បច្ចុប្បន្នផ្សារមូលបត្រកម្ពុជា មានទីផ្សារចំនួន2 សម្រាប់ក្រុមហ៊ុនចុះបញ្ជី ដែលទី1 គឺផ្សារគោលដែលសម្រាប់សហគ្រាសធុនធំ និងទីផ្សារមួយទៀត គឺទីផ្សារកំណើន ដែលសម្រាប់សហគ្រាសធុនតូច និងមធ្យម ហើយទីផ្សារសញ្ញាបណ្ណ និងគម្រោងវិនិយោគរួម ក៏បានក្លាយជាផលិតផលថ្មីរបស់ទីផ្សារមូលបត្រកម្ពុជាផងដែរ។ នេះបើតាមអគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជាថ្លែងនៅក្នុងពិធីទទួលបានអាជ្ញាប័ណ្ណក្រុមហ៊ុនគ្រប់គ្រងមូលនិធិរបស់ក្រុមហ៊ុន ខេមបូឌាន អុីនវេសស្ទ័រ ឃែភីថល ផាតនើរ ម.ក (Cambodian Investors Capital Partners Plc.)។
ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា បានថ្លែងបញ្ជាក់ថា៖“ពិធីទទួលបានអាជ្ញាប័ណ្ណក្រុមហ៊ុនគ្រប់គ្រងមូលនិធិនាថ្ងៃនេះ ជាសក្ខីភាពមួយនៃការត្រៀមខ្លួនរួចរាល់របស់កម្ពុជាក្នុងការបង្កើតទីផ្សារគម្រោងវិនិយោគរួម បន្ទាប់ពីការដាក់ឱ្យដំណើរការទីផ្សារមូលបត្រកម្មសិទ្ធិក្នុងឆ្នាំ2012 ទីផ្សារឧបករណ៍និស្សន្ទក្នុងឆ្នាំ2016 និងទីផ្សារមូលបត្របំណុលនាចុងឆ្នាំ 2018”។
ឆ្លៀតក្នុងឱកាសនៃការប្រគល់អាជ្ញាប័ណ្ណនេះ ឯកឧត្តមអគ្គនាយកក៏បានបង្ហាញពីកំណើនយ៉ាងឆាប់រហ័សរបស់ទីផ្សារមូលបត្រនាពេលបច្ចុប្បន្ន និងចក្ខុវិស័យដ៏ច្បាស់លាស់ក្នុងការអភិវឌ្ឍទីផ្សារនេះនាពេលអនាគតជូនដល់វិនិយោគិនដែលមានវត្តមាននៅក្នុងកម្មវិធីនេះ។
ឯកឧត្តម ស៊ូ សុជាតិ បានថ្លែងឱ្យដឹងថា៖“ការដាក់ឱ្យដំណើរការនូវគេហទំព័រ PhsarHun.com និងកម្មវិធីទូរស័ព្ទឈ្មោះ“ផ្សារហ៊ុន” App នាពេលថ្មីៗនេះ ក៏បានជួយឱ្យការទទួលព័ត៌មានពាក់ព័ន្ធនឹងផ្សារមូលបត្រកម្ពុជា កាន់តែមានភាពទូលំទូលាយឡើង ហើយការដាក់ចេញវិធីសាស្ត្រ នៃការជួយដូរ និងការ-ដំឡើងនូវដែនកំណត់ថ្លៃពី 5 ទៅ10% ព្រមទាំងការដាក់ឱ្យដំណើរការនូវកម្មវិធីជួញដូរភាគហ៊ុនតាមទូរស័ព្ទ នឹងកាន់តែផ្តល់នូវមធ្យោបាយងាយស្រួល និងប្រាក់ចំណេញខ្ពស់សម្រាប់ការវិនិយោគផ្សារមូលបត្រកម្ពុជា។
អត្ថិភាពនៃទីផ្សារគម្រោងវិនិយោគរួមនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការកៀរគរមូលធន ក៏ដូចជាយន្តការផ្តល់ហិរញ្ញប្បទានថ្មីមួយទៀត ដែលមិនធ្លាប់មានពីមុនមក នៅក្នុងប្រព័ន្ធហិរញ្ញវត្ថុកម្ពុជាដែលនឹងជាបច្ច័យមួយថ្មីក្នុងក្របខ័ណ្ឌសេដ្ឋកិច្ចទីផ្សារសេរីដើម្បីឱ្យការបែងចែកធនធានហិរញ្ញវត្ថុប្រើប្រាស់នៅក្នុងសេដ្ឋកិច្ចកម្ពុជាកាន់តែមានប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ថា “ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ” មានន័យថា ក្រុមហ៊ុនអាចនឹងកៀរគរទុនពីវិនិយោគិនទាំងជាលក្ខណៈបុគ្គល និងស្ថាប័នពីក្នុងស្រុក និងក្រៅស្រុក និងបង្កើតជាទម្រង់យន្តការវិនិយោគ (Investment Platform) មួយដ៏គួរឱ្យទុកចិត្ត ដែលវិនិយោគិនអាចចូលរួមក្នុងសកម្មភាពជាមួយ ដើម្បីទទួលបានប្រយោជន៍ពីការបណ្តាក់ទុនរួមនោះ។
CIC Capital Partners Plc. គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Cambodian Investors Corporation Plc. ដែលជាក្រុមហ៊ុនប្រមូលផ្តុំដោយក្រុមអ្នកវិនិយោគក្នុងស្រុកប្រមាណ300នាក់ ដោយត្រូវបានបង្កើតឡើងកាលពីដើមខែ មេសា ឆ្នាំ2013។
លោក គុយ វ៉ាត ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CIC Capital Partners Plc ក្នុងឱកាសពិធីទទួលអាជ្ញាប័ណ្ណពី SECC បានមានប្រសាសន៍ថា៖“ការផ្តល់អាជ្ញាប័ណ្ណនេះនឹងរួមចំណែកនៅក្នុងការជួយអភិវឌ្ឍវិស័យមូលបត្រកម្ពុជា ក៏ដូចជារួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាផងដែរ”។
លោកបានបន្តថា ក្រុមហ៊ុននឹងចូលរួមចំណែកក្នុងការជួយដោះស្រាយការលំបាករបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ជាពិសេសទាក់ទងទៅនឹងបញ្ហាប្រឈមក្នុងការទទួលបានហិរញ្ញប្បទានពីគ្រឹះស្ថានហិរញ្ញវត្ថុ។ ក្រុមហ៊ុននឹងបង្កើតនូវយន្តការមួយដែលមានគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផលសម្រាប់អ្នកវិនិយោគ ហើយលោកសង្ឃឹមថា នឹងមានវិនិយោគិនជាច្រើនចូលរួមជាមួយ CIC Capital Partners Plc.។
ឯកឧត្តម ស៊ូ សុជាតិ បានឱ្យដឹងបន្តថា នាពេលឆាប់ៗខាងមុខនេះ ទីផ្សារសញ្ញាបណ្ណសាជីវកម្ម និងគម្រោងវិនិយោគរួមនឹងត្រូវបានដាក់ឱ្យដំណើរការនៅក្នុងទីផ្សារមូលបត្រកម្ពុជា ដែលការណ៍នេះនឹងកាន់តែបង្កើតននូវជម្រើសវិនិយោគ និងផ្តល់នូវភាពងាយស្រួលក្នុងការធ្វើពពិធកម្មនៃការវិនិយោគ ដែលអាចកាត់បន្ថយនូវហានិភ័យនៃការវិនិយោគរបស់វិនិយោគិនទាំងអស់៕