កម្ពុជាបាន និងកំពុងខិតខំបំពេញនូវតួនាទីប្រកបដោយភាពទទួលខុសត្រូវខ្ពស់ តាមរយៈការដាក់ចេញ និងការរៀបចំកម្មវិធីកែទម្រង់ប្រព័ន្ធសេដ្ឋកិច្ច ច្បាប់ បទប្បញ្ញត្តិផ្សេងៗ និងវិធាននានា ដើម្បីឱ្យមានអនុលោមភាព និងសង្គតិភាពទាំងស្រុងជាមួយបទប្បញ្ញត្តិអន្តរជាតិ ជាពិសេសឱ្យស្របតាមការសន្យារបស់កម្ពុជា ក្រោមក្របខ័ណ្ឌ នៃអង្គការពាណិជ្ជកម្មពិភពលោក។ នេះបើតាមការ ថ្លែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចប្រជុំស្តីពី“ត្រួតពិនិត្យឡើងវិញជាសកលលើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ2019” នៅឯអង្គការពាណិជ្ជកម្មពិភពលោក។
ក្នុងសុន្ទរកថា ដែលផ្សាយបន្តផ្ទាល់ពីទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ក្នុងកិច្ចប្រជុំលើកទី7 សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា៖“កម្ពុជាក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចតូច ជឿលើអត្ថប្រយោជន៍នៃសកលភាវូបនីយកម្ម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ឈរលើវិធានគតិយុត្ត។ គឺទស្សនវិជ្ជានេះហើយដែលបានជំរុញយើងឱ្យប្រឹងប្រែងធ្វើការ ដើម្បីក្លាយជាសមាជិកពេញសិទ្ធិរបស់អង្គការពាណិជ្ជកម្ម ពិភពលោកនៅឆ្នាំ2004 មុនគេនៅក្នុងចំណោមប្រទេសមានការអភិវឌ្ឍន៍តិចតួចចំនួន2”។
ទោះបីជាកម្ពុជាកាលពីពេលនោះ នៅមិនទាន់មានការអភិវឌ្ឍមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចបាន រឹងមាំក៏ដោយ ក៏ប៉ុន្តែលើមូលដ្ឋាននៃការអនុវត្តគោលនយោបាយសេដ្ឋកិច្ចទីផ្សារបើកចំហរបស់ខ្លួន កម្ពុជាបានសន្យាចងពន្ធគយលើគ្រប់មុខទំនិញ និងបើកច្រកទីផ្សារពាណិជ្ជកម្មផ្នែកសេវា ប្រមាណជាង 94វិស័យ និងអនុវិស័យនៅក្នុងឆ្នាំ2004 ដែលជាចំនួនមួយច្រើនលើសលប់ បើធៀបទៅនឹងប្រទេសមានការអភិវឌ្ឍន៍ខ្ពស់ ដែលចូលជាសមាជិក WTO មុនកម្ពុជា។
សម្ដេចបានគូសបញ្ជាក់ថា ជាមួយនឹងការខិតខំបំពេញកាតព្វកិច្ចជាសមាជិករបស់អង្គការ ពាណិជ្ជកម្មពិភពលោកនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានអនុវត្តយ៉ាងខាប់ខ្លួននូវគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ខិតខំគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកបដោយភាពប្រុងប្រយ័ត្ន តាមរយៈការដាក់ចេញ និងអនុវត្តនូវយុទ្ធសាស្ត្រទូលំទូលាយ មានជាអាទិ៍ យុទ្ធសាស្ត្រចតុកោណ ដែលជារបៀបវារៈគោលនយោបាយរួមសម្រាប់ការអភិវឌ្ឍ សង្គម សេដ្ឋកិច្ច ផែនការ យុទ្ធសាស្ត្រអភិវឌ្ឍជាតិ និងយុទ្ធសាស្ត្រតាមវិស័យសំខាន់ៗ ដទៃទៀត។
