របាយការណ៍ថ្មីមួយ ពីក្រសួងកសិកម្មបង្ហាញថា ប្រទេសកម្ពុជាបាននាំអង្ករចេញទៅទីផ្សារអន្តរជាតិក្នុងឆមាសទី1ឆ្នាំ2019 ចំនួន 281, 538តោន ពោលគឺកើនឡើង3.7% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ របាយការណ៍នេះស្របគ្នានឹងរបាយការណ៍របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយដែរ។
របាយការណ៍ដដែលបានបង្ហាញឱ្យដឹងថា ចាប់ពីខែមករា ដល់ខែមិថុនា មានក្រុមហ៊ុនអ្នកនាំចេញក្នុងស្រុកចំនួន 75 បានបញ្ជូនអង្ករទៅកាន់ 47ប្រទេស ដោយប្រទេសចិននៅតែជាទីផ្សារធំបំផុតរបស់ស្រូវអង្ករកម្ពុជា ដែលស្រូបយកបាន 118,401តោន ឬ 42% នៃចំនួននាំចេញសរុប។ ប្រទេសបារាំងបានជាប់ចំណាត់ថ្នាក់លេខ2 ដោយបាននាំចូល 37,515តោន។ បើគិតតាមតំបន់សហភាពអឺរ៉ុប គឺជាអ្នកទិញដ៏ធំបំផុត ដែលបាននាំចូលចំនួន 93,503 តោន ឬស្មើនឹង 33.21 % នៃចំនួននាំចេញសរុប។
របាយការណ៍នេះក៏បានលើកឡើងផងដែរថា ប្រទេសចំនួន5 ក្នុងតំបន់អាស៊ានក៏បាននាំចូល អង្ករកម្ពុជាដែរ រួមមានប្រទេសម៉ាឡេស៊ី ប្រ៊ុយណេ វៀតណាម សិង្ហបុរី និងថៃ ដោយម៉ាឡេស៊ីជាអ្នកទិញចូលធំជាងគេ (13,936 តោន ឬ12.78%នៃចំនួននាំចេញសរុប)។ ក្រុមហ៊ុនអេមរុ រ៉ាយស៍ដែលជាអ្នកនាំចេញដ៏ធំបំផុតនៅក្នុងប្រទេសបានលក់ចេញអង្ករបានចំនួន 23.529តោនក្នុងអំឡុងពេល 6ខែដើមឆ្នាំ។
លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុនអេមរុ រ៉ាយស៍ Amru Rice បានមានប្រសាសន៍ថាការនាំចេញអង្ករកំពុងកើនឡើង ហើយក្រុមហ៊ុននានាក៏មានបំណងធ្វើពិពិធកម្មទីផ្សាររបស់ពួកគេដើម្បីទ្រទ្រង់កំណើននេះដែរ។ បច្ចុប្បន្នយើងកំពុងធ្វើពិពិធកម្មទីផ្សារ ដោយរដ្ឋាភិបាល និងសហព័ន្ធស្រូវអង្ករកម្ពុជាកំពុងជំរុញលើការផលិតអង្ករល្អៗ ដើម្បីជំរុញការនាំចេញ។
លោកបន្តថា៖“ការនាំចេញអង្ករនឹងកើនឡើងខ្ពស់នៅក្នុងឆមាសទី2 បើបរិមាណនៃការនាំចេញទៅកាន់ប្រទេសចិនអាចសម្រេចបានទៅតាមកូតា គឺ 40ម៉ឺនតោនដែលផ្តល់ដោយរដ្ឋាភិបាលចិនដូច្នេះយើងត្រូវបង្កើនផលិតកម្មអង្ករក្រអូបព្រោះវាមានគុណភាពល្អ ហើយតម្រូវការវានៅប្រទេសចិនខ្ពស់។ យើងមិនសូវផ្តោតតែលើបរិមាណនៃការនាំចេញច្រើនទៀតទេ តែយើងផ្តោតសំខាន់ទៅលើគុណភាពនៃការនាំចេញ ដែលអាចធ្វើឱ្យយើងទទួលបានប្រាក់ចំណូលខ្ពស់”។
លោក សុង សារ៉ន ឱ្យដឹងថា ថ្មីៗនេះAmru Rice ដែលជាក្រុមហ៊ុននាំចេញអង្ករសរីរាង្គធំជាងគេនៅកម្ពុជា បានទទួលការវិនិយោគថ្មីមួយទៀត ពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដែលជាសមា-ជិករបស់ធនាគារពិភពលោក។ តាមរយៈកិច្ចព្រមព្រៀងវិនិយោគដែល IFC នឹងបោះទុនប្រមាណ 10លានដុល្លារនេះ Amru Riceនឹងបង្កើនការនាំចេញពី 1ម៉ឺនតោននាពេលសព្វថ្ងៃ ដល់ 4 ម៉ឺនតោន នៅឆ្នាំ2023ដែលជាតួលេខប្រហាក់ប្រហែលនឹងការនាំចេញអង្ករសរីរាង្គទាំងមូលរបស់ថៃដែលធ្វើឱ្យកម្ពុជាកា្លយជាប្រទេសនាំមុខមួយរបស់អាស៊ានក្នុងការនាំចេញអង្ករទៅកាន់ពិភពលោកដូច្នេះការផលិតអង្ករសរីរាង្គរបស់យើងនឹងត្រូវបានទទួលស្គាល់នៅក្នុងពិភពលោក។
