ភ្នំពេញ៖ ក្នុងគោលបំណងកាត់បន្ថយផលប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ ក្រសួងពាណិជ្ជកម្មបានបង្កើតក្រុមការងារពិសេសមួយ ដើម្បីឃ្លាំមើលស្ថានភាព និងសន្ទស្សន៍តម្លៃមុខទំនិញចាំបាច់ៗដែលបម្រើឱ្យជីវភាពប្រចាំថ្ងៃ។
ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ក្រុមការងារនេះបង្កើតឡើងមានភារកិច្ចមួយចំនួនដូចជា សិក្សា និងចងក្រងឯកសារទាក់ទងនឹងស្ថានភាពផលិតកម្ម ថ្លៃដើម សមត្ថភាពផ្គត់ផ្គង់ការប្រើប្រាស់ និងសន្ទស្សន៍តម្លៃនៃមុខទំនិញអាទិភាពដូចជា ស្រូវ-អង្ករ សាច់ត្រី សាច់មាន់ សាច់ជ្រូក ប្រេងសាំងធម្មតា និងម៉ាស៊ូត និងដំឡូងមី ជាដើម។ល ។
លើសពីនេះក្រុមការងារនេះបង្កើតឡើងដើម្បីតាមដានពិនិត្យឃ្លាំមើល ស្ថានភាពប្រែប្រួលនៃផលិតកម្ម ស្ថានភាពចរាចរណ៍ទំនិញលើទីផ្សារ និងដាក់ចេញនូវវិធានការចាំបាច់ ដើម្បីទ្រទ្រង់ផលិតកម្ម និងតម្លៃទំនិញលើទីផ្សារប្រចាំថ្ងៃ។
ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំក្រុមការងារឱ្យរៀបចំតារាងតាមដាន និងឃ្លាំមើលស្ថានភាព និងសន្ទស្សន៍ថ្លៃទំនិញឲ្យបានជាប្រចាំ ដើម្បីសិក្សាពីបញ្ហាផលិតកម្ម និងតម្លៃ ឬបញ្ហានានាផ្សេងទៀត សំដៅទៅដល់ការរៀបចំកិច្ចអន្តរាគមន៍ជាលក្ខណៈប្រព័ន្ធ សម្រាប់កាត់បន្ថយផលប៉ះពាល់ដល់ជីវភាពរបស់ប្រជាជន៕