ការប្រកាសពន្យារពេល ត្រូវបានធ្វើឡើងដោយអង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) ក្នុងរយៈពេល 1ម៉ោង មុនពេលធ្វើការបាញ់បង្ហោះ។ កាលបរិច្ឆេទថ្មីនៃការបាញ់បង្ហោះយានអវកាសនេះ នឹងត្រូវប្រកាសនៅពេលក្រោយ ប៉ុន្តែអង្គការអវកាសមួយនេះ មិនអាចបញ្ជាក់ពីពេលវេលាច្បាស់លាស់ទេ។
នៅថ្ងៃទី15 ខែកក្កដា ឆ្នាំ2019 នេះ ឥណ្ឌាបានប្រកាសពន្យារពេលបាញ់បង្ហោះយានអវកាស Chandrayaan-2 ទៅកាន់ពិភពព្រះចន្ទ ដោយសារតែបញ្ហាបច្ចេកទេសក្នុងប្រព័ន្ធសម្រាប់បាញ់បង្ហោះ (Launch Vehicle System)។
ឥណ្ឌាមានបំណងចុះចតលើផ្ទៃពិភពព្រះចន្ទនៅតំបន់ប៉ូលខាងត្បូង ដើម្បីបង្កើតនូវយុគសម័យថ្មីនៃការរុករក បង្កើនការយល់ដឹងបន្ថែមរបស់មនុស្សជាតិលើពិភពដួងព្រះចន្ទ ក៏ដូចជាអវកាស ជំរុញភាពជឿនលឿននៃបច្ចេកវិទ្យា លើកកម្ពស់សម្ព័ន្ធមិត្តសកល និងលើកទឹកចិត្តដល់អ្នករុករក និងអ្នកវិទ្យាសាស្រ្តជំនាន់ក្រោយ។
តំបន់ប៉ូលខាងត្បូងនៃពិភពព្រះចន្ទ គឺមានចំណុចគួរឱ្យចាប់អារម្មណ៍ជាងប៉ូលខាងជើង ពោលគឺមានទំហំធំជាង និងអាចមានវត្តមានទឹក និងផ្ទុកកំណត់ត្រាហ្វូស៊ីលដែលបង្ហាញពីការកកើតឡើងនៃប្រព័ន្ធព្រះអាទិត្យផងដែរ។ ប្រសិនបើជោគជ័យ នោះឥណ្ឌានឹងក្លាយជាប្រទេសទី4 ដែលបានទៅជាន់ដីពិភពនេះ បន្ទាប់ពីអាមេរិក រុស្ស៊ី(អតីតសហភាពសូវៀត) និងចិន។
កាលពីមុន អ៊ីស្រាអែល ក៏បានប៉ុនប៉ងបញ្ជូនយានអវកាស និងចុះចតនៅលើពិភពព្រះចន្ទដែរ ប៉ុន្តែត្រូវបរាជ័យ ដោយបានធ្លាក់ក្នុងអំឡុងពេលព្យាយាមចុះចត ដោយសារបញ្ហាបច្ចេកទេសគ្រឿងម៉ាស៊ីន កាលពីខែមេសា ឆ្នាំ2019 កន្លងទៅ៕