ទន្ទឹមនឹងការរឹតបន្តឹងការប្រឡងមធ្យមសិក្សាទុតិយភូមិ ក្រសួងអប់រំ យុវជន និងកីឡា ចាប់ផ្តើមបង្ហាញនូវប្រភពចំណេះដឹងសំខាន់ៗជាច្រើនតាមគ្រប់មធ្យោបាយ ទាំងក្នុងបណ្តាញសង្គម បណ្តាញបច្ចេកវិទ្យាថ្មីៗ និងជាឯកសារបោះពុម្ពផ្សាយជាដើម។
ការធ្វើបែបនេះ ត្រូវបានគេមើលឃើញថា ជាការផ្លាស់ប្តូរពីទម្លាប់នៃការលួចចម្លង និងជួយសិស្សដោយការបន្ធូរបន្ថយ មកជាការជំរុញឱ្យសិស្សខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីទទួលបានជោគជ័យដោយសមត្ថភាពជាក់ស្តែងក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ។
នៅពេលថ្មីៗនេះ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ចេញវីដេអូអប់រំល្អៗជាច្រើនដែលបង្ហាញពីសកម្មភាពបង្រៀនរបស់គ្រូល្បីៗ ដើម្បីជួយសម្រួលដល់សិស្សានុសិស្សក្នុងការត្រៀមខ្លួនប្រឡងបាក់ឌុប។ នៅក្នុងវីដេអូទាំងអស់នោះ បានបង្ហាញពីការសង្ខេបមេរៀន និងឯកសារលម្អិតមួយចំនួន អមជាមួយរូបភាពដែលធ្វើឱ្យសិស្សងាយយល់ និងជាជំនួយស្មារតីផងដែរសម្រាប់អ្នកដែលមិនទាន់ច្បាស់ពីមេរៀន។ ហេតុនេះសិស្សានុសិស្សដែលកំពុងត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិ អាចចូលទៅក្នុងទំព័រ Facebook ផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីមើលពីវីដេអូដែលបង្ហាញពីមុខវិជ្ជាសំខាន់ៗទាំងនោះ៕