ជាលទ្ធផលពីកិច្ចខំប្រឹងប្រែងខាងលើ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចជាមធ្យមប្រចាំឆ្នាំក្នុងរង្វង់ 7.7% ប្រកបដោយបរិយាប័ន្ន និងសមធម៌ ក្នុងរយៈពេល 2ទសវត្សរ៍ចុងក្រោយនេះ។ កម្ពុជាថែមទាំងសម្រេចបាននូវបង្គោលចរជាប្រវត្តិសាស្ត្រ គឺការឆ្លងពីឋានៈប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបជាផ្លូវការក្នុងឆ្នាំ2015។
សម្រាប់ឆ្នាំ2018 កន្លងទៅនេះ អត្រាកំណើនសេដ្ឋកិច្ចកម្ពុជាសម្រេចបាន7.5% និងត្រូវបាន ព្យាករថា នឹងអាចបន្តរក្សាបានក្នុងរង្វង់7% ក្នុង 1ឆ្នាំ សម្រាប់រយៈពេលមធ្យមទៅមុខ។ អត្រានៃ ភាពក្រីក្របានធ្លាក់ចុះពី 53.2% ក្នុងឆ្នាំ2004 មកនៅក្រោម10% ក្នុងឆ្នាំ2018។
ជាមួយគ្នានេះដែរ កម្ពុជាបានធ្វើពិពិធកម្មទាំងផលិតផល និងទីផ្សារ ដែលក្នុងនោះ ការនាំ ចេញរបស់កម្ពុជាបានកើនពី 5,7ប៊ីលានដុល្លារ (ស្មើនឹង40.5% នៃផសស) នៅឆ្នាំ2012 មកដល់ 13ប៊ីលានដុល្លារ(ស្មើនឹង 53.2% នៃផសស)នៅឆ្នាំ2018 និងបានធ្វើពិពិធកម្មបន្តិចម្តងៗ ពីការនាំ ចេញសម្លៀកបំពាក់ ទៅកាន់ផលិតផលផ្សេងទៀត។ ដោយគោលដៅនាំចេញត្រូវបានធ្វើពិពិធកម្ម ពីការផ្តោតលើទីផ្សារសហរដ្ឋអាមេរិក ទៅផ្តោតលើទៅផ្សារអឺរ៉ុប ជប៉ុន តំបន់អាស៊ាន និងប្រទេស ដទៃទៀត។
ក្រៅពីនេះ ក្នុងក្របខ័ណ្ឌអាស៊ាន និងតំបន់ កម្ពុជាបានដើរតួនាទីយ៉ាងសកម្មក្នុងការអនុវត្ត កាតព្វកិច្ច និងកិច្ចព្រមព្រៀងនានារបស់អាស៊ាន ដើម្បីសម្រេចបាននូវសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ2015 និងចក្ខុវិស័យសហគមន៍សេដ្ឋកិច្ចអាស៊ានដែលនឹងប្រែក្លាយអាស៊ានទៅជាទីផ្សារ និងមូលដ្ឋានផលិតកម្មរួម។ ជាតំបន់ដែលមានការប្រកួតប្រជែងខ្ពស់ មានការអភិវឌ្ឍដោយសមធម៌ ហើយ ធ្វើសមាហរណកម្មជាមួយសេដ្ឋកិច្ចពិភពលោក។
បច្ចុប្បន្នកម្ពុជាកំពុងសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសអាស៊ីចំនួន15ទៀត ដើម្បីចរចា បញ្ចប់ក្នុងឆ្នាំ2019 នេះនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំមួយ ហៅកាត់ថា RCEP ដែលមាន ផ.ស.ស ជាង30% នៃផ.ស.សពិភពលោក គិតជាទឹកប្រាក់ គឺប្រមាណ 85ទ្រីលានដុល្លារអាមេរិក សម្រាប់ឆ្នាំ2018។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់ (Regional FTA) ដែលកំពុងស្ថិតក្នុងដំណាក់កាលនៃការចរចា ដែលមានប្រទេសចូលរួមចរចាចំនួន16 រួមមាន៖ ប្រទេសជាសមាជិកអាស៊ានទាំង10 និងប្រទេសដៃគូពាណិជ្ជកម្មសេរីអាស៊ានចំនួន6 រួមមាន៖ អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និងណូវែលសេឡង់។
