គម្រោង “តោះថតឯកសារកម្ពុជា” គឺជាគម្រោងមួយដែលបង្កើតឡើងដោយក្រុមភាពយន្តផ្កាឈូករ័ត្ន ក្នុងគោលបំណងក្នុងការបណ្តុះបណ្តាល ប្រជាជនកម្ពុជាឱ្យមានជំនាញគ្រប់គ្រាន់ក្នុងការថតទុកអ្វីដែលទាក់ទងទៅនឹង “សេរីភាពក្នុងការបញ្ចេញមតិ” និង “សេរីភាពទទួលបានព័ត៌មាន”។
ដោយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ក្រុមការងាររបស់ “តោះថតឯកសារកម្ពុជា” បានបើកវគ្គបណ្តុះបណ្តាលអ្នកចូលរួមចំនួន៣០នាក់ ដោយបែកចែកជា៥ក្រុម ហើយក្រុមនីមួយៗមានសមាជិក៥នាក់។ ក្រុមទាំង៦នេះ តម្រូវឲចូលរួមសិក្សាវគ្គបណ្តុះបណ្តាលទាក់ទងទៅនឹង ដំណើរការនៃការថតភាពយន្តឯកសារ។ បន្ថែមពីនេះទៅទៀត ក្រុមនីមួយៗតម្រូវឲផលិតខ្សែភាពយន្តខ្លីដែលប្រធានបទរបស់វាគឺ ទាក់ទងទៅនឹង“សេរីភាពក្នុងការបញ្ចេញមតិ” និង “សេរីភាពទទួលបានព័ត៌មាន” ដោយ មួយរឿងក្នុង១ក្រុម។ ពិសេសជាងនេះទៅទៀត រឿងទាំង៦របស់ពួកគាត់ក៏នឹងត្រូវចាក់បញ្ចាំងក្នុង កម្មវីធីមហោស្រពភាពយន្តខ្លីចតុមុខដែលនឹងប្រព្រឹត្តទៅ នៅក្នុងខែកញ្ញាខាងមុខនេះ។
វគ្គបណ្តុះបណ្តាលនេះមានរយៈពេលចំនួន១០ថ្ងៃ ចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២០ ខែមិថុនា កន្លងទៅនេះ។ម្យ៉ាងទៀត រយៈពេល១០ថ្ងៃនេះមានការបែកចែកចំនួនជាបីដំណាក់កាលនៃការបណ្តុះបណ្តាល។ ដោយ៣ថ្ងៃដំបូង មានការបណ្តុះបណ្តាលពីអ្នកជំនាញថតខ្សែភាពយន្ត អំពី ការសរសេរស្រ្គីប ឬគំរោងតែង វិធីសាស្រ្តក្នុងធ្វើការជាមួយតួសម្តែង និង ការកែសំឡេង។ ៣ថ្ងៃបន្ទាប់ គ្រូបង្វឹករបស់យើងម្នាក់ក្នុង១ក្រុម ជាមួយអ្នកសម្របសម្រួល បាននាំគ្នាទៅថតជាក់ស្តែង ទៅតាមទីតាំងដែលបានកំណត់។លុះដល់ថ្ងៃទី១៧ ពេលព្រឹក ក្រុមការងារបានយកវិឌីអូដែលថតបានទៅកាត់ត និងកែសម្រួលបច្ចេកទេស។ ចំណែកឯពេលរសៀល រហូតដល់ថ្ងៃទី២០ ក្រុមនីមួយៗបានផលិតខ្សែភាពយន្តបានសម្រេចដោយជោគជ័យដូចទៅតាមការគ្រោងទុក។