តារាសម្ដែង លោក ចាន់ស៊ី ស៊ីណាវ៉ាត់ត្រា រងការចោទប្រកាន់ដោយមានការលើកឡើងថា តាំងពីបានឡើងកូដ លោកកើតជំងឺតួឯក ទទួលថតសាច់រឿងជាតួសំខាន់នោះផង។ ក៏ប៉ុន្ដែលោកបានឆ្លើយបញ្ជាក់ថា លោកមិនដែលកើតជំងឺតួឯក ដោយប្រកាន់ជំហរសម្ដែងតែតួឯក ឬ ទាល់តែតួសំខាន់ ទើបទទួលសម្ដែងនោះទេ ពោលគឺលោកសម្ដែងទាំងអស់ សំខាន់ឱ្យតែលោកមានពេល ហើយឈុតដែលទាក់ទងមកនោះ សមស្រប។
យ៉ាងណាមិញ លោកសារភាពថា សាច់រឿងដែលលោកទទួលសម្ដែង ក៏ត្រូវតែលោកពេញចិត្តផងដែរ ដោយសារតែលោករស់នៅ និងបម្រើការនៅខេត្តបាត់ដំបង បើជ្រុលជាត្រូវទៅសម្ដែង ក៏ត្រូវតែចំសាច់រឿងដែលជួយលើកមុខលើកមាត់ជាថ្នូរនឹងការទទួលសម្ដែង។ លោកនិយាយថា”ខ្ញុំមិនដែលប្រកាន់ខ្លួនថា ទាល់តែតួឯកបានលេងទេ ប៉ុន្តែបើសាច់រឿងខ្លះ គាត់ឱ្យយើងដើរតួតិចប្លង់ពេក ក៏ពិបាកទទួលថតដែរ ព្រោះខ្ញុំជាអ្នកឆ្ងាយ ត្រូវចំណាយច្រើន បើមកមួយជើង ដើម្បីតែចេញមុខមួយប្លង់ ក៏មិនអាចសម្ដែងដែរ”។
លោក ចាន់ស៊ី ស៊ីណាវ៉ាត់ត្រា បន្តថា មួយរយៈចុងក្រោយ ពិតជាបានបដិសេធមិនសម្ដែងបទចម្រៀងមិនតិចបទទេ ដោយសារតែការទំនាក់ទំនងខ្លះទាក់ទងមកចំពេលលោកមិនអាចដកឃ្លាពីការងារនៅធនាគារ ហើយសាច់រឿងដែលទាក់ទងមកខ្លះ ក៏ច្រើនតែជាសាច់រឿង មិនសូវស៊ីនឹងការចង់សម្ដែង។ លោកសម្ដែងអារម្មណ៍សោកស្ដាយ ដែលអត់បានទទួលសម្ដែងភាពយន្តដែលខាងផលិតករទាក់ទងមកទាល់តែសោះ ចាប់តាំងពីភ្ជាប់ពាក្យហើយ ដោយសារតែការសម្ដែងភាពយន្តត្រូវចំណាយពេលច្រើនថ្ងៃ មិនអាចឱ្យលោកសុំច្បាប់ការងារ។ លោកថា វាមិនទាក់ទងនឹងមិនបានសម្ដែងតួឯក ដូចការលើកឡើងនោះទេ។ លោកព្រលយថាការងារសិល្បៈ ទទួលតែថតបទចម្រៀងប៉ុណ្ណោះ ហើយបើបទចម្រៀងនោះ ផ្ដល់ឱកាសអោយលោកសម្ដែងជាតួឯក ឬជាតួសំខាន់ផង គឺទោះជាអោយសុំច្បាប់ការងារក៍លោកមិនស្ដាយ៕