សហភាពអឺរ៉ុបនឹងផ្តល់ហិរញ្ញប្បទានឥតសំណង តាមកម្មវិធីកែទម្រង់ចំនួន3 មានថវិកាចំនួន26,8លានអឺរ៉ូដល់កម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការកម្ពុជា-សហភាពអឺរ៉ុប ដែលការអនុវត្តកម្មវិធីនឹងត្រូវធ្វើឡើងក្នុងខែសីហា ឆ្នាំ2019 នេះ ដោយរដ្ឋាភិបាលនឹងជំរុញសម្របសម្រួលជាមួយក្រសួងជំនាញពាក់ព័ន្ធ ដើម្បីរៀបចំឯកសារគាំទ្រសម្រាប់ការបន្តផ្តល់ថវិកា។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា តាមការ កំណត់ក្នុងកិច្ចព្រមព្រៀងហិរញ្ញប្បទាន ឥតសំណងតាមកម្មវិធីកែទម្រង់នីមួយៗនៃកិច្ចសហប្រតិបត្តិការកម្ពុជា-សហភាពអឺរ៉ុប ការវាយតម្លៃនៃការអនុវត្តក្របខ័ណ្ឌឆ្នាំ2018 មានជាលទ្ធផល៖
ទី1- កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី3 ត្រូវបើកផ្តល់ថវិកាសម្រាប់ឆ្នាំ2019 ចំនួន 4,3លានអឺរ៉ូ។
ទី2- ភាពជាដៃគូកំណែទម្រង់វិស័យអប់រំឆ្នាំ2018-2021 ត្រូវបើកផ្តល់ថវិកាសម្រាប់ឆ្នាំ2019 ចំនួន 17,5លានអឺរ៉ូ
ទី3- កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន(ផ្នែកនេសាទ) ត្រូវបើកផ្តល់ថវិកាសម្រាប់ឆ្នាំ2019 ចំនួន 5,0លានអឺរ៉ូ ។
សូមបញ្ជាក់ថា ការបន្តផ្តល់ថវិកានៃការអនុវត្តកម្មវិធីកែទម្រង់ចំនួន3 ដែលថវិកាទ្រទ្រង់កម្មវិធីមានទឹកប្រាក់សរុបចំនួន 26,8លានអឺរ៉ូ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ រវាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី15 ខែកក្កដាកន្លងមក ជាមួយលោក George Edgar) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ដោយបានបង្ហាញជំហរបន្តគាំទ្រសម្រាប់កិច្ចសហប្រតិបត្តិការកម្ពុជា-សហភាពអឺរ៉ុបជាមួយនឹងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម ចច អេដហ្គារ និងសហការី និងបានថ្លែងអំណរគុណដល់សហភាពអឺរ៉ុប ចំពោះជំហរបន្តគាំទ្រ និងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលបន្ថែមទៀត ដែលឆ្លុះបញ្ចាំងអំពីសុភវិនិច្ឆ័យចំពោះសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាលកម្ពុជាខិតខំសម្រេចបាន និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរកន្លងមក៕