ស្របទៅតាមគម្រោងដោយពុំមានអ្វីកែប្រែ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា និងឯកឧត្តម ហូរីណូអូជិ ហ៊ីដេហ៊ីសា Horinouchi Hidehisa ឯកអគ្គរាជទូតជប៉ុន ប្រចាំប្រទេសកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់រាជរដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន 500លានយ៉េន ស្មើនឹង 4.6លានដុល្លារ នៅក្នុងពិធីមួយនៅថ្ងៃទី17 ខែកក្កដា ឆ្នាំ2019 នេះនៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា ជំនួយឥតសំណងជាទឹកប្រាក់ 4.6 លានដុល្លារអាមេរិក ដែលរដ្ឋាភិបាលប្រទេសជប៉ុនគ្រោងនឹងផ្តល់ដល់ប្រទេសកម្ពុជានេះ គឺដើម្បីគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ឱ្យដឹងថា៖«ក្នុងនាមជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយ រដ្ឋាភិបាលប្រទេសជប៉ុនបានជួយកម្ពុជា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រួមចំណែកដល់ការធ្វើឱ្យប្រសើរឡើងដល់វិស័យសេដ្ឋកិច្ច និងសុខុមាលភាពសង្គម ក៏ដូចជាការបង្កើនការតភ្ជាប់ទំនាក់ទំនងជាមួយបណ្តាប្រទេសដទៃទៀតនៅក្នុងតំបន់»។
សូមបញ្ជាក់ថា ក្នុងឆ្នាំសារពើពន្ធជប៉ុន2018ដែលគិតចាប់ចាប់ពីខែមេសា 2018 ដល់មីនា 2019 សរុបមកកម្ពុជា និងជប៉ុនបានចុះហត្ថលេខាលើឯកសារសី្តពីជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ ជប៉ុនដែលផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជាសរុបមានចំនួន 14,997លានយ៉េន គិតជាដុល្លារអាមេរិក ប្រមាណជា 134.38លាន។ ក្នុងនោះជំនួយឥតសំណងប្រមាណជា 19.42លានដុល្លារអាមេរិក ឥណទានសម្បទានប្រមាណជា 114.96លានដុល្លារអាមេរិក៕