យោងតាមការចុះស្ទង់មតិពីយុវវ័យសញ្ជាតិអាមេរិកចំនួន 4,600នាក់ពីក្រុមការងារ Pew Research ចន្លោះខែឧសភា ដល់មិថុនា ឆ្នាំ2018 បានរកឃើញលទ្ធផលជាផ្លូវការមួយ និងបានធ្វើការចុះផ្សាយកាលពីពេលថ្មីៗនេះ។
ប្រភេទវីដេអូចែករំលែកចំណេះដឹងក្រោមពាក្យគន្លឹះ “How-to” បានរកឃើញថា មានអ្នកប្រើប្រាស់ YouTube ដល់ទៅ 87ភាគរយចូលចិត្តវីដេអូបែបនេះ ដោយភាគច្រើនមានអាយុចន្លោះពី 18 ទៅ 29ឆ្នាំធៀបនឹងតួលេខទាបនៃអ្នកប្រើអាយុចន្លោះពី 65 ឬខ្ពស់ជាងនេះ។
ទោះជាមិនមានតួលេខច្បាស់លាស់ពីទំហំវីដេអូ How-to មានចែកចាយលើ YouTube នាពេលបច្ចុប្បន្នក្ដី ប៉ុន្តែត្រឡប់ទៅកាលពីប៉ុន្មានឆ្នាំមុន ក្រុមហ៊ុនក៏ធ្លាប់បញ្ជាក់ប្រាប់ថា មានប្រមាណ 135លានវីដេអូ។
នាយកប្រតិបត្តិ YouTube លោកស្រី Susan Wojcicki ក៏ធ្លាប់មានប្រសាសន៍ដែរថា៖ ”យើងប្ដេជ្ញាដើម្បីលើកទឹកចិត្តដល់អ្នកបង្កើតទាំងអស់ដែលចង់ចែករំលែកចំណេះដឹងទៅកាន់ពិភពលោក និងអ្នកប្រើប្រាស់ដែលចូលមកកាន់វេទិការបស់យើងដើម្បីចង់សិក្សារៀនសូត្រ”។
យ៉ាងណាមិញក្រុមហ៊ុនមានមូលដ្ឋាននៅសហរដ្ឋអាមេរិកមួយនេះ ក៏មានផែនការពង្រឹងបន្ថែមលើមាតិកាចែករំលែកចំណេះដឹង ដោយគ្រោងចំណាយ 20លានដុល្លារលើកិច្ចព្រមព្រៀងជាមួយអ្នកបង្កើតមាតិកាឯករាជ្យ និងផលិតករអាជីព៕