខភាពរបស់ទារក ហុចផលដល់ការធំធាត់ និងការវិវឌ្ឍរបស់កូនតូចខ្លាំងណាស់ ជាពិសេសទារកដែលអាយុបាន 6សប្តាហ៍ នឹងចាប់ផ្តើមរីកចម្រើនធំធាត់យ៉ាងឆាប់រហ័ស ដែលអាចធ្វើឱ្យកូនតូចឆាប់ឃ្លានញឹកញាប់ជាងមុន ដូច្នេះអ្នកម្តាយក៏គួរតែឱ្យកូនសម្លាញ់បានមឹមដោះឱ្យបានច្រើនជាងមុនដែរ។
ភ្ជាប់សម្ពន្ធនៃក្តីស្រឡាញ់ឱ្យជិតស្និទ្ធ : ព្រោះតែការធ្វើឱ្យកូនមានអារម្មណ៍កក់ក្តៅ និងបានទទួលនូវក្តីស្រឡាញ់ គឺជាការជួយភ្ជាប់សម្ពន្ធរវាងម្តាយ និងកូនឱ្យកាន់តែកើនច្រើនឡើង មិនថាតែការកម្រើកដៃជើងរបស់កូនថ្នមៗ ធ្វើម៉ាស្សាឱ្យស្រាលៗ រួមទាំងការបីឱបកូនពេលបំបៅដោះ ឬពេលបីបំពេកូន គឺសុទ្ធតែជាការចងភ្ជាប់សម្ពន្ធភាពឱ្យបានកូនញញឹម និងមានសេចក្តីសុខ។
ទោះជានៅក្នុងរយ:ដំបូងៗ លោកឪពុកអ្នកម្តាយអាចនឹងត្រូវសម្របសម្រួលខ្លួន រៀនយល់ដឹង និងត្រូវត្រៀមខ្លួនជានិច្ចក្នុងការមើលថែទាំកូនតូចខ្លាំង និងច្រើនជាពិសេស រហូតដល់នឿយហត់ ធុញថប់ និងគ្មានពេលវេលាសម្រាកគ្រប់គ្រាន់ក្ដី តែការប្រែប្រួលរបស់កូនដែលរីកចម្រើនធំធាត់ឡើងបណ្តើរៗជារៀងរាល់ថ្ងៃ រួមទាំងស្នាមញញឹមតូចៗដែលបង្ហាញឡើងនៅលើផ្ទៃមុខរបស់កូនសម្លាញ់នោះ សូមជឿចុះថា វា នឹងជួយលុបបំបាត់ភាពនឿយហត់ទាំងឡាយ និងបន្ថែមនូវសេចក្តីសុខដល់ក្រុមគ្រួសាររបស់លោកអ្នកជាមិនខាន៕