RCEP ជាគំនិតផ្តួចផ្តើមរបស់អាស៊ាន ដែលផ្អែកលើកុងសង់ស៊ីសសម្រាប់ការធ្វើសេចក្តី សម្រេចចិត្ត ដែលបានប្រកាសឱ្យចាប់ផ្តើមចរចាក្នុងឆ្នាំ2012 នៅព្រះរាជាណាចក្រកម្ពុជា។ RCEP មានទំហំGDP ជិត30% នៃ GDP ពិភពលោកមានប្រជាជនស្ទើរតែពាក់កណ្តាលនៃចំនួនប្រជាជន ពិភពលោកសរុប មាន31.6% នៃផលិតកម្មពិភពលោក 28.5% នៃពាណិជ្ជកម្មពិភពលោក និងមួយ ភាគប្រាំ (1/5) នៃលំហូរវិនិយោគផ្ទាល់ពីបរទេសរបស់ពិភពលោក។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ប្រាប់ឡារ៉ែន ពាណិជ្ជថា៖“ក្នុងបញ្ហាពាណិជ្ជកម្មក្រៅប្រទេស នៅកម្ពុជា ភាពប្រឈមដែលយើងមានបច្ចុប្បន្ន ដូចជាគ្មានអ្វីទេ ក្នុងការធ្វើពាណិជ្ជកម្មជាមួយបរទេស គឺយើងប្រឈមតែរឿងអង្ករតែមួយមុខ ដែលខាងEU គាត់យកពន្ធពីការនាំចេញអង្កររបស់កម្ពុជាយើង(ពន្ធលើការនាំចេញអង្ករ)”។
លោកឧកញ៉ា ក៏បានបញ្ជាក់ថា៖“នៅក្នុងកិច្ចប្រជុំនៅអង្គការ WTO សម្តេចហ៊ុនសែនក៏បានអំពាវនាវឱ្យគិតគូរឱ្យបានច្បាស់លាស់មុននឹងយកពន្ធ ឬក៏លុប EBA នេះ”។ តែមកទល់នឹងពេលនេះ EBA មិនទាន់មានបញ្ហានៅឡើយ ពោលមិនទាន់មានបញ្ហាប្រឈមអ្វីនៅឡើយទេ គឺមានតែរឿងអង្ករទៅអឺរ៉ុប តែបើទៅប្រទេសចិន និងប្រទេសផ្សេងទៀតមិនមានបញ្ហាឡើយ”។ នេះបើតាមលោកឧកញ៉ាលឹម ហេងបានបញ្ជាក់បន្ថែម។
លោកឧកញ៉ាក៏បានបញ្ជាក់បន្ថែមទៀតដែរថា៖“សម្រាប់ខាងវាយនភណ្ឌ ក៏ឃើញថាមិនមានអ្វីប្រឈមដែរ គឺយើងឃើញមានការចុះបញ្ជីបន្ថែមចំពោះរោងចក្រកាបូប ស្បែកជើង។ ប៉ុន្តែអ្វីដែលយើងបារម្ភនោះ គឺប្រទេសវៀតណាមជាអ្នកជិតខាងយើង គាត់ទទួលបានការអនុគ្រោះផ្នែកពាណិជ្ជកម្ម (Free Trade) ជាមួយសហគមន៍អឺរ៉ុប ថ្វីដ្បិតតែភាពប្រឈមមិនទាន់មានតែយើងមានការបារម្ភ”។
ឧកញ៉ា លឹម ហេង បានបញ្ជាក់បន្ថែមទៀតថា៖“សម្រាប់កម្ពុជាយើង រាជរដ្ឋាភិបាលបានត្រៀមខ្លួនសម្រាប់ទទួលយកភាពប្រឈមរួចហើយ ដូចជាកំណែទម្រង់សេដ្ឋកិច្ចផ្ទៃក្នុង ដូចជាការដកកាំកុងត្រូល ឱ្យមានតែ 1ស្ថាប័ន ការកាត់បន្ថយថ្លៃលើកដាក់កុងតឺន័រ ជាដើម។ ខ្ញុំក៏ឃើញមានច្បាប់ថ្មី ដូចជាយន្តការដៃគូ រវាងឯកជន និងរដ្ឋខាងផ្នែកវិនិយោគ រួមទាំងការលើកទឹកចិត្តដល់សហគ្រាសធុនតូច និងមធ្យម ដែលជាវិស័យមួយជំនួយក្នុងការទ្រទ្រង់សេដ្ឋកិច្ច ដែលចំណុចទាំងនេះ ជាវិធានការល្អ សម្រាប់ការកាត់បន្ថយភាពប្រឈមចំពោះមុខរបស់យើង”៕