លោក Liang Hua ប្រធានក្រុមហ៊ុន Huawei បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងស៊ិនជិនថា៖ ”យើងមិនទាន់បានសម្រេចចិត្តនៅឡើយទេថា HongMeng អាចអភិវឌ្ឍចេញជាប្រព័ន្ធប្រតិបត្តិការសម្រាប់ស្មាតហ្វូននាពេលអនាគត ឬយ៉ាងណានោះ”។
លោកបន្ថែមទៀតថា វាអាចមានការប្រែប្រួលប្រសិនបើសហរដ្ឋអាមេរិកដាក់ Huawei ចូលបញ្ជីខ្មៅម្ដងទៀត ហើយ Android ជ្រុះចេញពីដៃរបស់ Huawei។
លោក Liang ក៏បានរំឭកសម្ដីរបស់ស្ថាបនិក Huawei លោក Ren Zhengfei ដែលបានប្រាប់ដល់សារព័ត៌មានបារាំង Le Point កាលពីពេលថ្មីៗថា ”HongMeng មិនមែនឌីហ្សាញមកសម្រាប់ស្មាតហ្វូនដូចគ្រប់គ្នាគិតនោះទេ។ យើងមិនមែនបង្កើត OS នេះសម្រាប់ជំនួស Google ហើយប្រសិនបើ Google ដក OS របស់ខ្លួនចេញពី Huawei យើងនឹងត្រូវចាប់ផ្ដើមបង្កើតប្រព័ន្ធអេកូ ព្រោះយើងមិនទាន់មានផែនការច្បាស់លាស់នៅឡើយទេ”។
ប្រព័ន្ធប្រតិបត្តិការ OS ជំនាន់ក្រោយនេះ នឹងបង្ហាញមុខមាត់ពិតនៅចំពោះមុខអ្នកចូលរួមដែលជា Developer ជុំវិញសកលលោកច្រើនជាង 5,000នាក់ រួមបញ្ចូលទាំងដៃគូសហការប្រមាណ 1,500ស្ថាប័ន (Huawei Global Developer Conference) ដែលរាប់បញ្ចូលជាព្រឹត្តិការណ៍ធំបំផុតក្នុងវិស័យឧស្សាហកម្មស្មាតហ្វូនរបស់ប្រទេសចិន។
បើមិនអាចឱ្យប្រព័ន្ធដំណើរការលើស្មាតហ្វូនទេនោះ HongMeng OS នឹងអាចគាំទ្រទាំងនៅលើថេប្ល៊ិត កុំព្យូទ័រ ទូរទស្សន៍ឆ្លាតវៃ រថយន្ត និងឧបករណ៍បច្ចេកវិទ្យាជាច្រើនទៀតផងដែរ។
ជាការបញ្ជាក់ពីលោក Liang Hua ប្រធានក្រុមហ៊ុន Huawei៕