លោក សុង សារ៉ន បានបញ្ជាក់ថា៖“មកដល់ពេលនេះ អេមរុ រ៉ាយ៍ មានផលិតផលតែប្រមាណ 10,000តោនទេ តែនៅពេលមានជំនួយពី IFC យើងអាចកើនពី 20,000តោន ដល់ 40,000តោននៅឆ្នាំ2020-2023 គឺស្មើនឹងការនាំចេញផលិតផលអង្កររបស់ប្រទេសថៃនាពេលបច្ចប្បន្ន”។លោកបានបញ្ជាក់ថា៖“ដោយសម្លឹងឃើញថា ទីផ្សារមានការកើនឡើងនូវតម្រូវការអង្ករសរីរាង្គ ជាពិសេសទីផ្សារសហគមន៍អឺរ៉ុប ទីផ្សារប្រទេសចិន សហ-រដ្ឋអាមេរិក ដែលធ្វើឱ្យក្រុមហ៊ុនត្រូវការពង្រីកហេដ្ឋារចនាសម្ព័ន្ធ យើងត្រូវការបណ្តុះបណ្តាលពលរដ្ឋជាកសិករឱ្យអាចផលិតបានតាមស្តង់ដាសុវត្ថិភាពដល់អ្នកបរិភោគ”។
លោកសុង សារ៉នបានបន្ថែមថា យើងមានផែនការ3 គឺ៖ ទី1-កសិករដែលគាត់ប្រមូលផលមក គាត់ត្រូវលក់ យើងត្រូវទិញស្រូវគាត់ ព្រោះគាត់អត់មានឃ្លាំងស្តុក។ ទី2-យើងនឹងកសាងឃ្លាំងស្តុកបន្ថែម ឬពង្រីកឃ្លាំង។ ទី3-យើងបង្កើតម៉ាស៊ីនកិនស្រូវសេរីរាង្គមួយសម្រាប់ស្តង់ដា សុវត្ថិភាព និងស្ថិរភាពដល់ការនាំចេញកុំ ឱ្យអាក់ខាន។ ដោយបច្ចុប្បន្នយើងកិនលាយគ្នា យើងពិបាកក្នុងការសម្អាត ដូច្នេះយើងធ្វើដាច់តែម្តង យើងអាចធានាបានសុវត្ថិភាពចំណេញពេលវេលា និងការដឹកជញ្ជូនឱ្យកាន់តែលឿន។
ក្រៅពីនោះ យើងចង់គាំទ្រដល់បច្ចេកទេសខ្លះៗ ដើម្បីឱ្យគាត់ធ្វើការក្នុងការងារដែលហៅថាកសិករវៃឆ្លាត (Smart Farming) កសិករនៅក្នុងយុគសម័យបច្ចេកវិទ្យាអុីនធើណិត យើងនឹងព្យាយាមភ្ជាប់កម្មវិធីអប់រំ បណ្តុះបណ្តាល និងកម្មវិធីដាំដុះស្រូវសរីរាង្គ ស្តង់ដាសុវត្ថិភាព នៅក្នុងស្តង់ដាកសិករខ្នាតតូចរបស់យើងឱ្យរីកចម្រើន និងលេចធ្លោនៅក្នុងឆាកអន្តរជាតិ។ នេះបើតាមលោក សុង សារ៉នបានបញ្ជាក់។
ឯកឧត្តម ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានប្រាប់ថា ដើម្បីជំរុញកំណើននៃការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ ក្រសួងពាណិជ្ជកម្ម និងផ្នែកពាក់ព័ន្ធកំពុងប្រឹងប្រែងដើម្បីបើកទីផ្សារឱ្យបានកាន់តែច្រើន ខណៈអាជ្ញាធរក៏បានកាត់បន្ថយភាពស្មុគស្មាញ និងជួយសម្រួលដល់ការធ្វើបែបបទជាច្រើនផងដែរ។
ឯកឧត្តមបានថ្លែងថា៖“ទោះយ៉ាងណាបរិមាណនៃការនាំចេញអង្កររបស់កម្ពុជាក្នុងឆ្នាំ2019 នេះអាចសម្រេចបានកំណើនប៉ុន្មាននោះ អាស្រ័យទៅលើកិច្ចចរចារវាងក្រុមហ៊ុននាំចេញ និងប្រទេសបញ្ជាទិញផងដែរ ចំណែកការបង្កើតឃ្លាំងស្តុក និងឡសម្ងួតនាពេលកន្លងមក សុទ្ធតែជាយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលក្នុងការគាំទ្រទៅដល់ការនាំចេញអង្ករឱ្យបានកាន់តែច្រើនទាំងអស់”៕