សម្រាប់អ្នកជំងឺគ្រុនផ្ដាសាយធំ ភាគច្រើនមានអាការក្អករយៈពេល 1-2 សប្ដាហ៍ មានហៀរទឹកសំបោរ ឈឺក មានអាការគ្រុនក្ដៅ នឿយហត់អស់កម្លាំង ទន់ខ្សោយសាច់ដុំ។ ហើយរោគសញ្ញាទាំងអស់នេះ នឹងបណ្ដាលឱ្យអ្នកចុះខ្សោយកម្លាំងខ្លាំង ដែលមានខ្លះទៀតឈានដល់អាការធ្ងន់ធ្ងរ អាចបណ្ដាលឱ្យប៉ះពាល់ដល់ជីវិតបានផងដែរ។
ការស្រាយបញ្ជាក់មូលហេតុជំងឺគ្រុនផ្ដាសាយធំ មានវិធីសាមញ្ញជាច្រើនដែលអាចឱ្យយើងព្យាបាលបានដោយខ្លួនឯង វាជាជំងឺដែលងាយកើតឡើងដោយសារវីរ៉ុស។ មនុស្សមួយចំនួនកើតជំងឺគ្រុនផ្តាសាយ 2 ទៅ4ដងក្នុង1ឆ្នាំ ចំណែកក្មេងៗវិញគឺ អាចកើតបានរហូតដល់ទៅ4 ទៅ6ដងក្នុង1ឆ្នាំ។ យ៉ាងណាមិញ អាការរោគជំងឺនេះ អាចជាសះស្បើយវិញបានយ៉ាងលឿន គឺអាស្រ័យទៅលើភេទរបស់មនុស្ស។
លទ្ធផលនៃការសិក្សារបស់ស្ថាប័នពេទ្យ John Hopkins Bloomberg School of Public Health បានអះអាងថា ជាទូទៅស្ត្រីមានប្រភេទអ័រម៉ូនម្យ៉ាងដែលជួយឱ្យឆាប់ជាសះស្បើយពីអាការគ្រុនផ្ដាសាយបានលឿនជាងបុរស បើទោះបីជាប្រព័ន្ធភាពស៊ាំសម្រាប់ការពារវីរ៉ុសគ្រុនផ្ដាសាយធំ ដែលស្ថិតនៅក្នុងកម្រិតស្មើគ្នាយ៉ាងណាក៏ដោយ។ ក៏ប៉ុន្ដែ ការស្រាយបញ្ជាក់របស់អ្នកវិទ្យាសាស្ត្រនៃក្រុមវេជ្ជបណ្ឌិតខាងលើ បានរកឃើញថ្មី ក៏បានអះអាងបន្ថែមថា បើទោះបីជាការពិសោធទៅលើសត្វកណ្ដុរ និងកោសិកាភេទប្រុសដែលមានឆ្លងវីរ៉ុសគ្រុនផ្ដាសាយធំ H1N1 ក្រុមសម្ពន្ធ A ក៏ដោយ តែលទ្ធផលសរុបបានបង្ហាញថា បុរសគឺឆាប់ជាសះស្បើយពីជំងឺគ្រុនផ្ដាសាយធំបានលឿនជាងស្ត្រី។
អ្នកវិទ្យាសាស្ត្រដដែរបានអះអាងថែមថា សភាពដែលបុរសឆាប់ជាសះស្បើយពីជំងឺគ្រុនផ្ដាសាយធំលឿនជាងស្ត្រី ក៏ព្រោះតែភេទប្រុសអាចផលិតប្រូតេអុីនមួយដែលឱ្យឈ្មោះថា “Amphiregulin” ដែលជួយហុចផលដល់ការព្យាបាលអាការឈឺចាប់បានច្រើនជាងស្ត្រី។ ជាពិសេសគឺជំងឺឆ្លងដោយវីរ៉ុស។
រោគសញ្ញាជំងឺផ្តាសាយធំ
– ក្ដៅខ្លួនលើសពី38អង្សារ
– ហេវហត់ អស់កម្លាំង
– គ្រុនក្ដៅរងាញ៉ាក់
– ឈឺចាប់តាមសន្លាក់
– ក្អក
ការឆ្លងដោយវីរ៉ុស
ការចម្លងរោគអាចកើតមានឡើងក្នុងកំឡុងពេល1-2សប្ដាហ៍ បន្ទាប់ពីកើតមានរោគសញ្ញា ដែលមេរោគអាចឆ្លងទៅមនុស្សម្នាក់ផ្សេងទៀតបានតាមការក្អក កណ្ដាស់ និងការប៉ះពាល់គ្នាជិតស្និទ្ធ។ អ្នកជំងឺគួរសម្រាកនៅក្នុងផ្ទះមិនត្រូវចេញទៅខាងក្រៅទេ ហើយត្រូវទទួលទានទឹកឱ្យបានច្រើន។
ការព្យាបាល
– ពាក់ម៉ាសជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពក្នុងការការពារជំងឺផ្ដាសាយធំ ដើម្បីបង្ការការឆ្លងមេរោគ និងការលាងដៃឱ្យបានស្អាត។
– ការព្យាបាលដោយការប្រើប្រាស់ថ្នាំ គឺដើម្បីទប់ស្កាត់ និងកាត់បន្ថយកុំឱ្យជំងឺមានសភាពកាន់តែធ្ងន់ធ្ងរឡើង។
– ករណីមានការឆ្លងវីរ៉ុសរយៈពេល48ម៉ោង គឺការប្រើថ្នាំប្រឆាំងនឹងមេរោគ គឺអាចមានប្រសិទ្ធភាពជាង។ ប៉ុន្តែប្រសិនបើអ្នកមានការឆ្លងរោគលើសពី48ម៉ោង នោះការប្រើថ្នាំប្រភេទនេះមិនតម្រូវឱ្យប្រើនោះទេ ដោយគ្រាន់តែធ្វើការព្យាបាលទៅតាមរោគសញ្ញាដែលមាន ដូចជាថ្នាំបញ្ចុះកម្ដៅតែប៉ុណ្ណោះ។
– ការចាក់វ៉ាក់សាំងបង្ការមេរោគផ្ដាសាយធំ គឺដើម្បីបង្កើតនៅភាពស៊ាំក្នុងការការពារការឆ្លង ដោយធ្វើការចាក់យ៉ាងតិចឱ្យបាន1ខែ មុនការរាតត្បាតជំងឺផ្ដាសាយធំនៅឆ្នាំបន្ទាប់ ហើយវាមានប្រសិទ្ធភាពរយៈពេលមួយឆ្នាំ៕