គេថាភាពស្រស់ស្អាតមិនអាចស្ថិតនៅជាមួយយើងគ្រប់គ្នាបានរហូតដល់ចាស់នោះទេ ព្រោះមិនយូរមិនឆាប់វានឹងត្រូវបាត់បង់ទៅតាមពេលវេលា គ្រាន់តែថាវាអាចនឹងបាត់បង់តិច ឬច្រើនតែប៉ុណ្ណោះ។បើនិយាយទៅ អ្នកណាក៏ដូចអ្នកណាដែលគឺមិនចង់ស្វាគមន៍សភាពស្បែកជ្រីវជ្រួញយារធ្លាក់ដែលបង្កឱ្យមើលទៅឃើញថា សម្រស់របស់អ្នកកំពុងឈានទៅរកការបាត់បង់នោះដែរ។ដោយហេតុនេះហើយមនុស្សស្ទើរគ្រប់គ្នា ទាំងបុរស ទាំងនារី ទាំងយុវវ័យ ទាំងមនុស្សវ័យកណ្តាល និងមនុស្សវ័យចំណាស់ តែងតែខិតខំថែរក្សាសម្រស់របស់ខ្លួនយ៉ាងល្អបំផុត។ បើនិយាយពីវិធីសាស្ត្រនៃការថែរក្សាសម្រស់វិញ គឺមិនសូវជាខុសគ្នាប៉ុន្មានទេ ប៉ុន្តែលទ្ធផលអាចចេញមកខុសគ្នា អាស្រ័យលើខ្លួនអ្នកផ្ទាល់ ថាតើអាចអនុវត្តបានល្អដល់កម្រិតណា? សាកល្បងវិធីមួយចំនួនដូចខាងក្រោម ហើយបើអ្នកអាចធ្វើបានយ៉ាងត្រឹមត្រូវនោះ អ្នកពិតជាទទួលបានលទ្ធផលជាទីគាប់ចិត្តជាមិនខាន។
ត្រូវធ្វើជារៀងរាល់ថ្ងៃ : បើនិយាយថាវាជាសកម្មភាពដែលត្រូវធ្វើជារៀងរាល់ថ្ងៃនោះ អ្នកពិតជាដឹងហើយថាវាគឺជារឿងដ៏សំខាន់ ហេតុដូចនេះអ្នកមិនគួរធ្វើវាដូចជាសត្វអំពិលអំពែក ម្តងភ្លឺម្តងងងឹតនោះទេ។ ទម្លាប់ផ្សេងៗដែលអ្នកត្រូវធ្វើជារៀងរាល់ថ្ងៃ ដើម្បីថែរក្សាសម្រស់ស្បែករបស់អ្នកឱ្យបានល្អនោះ មានដូចជា លាបឡេការពារកម្តៅថ្ងៃ លាបក្រែមបន្ថែមសំណើមដល់ស្បែក ទទួលទានទឹកឱ្យបានគ្រប់គ្រាន់ ការពារស្បែកពីកម្តៅថ្ងៃ ពាក់មួកការពារ និងស្លៀកសម្លៀកបំពាក់ឱ្យជិតសាច់រាល់ពេលចេញទៅខាងក្រៅជាដើម។ តាមរយៈការការពារស្បែកមួយចំនួនមិនត្រឹមតែធ្វើឱ្យអ្នកចៀសផុតពីការបំផ្លាញពីពន្លឺថ្ងៃនោះទេ តែថែមទាំងអាចធ្វើជារនាំងការពារស្បែករបស់អ្នកពីធូលីដី ឬសារធាតុកខ្វក់ដែលនៅជុំវិញខ្លួនអ្នកផងដែរ។
រក្សាទម្លាប់ : ហាត់ប្រាណជាការកម្ចាត់នូវជាតិពុលចេញពីរាងកាយ ព្រមទាំងដណ្តើមមកវិញនូវភាពស្រស់បស់ដល់ស្បែក។ បន្លែផ្លែឈើ ក៏ជាតម្រូវការរបស់ស្បែក ដើម្បីឱ្យស្បែករបស់អ្នកមានសភាពស្រស់ស្អាតដូចគ្នាដែរ។3-4ថ្ងៃម្តង : ផ្តល់ភាពស្រស់ថ្លាឱ្យស្បែករបស់អ្នកបន្តិច តាមរយៈការដុសខាត់ កម្ចាត់ស្បែកចាស់ៗ ដែលមិនមានប្រយោជន៍ទាំងឡាយចោលឱ្យអស់ ជាមួយនឹងវិធីផ្សេងៗដែលអ្នកគិតថាល្អ និងមានភាពងាយស្រួលសម្រាប់អ្នក។
រកពេលសម្រាកខ្លះ : ការសម្រាក ការធ្វើឱ្យចិត្តសប្បាយរីករាយ ការគេងឱ្យបានគ្រប់គ្រាន់អាចជួយឱ្យអ្នកកម្ចាត់ចោលនូវបញ្ហាមួយចំនួនដែលធ្វើឱ្យប៉ះពាល់ដល់សម្រស់ស្បែករបស់អ្នកដូចជា ស្បែកជ្រីវជ្រួញ ស្បែកស្រអាប់ ឬស្បែកស្លេកស្លាំងជាដើម។
ផ្តល់ថាមពលដល់រាងកាយ : អាហារជាប្រភពនៃថាមពល ហើយនៅពេលដែលអ្នកមានថាមពលពេញលេញ នោះអ្នកក៏មិនចាំបាច់បារម្ភពីបញ្ហាស្បែកមើលទៅក្រៀមស្វិត មិនមានវីតាមីនទៀតនោះដែរ។
ពិនិត្យមើលសភាពស្បែកឱ្យបានល្អ : ស្បែកស្ងួត ឬស្បែកឡើងប្រេងខ្លាំងពេកមិនមែនជាការល្អនោះទេ ព្រោះវាធ្វើឱ្យស្បែករបស់អ្នកមើលទៅរងើមពេក ឬក្រៀមពេក។ចូរស្វែងរកវិធីថែរក្សាស្បែកឱ្យសមស្របទៅនឹងសភាពស្បែករបស់អ្នក ពីព្រោះទង្វើនេះគែជាទង្វើល្អបំផុត ដែលអ្នកត្រូវធ្វើ ដើម្បីឱ្យស្បែករបស់អ្នកមានសុខភាពល្អ និងស្រស់ស្អាតដូចបំណងប្រាថ្នា៕